ជាតិ
ការប្រើប្រាស់ក្អម និងឆ្នាំងដីនៅជនបទ ធ្លាក់ចុះ តែភោជនីយដ្ឋានមួយចំនួនច្នៃសម្រាប់លម្អ និងដាក់សម្ល
04, Jul 2021 , 9:29 pm        
រូបភាព
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ក្អម និងឆ្នាំងដី ធ្លាប់ជាឧបករណ៍សម្រាប់ប្រើប្រាស់ពេញនិយមនៅតាមជនបទ។ ក្អម ភាគច្រើនគេធ្វើពីដី ដែលអាចដាក់ទឹក។ ចំណែកឯ ឆ្នាំងដី គេអាចប្រើប្រាស់សម្រាប់ដាំបាយ និងស្ល។ ប៉ុន្តែការប្រើប្រាស់ ក្អម និងឆ្នាំដី នៅតាមជនបទ ធ្លាក់ចុះជាងមុន ខណៈនៅតាមភោជនីយដ្ឋានមួយចំនួន យកក្អម និងឆ្នាំងដី មកតាំងលម្អ និងដាក់ម្ហូបអាហារ។

 
ក្អម និងឆ្នាំងដី មានរូបរាងខុសគ្នា និងសម្រាប់ប្រើប្រាស់ផ្សេងៗគ្នា។ បច្ចុប្បន្ន យុវជនមួយចំនួន នៅតែមិនអាចបែងចែករវាង ក្អម និង ឆ្នាំងដី។ ពលរដ្ឋភាគច្រើន ទិញក្អមយកទៅដាក់ទឹក និងសម្រាប់យកទៅលេងល្បែងប្រជាប្រិយក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរជាដើម។វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួនណាត បានបញ្ជាក់ថា «ក្អម» មានកស្ដួច និងរាងធំក្អេង ដូចផ្លែឃ្លោកសាយដៀវ។
 
លោក គ្រី អង្គារឧត្ដម ជាអ្នកលក់ក្អមឆ្នាំង ក្នុងខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មានThmeyThmey25 ថា  គេអាចសម្គាល់ ក្អម ត្រង់មាត់របស់វាតូច និងមានកស្ដួច ដែលតូចជាងមាត់ឆ្នាំងដី និងគ្មានគម្របទេ។ អ្នកលក់ក្អមរូបនេះ បន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរមួយចំនួនមិនស្គាល់ក្អមទេ ព្រោះគេមិននិយមប្រើដូចមុន។ ក្អម ស្ទើរតែបាត់ទៅហើយ សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ «​ខ្ញុំលក់ក្អមមិនសូវដាច់ទេ។ តាមការសង្កេត ផ្ទះនៅទីជនបទ ឬទីក្រុង មិនសូវមានអ្នកប្រើក្អមដូចមុនដែរ។ វាអាចមកពីការវិវដ្ដរបស់សង្គម ណាមួយដោយសារក្អមធ្វើពីដីងាយបែក​​ ពិបាកថែ។​ ឥលូវគេមានរបស់ប្រើប្រាស់ច្រើនប្រភេទដែលអាចជំនួសក្អមបាន »។ នេះជាការពន្យល់របស់លោក គ្រី អង្គារឧត្តម។  


 រូបភាពដោយលោក  អង្គារឧត្ដម
 
រីឯ «ឆ្នាំងដី»  ភាគច្រើន​វាមានមាត់ធំ និងមានគម្របសម្រាប់ដាំបាយ ឬស្ល។ ចាស់ៗ និយមនិយាយប្រាប់ក្មេងៗសម័យថ្មីថា បាយ ឬសម្ល ដែលបានចម្អិនក្នុងឆ្នាំងដីមានរសជាតិជាងដាំនៅក្នុងឆ្នាំងដែក ឆ្នាំងស្ពាន់ ឬឆ្នាំងអគ្គីសនី។ 
 
លោក អង្គារឧត្តម រៀបរាប់ពីបទពិសោធដូច្នេះ៖ «តាមខ្ញុំដឹងឆ្នាំងដី ធ្វើចេញពីដីពីរប្រភេទផ្សេងគ្នា។ គេទៅសូនរួចហើយ បន្តយកទៅដុតទើបក្លាយជាឆ្នាំងដី។ បាយនិងម្ហូប ដែលចម្អិនក្នុងឆ្នាំងនេះ មានរស់ជាតិឆ្ងាញ ពេលបរិភោគហើយជាប់ចិត្ត។ ជាពិសេស ខ្ញុំចូលចិត្តចម្អិនស៊ុបក្នុងឆ្នាំងដី ព្រោះរម្ងាស់យូរទៅធ្វើឱ្យស៊ុបរបស់ខ្ញុំមានរសជាតិឆ្ងាញ់ជាងធម្មតា»។ 
 
បច្ចុប្បន្ន គេអាចឃើញប្រជាពលរដ្ឋមួយចំនួនដែលលក់នំបញ្ចុកខ្មែរ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា នៅតែមានប្រើឆ្នាំងដីដដែល។ ថ្មីៗនេះ មានភោជនីយដ្ឋានមួយចំនួននៅទីក្រុងភ្នំពេញចាប់ផ្ដើមយកឆ្នាំងដី ច្នៃដាក់ម្ហូបដើម្បីទាក់ទាញ និងទទួលអតិថិជន។
 
កញ្ញា សុខស្រីអូន ជាម្ចាស់សាខាហាងលក់ម្ហូបអាហារមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ ThmeyThmey25 ថា កញ្ញាជ្រើសរើសឆ្នាំងដី សម្រាប់ដាក់ម្ហូបនៅក្នុងហាងរបស់កញ្ញា ដោយសារឆ្នាំងប្រភេទនេះងាយស្រួលចម្អិន និងអាចបង្កើននូវក្លិននិងរសជាតិប្លែកថ្មី។ ម្យ៉ាងវិញទៀត កញ្ញាគិតថា ការប្រើប្រាស់ឆ្នាំងដី ជាការទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវ។ កញ្ញាចង់បង្ហាញឱ្យអតិជនស្គាល់ឆ្នាំងដីខ្មែរ ​និងអាចជួយបង្កើនការផលិតរបស់ប្រជាពលរដ្ឋដែលប្រកបរបរនេះ។ 


 រូបភាពដោយលោក  អង្គារឧត្ដម
 
«ហាងខ្ញុំយកឆ្នាំងដីដាក់ម្ហូប អត់យកក្អមទេ។ ភ្ញៀវភាគច្រើនចូលចិត្តមកសាកភ្លកមុខម្ហូបដែលចម្អិនដោយឆ្នាំងនេះ។ ក្លិននិងរសជាតិប្លែក ខ្ញុំនិយាយមិនចេញទេ។ ទាល់តែសាក គ្រាន់តែដឹងថាពេលហូបទៅរស់ជាតិខុសពីម្ហូបចម្អិនដោយឆ្នាំងធម្មតា»។ នេះជាការពន្យល់របស់កញ្ញ សុខ ស្រីអូន តាមទូរសព្ទ។
 
 
គ្រួសារមួយចំនួន នៅជនបទ បន្តប្រើក្អមសម្រាប់ដាក់ទឹកដដែល​។ គេ អាចធ្វើឱ្យទឹកត្រជាក់បែបធម្មជាតិនិងមានរស់ជាតិប្លែក។ ប្រជាពលរដ្ឋ​ខ្មែរភាគច្រើន យកក្អមទៅដាក់ទឹកសម្លនំបញ្ចុក។   ចំណែក ឆ្នាំងដី ពលរដ្ឋស្គាល់ច្រើន​ ត្បិតថាវាត្រូវបានភោជនីដ្ឋាន ឬហាងមួយចំនួន ច្នៃសម្រាប់តាំងលម្អ និងដាក់ម្ហូបជាដើម៕  
 

រូបភាព Ella House


Tag:
 ក្អម
  ឆ្នាំង
  អត្តសញ្ញាណដំណាងខេត្ត​កំ​​​​ពងឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com