កីឡាអន្តរជាតិ
អន្តរជាតិ
UEFA អញ្ជើញ Eriksen និងគ្រូពេទ្យដែលសង្គ្រោះរូបគេទៅមើលវគ្គផ្តាច់ព្រ័ត្រ Euro 2020
07, Jul 2021 , 8:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) អញ្ជើញខ្សែបម្រើដាណឺម៉ាក Christian Eriksen និងគ្រូពេទ្យដែលជួយសង្គ្រោះជីវិតរូបគេអំឡុងមានបញ្ហាបេះដូងលើទីលាន ទៅចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 នៅកីឡដ្ឋាន Wembley។


 
Eriksen ខ្សែបម្រើ Inter Milan បានដួលនៅលើទីលានក្នុងកីឡដ្ឋាន Parken នាជំនួបបើកឆាកពូល B ពានរង្វាន់ Euro 2020 ដែលដាណឺម៉ាកចាញ់ហ្វាំងឡង់ ១-០។ ប្រធានក្រុមដាណឺម៉ាក Simon Kjaer បានចូលរួមសង្គ្រោះបឋម មុនពេលក្រុមគ្រូពេទ្យទៅដល់។ ក្រុមគ្រូពេទ្យបន្តដំណើរការសង្គ្រោះរហូតបានជោគជ័យ ក្រោយចំណាយពេលជាច្រើនម៉ោង។ រហូតមកដល់ពេលនេះ អតីតសមាជិក Spurs ធូរស្រាលច្រើនហើយក្រោយសម្រាកព្យាបាល និងមើលថែពីគ្រូពេទ្យ។
 
បើតាមការចុះផ្សាយរបស់កាសែត ESPN នៅថ្ងៃទី៦ ខែកក្កដា UEFA បានអញ្ជើ Eriksen និងភរិយា រួមទាំងគ្រូពេទ្យចំនួន៦នាក់ដែលព្យាយាមសង្រ្គោះខ្សែបម្រើអន្តរជាតិដាណឺម៉ាករូបនេះទៅទស្សនាការប្រកួតផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុបដែលធ្វើឡើនៅ Wembley នាថ្ងៃទី១២ ខែកក្កដា។ ការអញ្ជើញនេះ ដោយសារ UEFA ចង់បង្ហាញការដឹងគុណចំពោះក្រុមគ្រូពេទ្យ ដែលអាចសង្គ្រោះជីវិត Eriksen។
 
យ៉ាងណាក៏ដោយ Eriksen នៅមិនទាន់បញ្ជាក់ថារូបគេអាចទៅចូលរួម ឬអត់នោះទេ ខណៈគ្រូពេទ្យម្នាក់បង្ហាញក្តីរីករាយក្រោយការអញ្ជើញនេះ។ លោកគ្រូពេទ្យ Peder Ersgaard ចំណោមគ្រូពេទ្យទាំង៦ អះអាងថាខ្លួនមានកិត្តិយសណាស់ដែលទទួលបានការអញ្ជើញពីប្រធាន UEFA លោក Aleksander Ceferin ដោយផ្ទាល់។
 
លោកគ្រូពេទ្យ Ersgaard ប្រាប់ទស្សនាវដ្តី Fagbladet FOA ថាលោកទទួលអារម្មណ៍រំភើបដូចក្មេងទទួលបានកាដូនៅថ្ងៃណូអែលអ៊ីចឹង។ «ខ្ញុំពិតជាមានមោទកភាពចំពោះការខិតខំប្រឹងប្រែងរបស់ខ្ញុំ ប៉ុន្តែក្រុមទាំងមូលពិតជាធ្វើបានល្អ»។
 
អ៊ីតាលី បានកក់កៅអីទៅចាំនៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 មុនហើយ ក្រោយឈ្នះអេស្ប៉ាញដោយបាល់កាត់សេចក្តីប៉េណាល់ទី។ អង់គ្លេសនិងដាណឺម៉ាក នឹងត្រូវកាត់សេចក្តីនៅជំនួបវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី៧ ខែកក្កដានេះដើម្បីទៅជួបអ៊ីលី នៅកីឡដ្ឋាន Wembley នាថ្ងៃទី១២ ខែកក្កដា វេលាម៉ោង ២:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]៕
 

Tag:
 Euro 2020
  Christian Eriksen
© រក្សាសិទ្ធិដោយ thmeythmey.com