COVID-19
ជាតិ
យុទ្ធនាការចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ សម្រេចបានជិត៤៥ភាគហើយ
04, Jul 2021 , 11:24 am        
រូបភាព
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣កក្កដា​ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន ៤, ៤៦៩, ៦៦១នាក់ ស្មើនឹង ៤៤,៧០ភាគរយ នៃផែនការសរុប ១០លាននាក់របស់រដ្ឋភិបាល។ បើតាមរបាយការណ៍ពីក្រសួងសុខាភិបាល ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងសរុប មានអ្នកចាក់ដូសទី ២​ រួចរាល់ចំនួន ៣,២២១,១៥៣នាក់។

 
យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល ប្រជាពលចំនួន ១,៥៣០,៥០១នាក់ ចាក់វ៉ាក់សាំង ស៊ីណូហ្វាម។ រីឯប្រជាពលរដ្ឋចំនួន ១៦៥,៦០៨ នាក់ចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Covishield របស់ក្រុមហ៊ុន Astra Zineca។ ជាមួយគ្នានេះដែរ មានប្រជាពលរដ្ឋចំនួន ២,៧៧៣,៥៥២ នាក់ចាក់វ៉ាក់សាំង របស់ក្រុមហ៊ុនស៊ីណូវ៉ាក់។ 
 
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានចាប់ផ្ដើមពីថ្ងៃទី១០ ខែកុម្ភៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បច្ចុប្បន្ន យុទ្ធនាការនេះ កំពុងអនុវត្តក្នុងរាជ-ធានីខេត្ត ដូចជា រាជធានីភ្នំពេញ, ខេត្តកណ្តាល, ព្រះសីហនុ , កោះកុង, តាកែវ, កំពង់ស្ពឺ, ស្វាយរៀង, កំពង់ចាម, ត្បូងឃ្មុំ, កំពង់ឆ្នាំង, ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។
 
បើតាមការប្រកាសរបស់ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១ កក្កដា បានឱ្យដឹងថា នៅសប្តាហ៍ក្រោយនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ចំនួន ៥លានដូសបន្ថែមទៀត។ តាមនាយករដ្ឋមន្ត្រី វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១លានដុល្លារ របស់ក្រុមហ៊ុនស៊ីណូហ្វាម នឹងមកដល់នៅថ្ងៃទី៦កក្កដា ខណៈវ៉ាក់សាំង៤លានដូសទៀត នឹងមកដល់នៅថ្ងៃទី១០កក្កដា ក្នុងនោះមាន៣លានដូស ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់ និង១លានដូស ជាវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូហ្វាម។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនពលរដ្ឋ ចំនួន ១១,០២៤,០០០ដូស ក្នុងនោះវ៉ាក់សាំងកូវីដ-១៩របស់ស៊ីណូវ៉ាក់ ៧,៥លានដូស, ស៊ីណូហ្វាម៣,២លានដូស និងវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Covishield របស់ក្រុមហ៊ុន Astra Zineca ចំនួន៣២៤,០០០ដូស៕

Tag:
 វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com