ជាតិ
អ្នកអភិរក្ស បារម្ភថាការរុករានព្រៃ នឹងបង្អើល និងរំខានដល់ការក្រាបពងសត្វត្រយងយក្ស
04, Jul 2021 , 9:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖នៅថ្ងៃទី១៤ ខែឧសភា ក្រុមស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានប្រទះឃើញសម្បុកសត្វត្រយងយក្សថ្មីមួយសម្បុកនៅភាគខាងជើងនៃដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី។ ការរកឃើញនេះ បានក្លាយជាក្តីបារម្ភសម្រាប់ការអភិរក្សនិងការពារសត្វកម្រប្រភេទនេះ។



លោក សូត វ៉ាន់ឌឿនជាអ្នកសម្រប់សម្រួល និងស្រាវជ្រាវសត្វព្រៃ នៃអង្គការ WCS បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ក្រុមការងាររបស់លោក បានប្រទះឃើញសម្បុកសត្វត្រយងយក្សថ្មីមួយសម្បុកដោយចៃដន្យ នៅភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីខណៈក្រុមការងារ កំពុងធ្វើដំណើរក្នុងព្រៃយកម៉ាស៊ីនថតសត្វស្វ័យប្រវត្តិ ទៅដំឡើងក្នុងតំបន់ខាងលើ។
«សត្វនេះមានមិនច្រើនទេក្នុងមួយឆ្នាំៗ ក្រុមការងារអាចរកឃើញសម្បុកពងកូនរបស់វាចន្លោះពី១ ទៅ៣សម្បុកប៉ុណ្ណោះ។
 
មួយសម្បុក មានកូនតែពីរ។ ជាក់ស្ដែង ចាប់ពីឆ្នាំ២០១៧ដល់២០២០យើងប្រទះឃើញមានសម្បុកថ្មីចំនួន៧សម្បុក ក្នុងនោះញាស់ជោគជ័យបានត្រឹមតែ ៤សម្បុក។ រីឯបីសម្បុកត្រូវបរាជ័យ ដោយមានអ្វីរំខានវា នៅពេលកំពុងក្រាបពង ហើយក៏ផ្អើលហើរចោលសម្បុក»។ នេះជាការពន្យល់របស់លោក វ៉ាន់ឌឿន។
 
លោក វ៉ាន់ឌឿន បន្តថា កាប្រទះឃើញសម្បុកថ្មីរបស់សត្វត្រយងយក្សនេះ គឺជាដំណឹងរីករាយប៉ុន្ដែក៏ក្លាយជាក្តីព្រួយបារម្ភ សម្រាប់ក្រុមអ្នកស្រាវជ្រាវដោយកន្លងមកក្រុមការងារធ្លាប់បរាជ័យ ក្នុងការងារអភិរក្ស។  សត្វប្រភេទនេះមានលក្ខណៈពិសេស គឺភាពប្រុងប្រយ័ត្នខ្ពស់ ខុសពីសត្វដទៃ។ដូច្នេះ វាងាយផ្អើលហើរចោលសម្បុក ក្នុងពេលពងកូន។


សម្បុកថ្មី២០២១ រូបភាពដោយ WCS
 
តំបន់ខាងលើនៅមានបទល្មើសព្រៃឈើខុសច្បាប់។ នេះក៏ជាបញ្ហា ដែលអ្នកអភិរក្សកំពុងព្រួយបារម្ភ។អ្នកស្រាវជ្រាវរូបនេះ បញ្ជាក់ដូច្នេះ៖ «ខ្ញុំឃើញវា នៅចម្ងាយប្រហែលជាង១០០ម៉ែត្រ។ ខ្ញុំត្រូវលូនប្រយ័ត្នបំផុត ដើម្បីអាចអង្កេត និងថតរូប។ ចុះទម្រាំមានវត្តមាន អ្នកចូលព្រៃដើរទៅមករំខានវាទៀត? នេះហើយជាក្តីព្រួយបារម្ភរបស់យើង»។
 
សត្វត្រយងយក្ស រស់នៅតែក្នុងតំបន់​ព្រៃរបោះតែប៉ុណ្ណោះព្រោះនៅតំបន់នេះ មានទាំងវាលស្មៅ វាលស្រែ និងប្រភពទឹក។ នៅរយៈពេលជាង៥ឆ្នាំមកនេះ សត្វស្លាបកម្រប្រភេទនេះមានមិនដល់១០ក្បាលទេ នៅក្នុងដែនអភិរក្សខាងលើ។
 
«ខ្ញុំសុំឱ្យពលរដ្ឋចូលរួមឱ្យតម្លៃសត្វព្រៃ តាមរយៈការដែលមិនបរិភោគ មិនសម្លាប់ មិនកាប់បំផ្លាញព្រៃ ជាជម្រករបស់វាក្នុងន័យដើម្បីសង្គ្រោះជីវិតសត្វព្រៃទាំងនោះ។ នៅពេលវាបាត់បង់ហើយពិតជាមិនកើតឡើងវិញទេ»។នេះជាសំណូមពររបស់អ្នកស្រាវជាវសត្វព្រៃរូបនេះ។
 
ត្រយងយក្ស ជាភាសាបច្ចេកទេស Giant Ibis ​គឺជាប្រភេទសត្វកម្រជិតផុតពូជលើពិភពលោក ហើយវាត្រូវបានដាក់ជានិមិត្តរូបសត្វបក្សីជាតិរបស់កម្ពុជា។ រដូវពងកូនសត្វត្រយងយក្ស ចាប់ផ្ដើមពីខែមិថុនា រហូតដល់ខែតុលា ជារៀងរាល់ឆ្នាំ៕


រូបភាពដោយ WCS


រូបភាពឆ្នាំ២០១៩ដោយ WCS


រូបភាពឆ្នាំ២០២០ ដោយ WCS

 

Tag:
 ត្រយងយក្ស
  ​សូត វ៉ានឌឿន
© រក្សាសិទ្ធិដោយ thmeythmey.com