អន្តរជាតិ
អ្នកជំនាញសិទ្ធិមនុស្ស UN ជំរុញឱ្យដាក់ទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័នមីយ៉ាន់ម៉ា
08, Jul 2021 , 7:29 pm        
រូបភាព
ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ រូបថត AFP
ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ រូបថត AFP
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៧ ខែកក្កដា បានអំពាវនាវឱ្យបណ្តាប្រទេសធំៗដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមីយ៉ាន់ម៉ា ជាពិសេសវិស័យប្រេង និងឧស្ម័ន សំដៅកាត់ផ្ដាច់ប្រភពចំណូលដ៏សំខាន់របស់របបសឹកមីយ៉ាន់ម៉ា។

 

 
 
បន្ទាប់ពីរបបសឹកឡើងកាន់អំណាចនៅមីយ៉ាន់ម៉ា ទណ្ឌកម្មបានពីសំណាក់សហភាពអឺរ៉ុប អាមេរិក អង់គ្លេស កាណាដា បានធ្លាក់មកជាបន្តបន្ទាប់។ ទណ្ឌកម្មទាំងនោះ សុទ្ធតែដាក់លើក្រុមហ៊ុនត្បូង និងរ៉ែ បុគ្គល និងគ្រួសាររបស់ថ្នាក់ដឹកនាំយោធាប៉ុណ្ណោះ។ គេមិនទាន់ឃើញទណ្ឌកម្មណាមួយ ត្រូវដាក់លើវិស័យប្រេង និងឧស្ម័ន ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់យោធាឡើយ។ 
 
ទាក់ទិននឹងបញ្ហានេះ លោក Thomas Andrews អ្នករាយការណ៍ពិសេសលើបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានអំពាវនាវឱ្យប្រទេសធំៗ ដាក់ទណ្ឌកម្ម សម្ពាធ និងកាត់ផ្តាច់ចំណូលរបស់យោធាមីយ៉ាន់ម៉ា ដែលនៅតែបន្តបង្រ្កាបលើក្រុមបាតុករមីយ៉ាន់ម៉ា និងសកម្មភាពគំរាមកំហែង។ 
 
«ចំណូលពីវិស័យប្រេង និងឧស្ម័ន គឺជាប្រភពដ៏សំខាន់សម្រាប់យោធា»។ លោក Andrews បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ចំណូលពីវិស័យទាំងពីរ ត្រូវបានប៉ាន់ប្រមាណថា វាស្ទើរតែគ្រប់គ្រាន់សម្រាប់របបសឹកទ្រទ្រង់កងសន្តិសុខ ដែលការពារក្រុមយោធាឱ្យនៅកាន់អំណាច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ការអំពាវនាវរបស់អ្នករាយការណ៍ពិសេសរូបនេះ ធ្វើឡើងបន្ទាប់ពីឧត្តមស្នងការជាន់ខ្ពស់សិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានព្រមានថា បញ្ហានយោបាយនៅមីយ៉ាន់ម៉ា ដែលមានចាប់តាំងពីរដ្ឋប្រហារយោធា នៅដើមខែកុម្ភៈ កន្លងមក អាចវិវត្តទៅរកសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ អសន្តិសុខក្នុងតំបន់ និងជារដ្ឋបរាជ័យ។
 
នៅថ្ងៃទី៧ ខែកក្កដាដដែល អាមេរិក ក៏បានទទូចឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការសំខាន់ៗ ដើម្បីទប់ស្កាត់ការបង្ហូរឈាមនៅមីយ៉ាន់ម៉ាផងដែរ។ លោកស្រី Meryn Schneiderhan មន្រ្តីការទូតអាមេរិកប្រចាំនៅ UN នៅទីក្រុងហ្សឺណែវ បានលើកឡើងថា អាមេរិកទទូចឱ្យប្រទេសទាំងអស់ បញ្ឈប់កានាំចេញអាវុធ និងផ្ទេរបច្ចេកវិទ្យាដែលអាចប្រើក្នុងគោលដៅយោធា និងស៊ីវិល ទៅឱ្យរបបសឹកមីយ៉ាន់ម៉ា។ 
 
គួររំលឹកថា មកទល់ពេលនេះ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ ដែលស្ថិតក្រោមបទចោទរបស់តុលាការនៅតែបន្តជាប់ឃុំ ក្នុងនោះរួមទាំងលោកស្រី អ៊ុងសាន ស៊ូជីផង ខណៈពេលមនុស្សមួយចំនួនត្រូវបានដោះលែង។ បញ្ហាជាច្រើនដូចជា បាតុកម្ម ការប្រយុទ្ធរវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច និងវិបត្តិមនុស្សធម៌ជាដើម នៅតែបន្តកើតមាននៅមីយ៉ាន់ម៉ា៕
 

Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com