COVID-19
ជាតិ
ត្រឹម​៣ថ្ងៃ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២៩០០ករណី និងស្លាប់៩២នាក់
04, Jul 2021 , 2:39 pm        
រូបភាព
រូបថត៖ រដ្ឋបាលខេត្តសៀមរាប
រូបថត៖ រដ្ឋបាលខេត្តសៀមរាប
មនុស្សចំនួន ២៩០៧នាក់ មានតេស្តវិជ្ជមានកូវីដ-១៩ នៅក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ នៃដើមខែកក្កដានេះ ខណៈអ្នកស្លាប់មានដល់ទៅ ៩២នាក់។ ក្រៅពីអ្នកឆ្លងថ្មី និងអ្នកស្លាប់កាន់តែច្រើន ករណីនាំចូលពីប្រទេសថៃក៏មានច្រើនដែរ គឺសរុប ៤៥០នាក់ ក្នុងរយៈ៣ថ្ងៃកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលកម្ពុជា។

 
ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា មានសន្ទុះកាន់តែខ្លាំងក្លា និងកាចសាហាវឡើង បើទោះជាកំណើននៃការចាក់វ៉ាក់សាំងបង្ការ សម្រេចបានជាងជិត ៤៥ភាគរយ ហើយក៏ដោយ​។ បើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ ក្រសួងសុខាភិបាល ករណីវិជ្ជមានថ្មីជាង ៩០០ករណីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ហើយអ្នកស្លាប់ប្រចាំថ្ងៃក៏កាន់តែច្រើន ភាគច្រើនជាមនុស្សវ័យចំណាស់។
 
នៅថ្ងៃទី ១កក្កដា អ្នកឆ្លងថ្មីមានចំនួន ៩៦៦នាក់ ខណៈអ្នកស្លាប់មាន៣២នាក់។ ចូលដល់ថ្ងៃទី២ កក្កដា អត្រាឆ្លងនៅតែខ្ពស់ គឺ៩៤៨នាក់ ខណៈអ្នកស្លាប់មានដល់ទៅ៣៦នាក់ ដែលជាចំនួនខ្ពស់បំផុតសម្រាប់កម្ពុជា។ ចំពោះថ្ងៃទី៣ កក្កដា ចំនួនអ្នកឆ្លងហក់ឡើងជិត១ពាន់ករណី​ ខណៈអ្នកស្លាប់ មាន២៤នាក់។ 
 
ក្រៅពីមានអ្នកស្លាប់កាន់តែច្រើន ហើយអ្នកឆ្លងថ្មីក៏មានច្រើនសន្ធឹកសន្ធាប់ហើយនោះ ករណី​នាំចូលពីប្រទេសថៃ ក៏មិនបានថមថយចុះដែរ គឺមានចំនួន ៤៥០ករណី ក្នុងរយៈ៣ថ្ងៃកន្លងមកនេះ។ ករណីវិជ្ជមានកូវីដ-១៩ លើពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃកាន់តែច្រើននេះ បានបន្ថែមក្តីកង្វល់មួយកម្រិតទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមេរោគបំប្លែងថ្មី។ 
 
ជាក់ស្តែង ក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី២ ខែកក្កដា បានប្រកាសពីការរកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី  B.1.617.2 ចំនួន២៣ករណីទៀត លើអ្នកដំណើរចូលមកកម្ពុជា ដោយភាគច្រើនតាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្នុងចំណោម២៣ករណី មាន១២ករណី រកឃើញនៅថ្ងៃទី២៥ ខែមិថុនា និង១១ករណី នៅថ្ងៃទី១ ខែកក្កដា។ អ្នកជំងឺភាគច្រើន មកពីក្រុងបាកកក ហើយក្រៅពីនេះគឺមកតាមច្រកអូរបីជាន់ ចំបក់ និងប៉ាក់ធុមថានី។ 
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្រើនរំលឹកពលរដ្ឋទាំងអស់បង្កើន​ការប្រុងប្រយ័ត្ន ការពារខ្លួន និងកុំភ្លេចខ្លួន ដោយរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធប្រឆាំងជំងឺរាលដាលសាកលនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com