កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន ឡើងជួបប្រេស៊ីលវគ្គផ្តាច់ព្រ័ត្រ Copa America ក្រោយទម្លាក់កូឡុំប៊ី
07, Jul 2021 , 12:57 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ឡើងទៅដណ្តើមពាន Copa America ជាមួយប្រេស៊ីល ក្រោយពួកគេយកឈ្នះកូឡុំប៊ីនៅវគ្គ១/២ផ្តាច់ព្រ័ត្រ ដោយបាល់កាត់សេចក្តីប៉េណាល់ទីក្នុងលទ្ធផល ៣-២។



ជំនួបវគ្គពាក់កណ្តាលផ្តាច់នៅកីឡដ្ឋាន Estadio Nacional de Brasilia ប្រទេសប្រេស៊ីល នៅព្រឹកថ្ងៃទី៧ ខែកក្កដា [ម៉ោងនៅកម្ពុជា] ខ្សែប្រយុទ្ធ Lautaro Martinez រកបានគ្រាប់នាំមុខសម្រាប់ក្រុមអាហ្សង់ទីនតាមរយៈការបញ្ជូនរបស់ប្រធានក្រុម Lionel Messi នៅ៧នាទីដំបូងនៃវគ្គទី១។
 
ឈានចូលតង់ទី២ នាទី៦១ ខ្សែប្រយុទ្ធ Luis Diaz តាមស្មើឱ្យកូឡុំប៊ី១គ្រាប់វិញ។ ការប្រកួតបន្តរហូតដល់ចប់៩០នាទីក្នុងលទ្ធផល ១-១។ ដោយលទ្ធផលស្មើនិងមិនមានការបន្ថែមម៉ោង១៥នាទីពីរដង ក្រុមទាំងពីរតម្រូវឱ្យទាត់បាល់ប៉េណាល់ទីដើម្បីកាត់សេចក្តីឈ្នះចាញ់។ អាហ្សង់ទីនក្រោមការដឹកនាំរបស់លោក Lionel Scaloni ឈ្នះ ៣-២ បានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានតំបន់អាមេរិកឡាទីន ដោយត្រូវជួបម្ចាស់ផ្ទះប្រេស៊ីល។


 
ម្ចាស់ការពារតំណែងជើងឯកប្រេស៊ីល ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រមុន បន្ទាប់ពីពួកគេឈ្នះប៉េរូ ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មួយគ្រាប់ជ័យជម្នះរបស់ក្រុមលោក Tite ធ្វើបានដោយ Lucas Paqueta។ 
 
ជំនួបផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០២១ រវាងប្រេស៊ីល និងអាហ្សង់ទីននឹងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា វេលាម៉ោង៧:០០នាទីព្រឹក [ម៉ោងនៅកម្ពុជា]៕
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com