ជាតិ
វ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូសទៀត មកដល់កម្ពុជា
06, Jul 2021 , 10:21 am        
រូបភាព
ភ្នំពេញ៖ វ៉ាក់សាំង Sinopharm បង្ការជំងឺកូវីដ-១៩ ចំនួន១លានដូសទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីប្រទេសចិន បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៦ កក្កដានេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឱ្យរដ្ឋាភិបាល ជាអ្នកទទួលយកវ៉ាក់សាំងនេះ។



បើគិតទាំងវ៉ាក់សាំង១លានដូសនេះ វានាំឱ្យកម្ពុជា មានវ៉ាក់សាំងជាង១២លានដូសហើយ សម្រាប់ចាក់ជូនពលរដ្ឋ។ ក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូវ៉ាក់ ៧,៥លានដូស, ស៊ីណូហ្វាម៤,២លានដូស និង វ៉ាក់សាំង Covishield ចំនួន៣២៤,០០០ដូស។
 
បើតាមគម្រោងកម្ពុជា នឹងទទួលបានវ៉ាក់សាំង៤លានដូសទៀត នៅថ្ងៃទី១០ កក្កដា ។ វ៉ាក់សាំងទាំង៤លានដូសនោះ គឺមានស៊ីណូវ៉ាក់សាំង៣លានដូស និងស៊ីណូហ្វាម ១លានដូស។ នេះបើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន កាលពីសប្ដាហ៍មុន។
 
កន្លងមកលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កម្ពុជា នឹងមានវ៉ាក់សាំងគ្រប់ចំនួន២០លានដូស នៅត្រឹមថ្ងៃសីហាខាងមុខ សម្រាប់ចាក់ឱ្យពលរដ្ឋ ១០លាននាក់ តាមផែនការកំណត់។ លោក វិស្សុត បានបញ្ជាក់ថា កម្ពុជា មានកញ្ចប់ថវិកា១៧០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងមកចាក់វ៉ាក់សាំងឱ្យពលរដ្ឋនេះ។
 
គិតត្រឹមថ្ងៃទី៦ កក្កដានេះ កម្ពុជា បាន ចាក់វ៉ាក់បង្ការកូវីដ-១៩ដល់ពលរដ្ឋ បាន៤,៥លាននាក់ ដែលស្មើ ៤៥ភាគរយ នៃផែនការចាក់វ៉ាក់សាំងពលរដ្ឋ១០លាននាក់។ ក្នុងនោះមានពលរដ្ឋ៣,២លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងដូសទី២។ បើតាមគម្រោងរដ្ឋាភិបាល ផែនការចាក់វ៉ាក់សាំងពលរដ្ឋ១០លាននាក់នេះ គ្រោងសម្រេចបាន១០០ភាគរយ នៅក្នុងវិច្ឆិកា ឆ្នាំ២០២១៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com