អន្តរជាតិ
ប្រេសិតអាមេរិក ពិភាក្សាជាមួយសមភាគីចិនលើរឿងកូរ៉េខាងជើង
07, Jul 2021 , 12:29 pm        
រូបភាព
លោក សុង គីម ប្រេសិតពិសេសសម្រាប់កិច្ចការកូរ៉េខាងជើង។ រូបថត AFP
លោក សុង គីម ប្រេសិតពិសេសសម្រាប់កិច្ចការកូរ៉េខាងជើង។ រូបថត AFP
ប្រេសិតពិសេសរបស់អាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង លោក សុង គីម បានជជែកតាមទូរស័ព្ទជាមួយសមភាគីចិននៅថ្ងៃទី៦ ខែកក្កដាទាក់ទងបញ្ហាកូរ៉េខាងជើងដែលជាការងារស្នូល។ កិច្ចពិភាក្សាតាមទូរស័ព្ទនេះធ្វើឡើង ស្របពេលកូរ៉េខាងជើងបន្តបដិសេធការបោះដៃរកការចរចារបស់អាមេរិកជាច្រើនលើក។

 
លោក Liu Xiaoming តំណាងពិសេសរបស់ចិនសម្រាប់ឧបទ្វីបកូរ៉េ និងប្រេសិតពិសេសអាមេរិកលោក សុង គីម បានពិភាក្សាគ្នាតាមទូរស័ព្ទ ហើយភាគីទាំងពីរបានយល់ព្រមរក្សាទំនាក់ទំនងបន្តទៀត។ នេះបើតាមសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសចិននៅថ្ងៃទី៦ ខែកក្កដា។ លោក Liu និងលោក សុង សុទ្ធតែទើបកាន់តំណែងនេះដូចគ្នា។
 
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ក៏អះអាងពីការពិភាក្សា តាមទូរស័ព្ទខាងលើនេះដែរ ប៉ុន្តែលោកបដិសេធមិនបញ្ជាក់ពីព័ត៌មានលម្អិតដែលបាន ពិភាក្សានោះទេ។ លោក Price  បានត្រឹមនិយាយថា អាមេរិកនឹងធ្វើការជាមួយកូរ៉េខាងត្បូង និង ជប៉ុនដែលសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីរកផ្លូវឈានទៅចូលតុចរចាជាមួយកូរ៉េខាងជើង ហើយអាមេរិក នៅតែរង់ចាំសារវិជ្ជមានពីកូរ៉េខាងជើង។
 
ចិន ក៏ជាតួអង្គសំខាន់មួយក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយសារ ចិនមានទំនាក់ទំនងជិតដិត និងមានឥទ្ធិពលលើកូរ៉េខាងជើង។ ប៉ុន្តែលើរឿងរំសាយនុយក្លេអ៊ែរ ចិនប្រកាន់ជំហរលុបបំបាត់ជាជំហានៗ និងមានការធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក ដែលនេះខុសពីជំហរអាមេរិកដែលចង់ឱ្យកូរ៉េខាងជើងធ្វើសកម្មភាពជាដុំកំភួនសិន មុនខ្លួនធ្វើសម្បទានដូចជាការព្យួរទណ្ឌកម្មជាដើម។
 
គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២០ អាមេរិកបានចោទប្រកាន់ចិនដែលជាសម្ពនមិត្ត ដ៏សំខាន់មួយរបស់កូរ៉េខាងជើងថា មិនបានគោរពច្បាប់ទណ្ឌកម្មអន្តរជាតិ។ ជាការឆ្លើយតប​ ចិនបាននិយាយថា ខ្លួនបានគោរពតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើកូរ៉េខាងជើង ហើយថា ការបន្ធូរ បន្ថយលក្ខខណ្ឌទាំងនោះអាចជួយដោះស្រាយភាពជាប់គាំងរវាងអាមេរិកនិងកូរ៉េខាងជើងបាន៕
 
 
 

Tag:
 អាមេរិក
  កូរ៉េខាងជើង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com