COVID-19
អន្តរជាតិ
តើអ្នកជំងឺកូវីដ-១៩ អាចទទួលការវះកាត់ដោយសុវត្ថិភាព​ឬទេ?
04, Jul 2021 , 4:29 pm        
រូបភាព
ប្រសិនបើអ្នកមានជំងឺដែលត្រូវការការវះកាត់ ប៉ុន្តែក៏បានឆ្លងជំងឺកូវីដ-១៩ នោះអ្នកគួរ​តែពន្យារពេលវះកាត់ទៅ ៧សប្តាហ៍ក្រោយ គិតចាប់ពីថ្ងៃដែលអ្នកបានឆ្លងជំងឺកូវីដ-១៩​ ដើម្បីសុវត្ថិភាព។ នេះបើតាមការសិក្សា​ដែលចេញផ្សាយលើទំព័រសុខភាព Yale Medicine នៅថ្ងៃទី៩ ខែមិថុនា។

 
ជំងឹកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សក្នុងរយៈពេលវែង ហើយវាក៏អាចបង្កហានិភ័យដល់អាយុជីវិត ប្រសិនបើអ្នកជំងឺទទួលការវះកាត់ ក្នុងពេល​មិនត្រឹមត្រូវ។ ការសិក្សាជាច្រើន បានបង្ហាញថា អ្នកជំងឺកូវីដ-១៩ មានហានិភ័យខ្ពស់ក្នុងការបាត់បង់​ជីវិត​ក្រោយការវះកាត់​ ដែលធ្វើក្នុងអំឡុងពេល៦សប្តាហ៍បន្ទាប់ពីឆ្លងជំងឺ។ 
 
ការសិក្សាមួយ បានលើកឡើងថា ក្រុមអ្នកស្រាវជ្រាវមួយចំនួន បានសង្កេត​លើអ្នកជំងឺកូវីដ-១៩ចំនួន ៥៤៧០នាក់ និងអ្នកអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤៧០​នាក់ ដោយអ្នកទាំងនោះ ត្រូវទទួលការវះកាត់​ដូចគ្នា។ ជាលទ្ធផល វាបង្ហាញថាចំនួនអ្នកជំងឺកូវីដ-១៩ ដែលទទួល​ការវះកាត់​ក្នុងអំឡុង​ពេល៦សប្តាហ៍ បានបាត់បង់ជីវិតច្រើនជាងទ្វេដង បើធៀបនឹងអ្នក​គ្មានផ្ទុក​ជំងឺកូវីដ-១៩ ដែលទទួលការវះកាត់ដែរនោះ។ 
 
អាស្រ័យហេតុនេះ មន្ទីរពេទ្យ Yale New Heaven ក៏បានអនុវត្តគោលការណ៍ថ្មី ដោយស្នើ​ឱ្យ​អ្នកជំងឺកូវីដ-១៩ ដែលត្រូវវះកាត់ ពន្យារពេលយ៉ាងហោចណាស់៧សប្តាហ៍រាប់ចាប់ពី​ដឹងថាខ្លួនឆ្លងជំងឺ​នេះ។ លើសពីនេះទៀត បើការវះកាត់មិនមានតម្រូវការបន្ទាន់ទេនោះ អ្នកជំងឺគួរតែត្រូវពន្យារ​ពេលវះកាត់ពី៨ទៅ១០សប្តាហ៍ បន្ទាប់ពីដឹងថាឆ្លងជំងឹកូវីដ-១៩ ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់។ ជាការល្អបំផុតនោះ អ្នកជំងឺគួរតែចាំរហូតដល់​ជា​សះស្បើយពីជំងឺកូវីដ-១៩ មុននឹងវះកាត់បើសិនជាអាចធ្វើបាន។ 
 
ជាការពិត គ្មានការវះកាត់ណាដែលគ្មានហានិភ័យនោះទេ ប៉ុន្តែវាចាំបាច់ត្រូវថ្លឹងថ្លែង​រវាងហានិភ័យធៀបនឹងអត្ថប្រយោជន៍នៃការវះកាត់។ ជាក់ស្តែងដូចជាទំនាក់ទំនង​រវាងជំងឺកូវីដ-១៩ ជាមួយនឹងការវះកាត់នេះដែរ។ បើសិនជាជំងឺមិនត្រូវការការវះកាត់​​បន្ទាន់ទេនោះ គ្រូពេទ្យត្រូវតែពន្យារពេលដើម្បីសុវត្ថិភាពអ្នកជំងឺ។ 
 
ការពន្យារពេលនេះ​ក៏អាស្រ័យទៅលើស្ថានភាពជំងឹដែរ ថាតើអ្នកជំងឺមានសភាពធ្ងន់ធ្ងរ​កម្រិតណា តើវាចាំបាច់វះកាត់បន្ទាន់ឬទេ ហើយការវះកាត់បន្ទាន់នឹងអាចជួយអ្នកជំងឺ​ឱ្យបានលទ្ធផល​ល្អជាងការពន្យារពេលដែរឬយ៉ាងណា។ ដូចនេះ អ្នកចាំបាច់ត្រូវទៅ​ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអ្នកជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com