COVID-19
អន្តរជាតិ
ក្រុងហូជីមិញ នឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ឱ្យបាន ១,៣លាននាក់ក្នុងមួយថ្ងៃ
08, Jul 2021 , 3:45 pm        
រូបភាព
ប្រជាជនវៀតណាម នៅក្នុងទីក្រុងហូជីមិញ ឈរចាំធ្វើតេស្តរកជំងឺកូវីដ-១៩ នៅថ្ងៃទី៦ ខែកក្កដា។ រូបភាព៖ VnExpress
ប្រជាជនវៀតណាម នៅក្នុងទីក្រុងហូជីមិញ ឈរចាំធ្វើតេស្តរកជំងឺកូវីដ-១៩ នៅថ្ងៃទី៦ ខែកក្កដា។ រូបភាព៖ VnExpress
ក្រុងហូជីមិញ នឹងបញ្ជូនគ្រូពេទ្យចំនួន២ពាន់នាក់ ដើម្បីប្រមូលសំណាកប្រជាជនឱ្យបាន ១,៣លាននាក់ក្នុងមួយថ្ងៃ ដើម្បីរកជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នៅថ្ងៃទី៨ ខែកក្កដា។ ការដាក់ចេញចំណាត់ការបែបនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ករណីឆ្លងជាសហគមន៍ ដែលកំពុងរីកសាយខ្លាំង។

 
ករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងទីក្រុងហូជីមិញ មួយរយៈចុងក្រោយនេះ បានហក់ឡើងខ្លាំង។ ក្នុងរបាយការណ៍ព្រឹកថ្ងៃទី៨ ខែកក្កដា ទីក្រុងហូជីមិញ បានរាយការណ៍ករណីឆ្លងរហូតដល់២០០ករណី។ ដោយករណីឆ្លងហក់ឡើងបែបនេះ អាជ្ញាធរវៀតណាម បានសម្រេចបិទក្រុងទាំងមូល នៅថ្ងៃម្សិលមិញ និងតម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ករណីឆ្លងកូវីដ-១៩។ 
 
លើសពីនោះ អាជ្ញាធរក្រុង ក៏បានដាក់ចេញផែនការធ្វើតេស្តលើប្រជាជន ដើម្បីរកជំងឺកូវីដ-១៩ ឱ្យបាន ១,៣លាននាក់ ក្នុងមួយថ្ងៃផងដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនក្រុងហូជីមិញ បានប្រកាសថា ដោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើនឡើង អាជ្ញាធរក្រុង បានសម្រេចពន្លឿនការធ្វើតេស្តរហូតដល់ ១,៣លាននាក់ ក្នុងមួយថ្ងៃ។ 
 
ក្នុងពេលនេះ វៀតណាម បានធ្វើតេស្តរកជំងឺកូវីដ-១៩ លើប្រជាជនចំនួន៤០ម៉ឺននាក់ ក្នុងមួយថ្ងៃ។ អាជ្ញាធរក្រុងហូជីមិញ ក៏មិនបានបញ្ជាក់ឱ្យបានលម្អិតឡើយ ពីវិធានការដើម្បីពង្រីកការធ្វើតេស្តឱ្យបាន ១,៣លាននាក់ក្នុងមួយថ្ងៃ។ 
 
គួររំលឹកថា នៅថ្ងៃទី២៦ ខែមិថុនា កន្លងទៅ អាជ្ញាធរវៀតណាម បានចាប់ផ្តើមប្រមូលសំណាកចំនួន ៥លាន ក្នុងរយៈពេល ១០ថ្ងៃ។ បើទោះបីជាផុតរយៈពេល ១០ថ្ងៃហើយក្តី ប៉ុន្តែគេមិនទាន់ដឹងឡើយ ថាតើដំណើរការធ្វើតេស្តបានប៉ុន្មានភាគរយ។ បន្ទាប់ពីក្រុងត្រូវបិទខ្ទប់ ប្រជាជនទាំងអស់ ត្រូវធ្វើតេស្តរកកូវីដ-១៩ ។ 
 
ក្រុងហូជីមិញ មានប្រជាជនសរុបប្រមាណ ៩លាននាក់ ដោយមកទល់ពេលនេះ អាជ្ញាធរក្រុងបានរាយការណ៍ ករណីឆ្លងសរុបជាង ៨ពាន់ករណី។ ចំណែកករណីឆ្លងសរុបវៀតណាម មានចំនួន ២៣៣៨៥ករណី និងអ្នកស្លាប់មានចំនួន ១០២នាក់៕
 

Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com