COVID-19
ជាតិ
សៀមរាប​ បន្ទាយមានជ័យ ឧត្តរមានជ័យ និងកោះកុង​ មាន​ករណីឆ្លងថ្មីកាន់តែច្រើន
08, Jul 2021 , 4:55 pm        
រូបភាព
ខេត្តសៀមរាប បន្តរកឃើញ១៥៧នាក់វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៧ ខែកក្កដា ខណៈអ្នកជាសះស្បើយ មាន៧២នាក់។ ខេត្តបន្ទាយមានជ័យ មាន១២៥នាក់ ខណៈឧត្តរមានជ័យ រកឃើញ៩៦នាក់ដែរ ភាគច្រើននាំចូលពីថៃ។ ខេត្តកោះកុង មាន៩៣នាក់ ​ខេត្តបាត់ដំបង មាន៥៤នាក់ និងកំពង់ចាមមាន៥៣នាក់ ហើយមានអ្នកស្លាប់២នាក់ន្ថែមដែរ។ ខេត្តត្បូងឃ្មុំ និងកំពង់ធំ មានជាង ៣០ករណីរៀងខ្លួន។

 
សៀមរាប៖ រកឃើញ១៥៧នាក់ទៀត ជាសះស្បើយ៧២នាក់
 
ក្នុងចំណោមករណីថ្មីទាំង ១៥៧នាក់នោះ មាន ២៨នាក់ករណីនាំចូលពីប្រទេសថៃ។ របាយការណ៍អ្នកវិជ្ជមានកូវីដ-១៩ ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តសៀមរាប ក៏បានឱ្យដឹងដែរថាមាន ៤ករណីឆ្លង មានប្រភពនៅមណ្ឌលស្តារនីតិសម្បទារអ្នកញៀនគ្រឿងញៀន។ 
ក្នុងចំណោមករណីឆ្លងថ្មី ភាគច្រើនមានប្រភពចេញពីផ្សារលើធំថ្មី ផ្សារកំពង់ក្តី ផ្សារដំដែក និងនៅក្នុងសង្កាត់ស្រង៉ែ នៃក្រុងសៀមរាប។ អ្នកវិជ្ជមានទាំងនោះ ភាគច្រើនជាពលរដ្ឋដែលមានអាសយដ្ឋានៅនៅក្រុងសៀមរាប និងស្រុកជីក្រែង។ ក្រៅពីនេះមានអ្នកស្រុកប្រាសាទបាគង សូទ្រនិគម ស្រីស្នំ ក្រឡាញ់ ពួក និងស្រុកអង្គរជុំ។ អ្នកជំងឺមួយចំនួនទៀត ជាអ្នកខេត្តព្រះវិហារ និងកំពង់ធំ។ 
 
ជាមួយគ្នារដ្ឋបាលខេត្តសៀមរាប បានសម្រេចបន្តបិទការចេញ-ចូលទីតាំងផ្ទះចំនួន ២៧ខ្នងផ្ទះ ក្នុងភូមិព្រៃធំ ​និងភូមិចន្លោង ​ក្នុងសង្កាត់ស្រង៉ ក្រុងសៀមរាប សម្រាប់រយៈពេល ២ ​ សប្តាហ៍ទៀត  គិតចាប់ពីថ្ងៃទី​៧ ដល់ថ្ងៃទី២០ ខែកក្កដា។ 
 
បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១ ៩៧១នាក់ ក្នុងនោះមាន៦៨៦នាក់ បាន​ជាសះស្បើយ ១៩នាក់ស្លាប់  និង១២៦៦នាក់ កំពុងសម្រាកព្យាបាល។
 
បន្ទាយមានជ័យ៖ មាន១២៥នាក់បន្ថែម

មនុស្ស ១២៥នាក់ ទៀតវិជ្ជមានកូវីដ-១៩ ក្នុងនោះភាគច្រើនជាអ្នករស់នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ ក្រៅពីនេះ មាននៅស្រុកមង្គលបូរី អូរជ្រៅ និងស្រុកម៉ាឡៃ។
ឧត្តរមានជ័យ៖ រកឃើញ ៩៦នាក់ទៀត ភាគច្រើននាំចូលពីថៃ
 
ឧត្តរមានជ័យ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩៦នាក់ទៀត ក្នុងនោះ ៩០នាក់ជាករណីនាំចូលពីថៃ។ អ្នកជាសះស្បើយក៏មាន ៣៦នាក់បន្ថែមដែរ។ ក្នុងចំណោមអ្នកវិជ្ជមានដែលទើបរកឃើញ គឺមានអ្នករស់នៅឧត្តរមានជ័យ , កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កំពត តាកែវ និងខេត្តព្រះវិហារ។ គិតត្រឹមថ្ងៃទី៧ ​កក្កដា ខេត្តឧត្តរមានជ័យ រកឃើញជំងឺកូវីដ១៩ ចំនួន ១,១៩២ករណី ក្នុងនោះ១,០៦៣នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយចំនួន ២៣៧នាក់ ស្លាប់៣នាក់ និង៩៥០នាក់ កំពុងសម្រាកព្យាបាល។
 
កោះកុង៖ មាន៩៣នាក់បន្ថែម និង៨៤នាក់ជាសះស្បើយ 
 
ពលរដ្ឋ ៩៣នាក់ទៀតវិជ្ជមានកូវីដ-១៩ ខណៈអ្នកជាសះស្បើយមានចំនួន ៨៤នាក់ បន្ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ មាន៧៧នាក់ ជាអ្នករស់នៅឃុំប៉ាកខ្លង និងឃុំទួលគគីរ ស្រុកមណ្ឌលសីមា និង៧នាក់នៅសង្កាត់ដងទង់ សង្កាត់ស្មាច់មានជ័យ និងសង្កាត់ឃុនឆាង​ ក្រុងខេមរភូមិន្ទ ។ អ្នកជំងឺ៥នាក់ទៀតរស់នៅឃុំកោះស្តេច ស្រុកគិរីសាគរ , ៣នាក់ជាពលរដ្ឋនៅឃុំបឹងព្រាវ និងឃុំស្រែអំបិល ស្រុកស្រែអំបិល  និង១នាក់ទៀតនៅឃុំថ្មស ស្រុកបូទុមសាគរ។ 
 
បាត់ដំបង៖ ឆ្លងថ្មី ៥៤នាក់ ជាសះស្បើយ ៨នាក់
 
ខេត្តបាត់ដំបង មានករណីឆ្លងថ្មីចំនួន ៥៤នាក់នាក់ទៀត ក្នុងនោះ ១៣នាក់លើពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏​បញ្ជាក់ពីករណី ជាសះស្បើ៨នាក់ផងដែរ។ ក្នុងចំណោមអ្នកវិជ្ជមានដែលទើបរកឃើញនោះ ភាគច្រើនជាអ្នករស់នៅក្រុងបាត់ដំបង នៅស្រុកសង្កែ និងស្រុកមោងឫស្សី។ ក្រៅពីនេះមានពលរដ្ឋនៅស្រុកបវេល គាស់ក្រឡ សំឡូត សំពៅលូន រតនមណ្ឌល និងស្រុកបាណន់។  អ្នកជំងឺ​ចំនួន៣នាក់ទៀត ជាអ្នកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ សរុប ១ ៣៤០នាក់ ក្នុងនោះ៦៤៣នាក់ បានជាសះស្បើយ ៩នាក់ស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៦៨៨នាក់។
 
កំពង់ចាម៖ មាន៥៣នាក់បន្ថែម និងស្លាប់២នាក់ទៀត

មនុស្ស ៥៣នាក់ ទៀតមានវិជ្ជមានកូវីដ-១៩ ជាសះស្បើយ ៧៦នាក់  និងមានអ្នកស្លាប់២នាក់ទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មី គឺជាពលរដ្ឋ រស់នៅស្រុកកំពង់សៀម ​ចំការលើ ​ជើងព្រៃ ​បាធាយ ​ស្ទឹងត្រង់ ​កងមាស ​ស្រីសន្ធរ ​និងស្រុកព្រៃឈរ។ អ្នកជំងឺ២នាក់ជាអ្នកកំពង់ធំ និង១នាក់​ មកពីខេត្តត្បូងឃ្មុំ។ រដ្ឋបាលខេត្តកំពង់ចាម ក៏​ប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត​ដែរ ដោយម្នាក់ជាស្ត្រីវ័យ ៧៦ឆ្នាំ រស់នៅប៉ែន ឃុំទ្រាន ស្រុកកំពង់សៀម។ មួយករណីទៀត ជាបុរសវ័យ ៤៤ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ។ បច្ចុប្បន្នមានអ្នកជំងឺចំនួន ១ ៧៨៣នាក់ហើយត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកកំពុងព្យាបាលមានចំនួន ៦៨៥នាក់។
 
កំពង់ធំ៖ ករណីថ្មី ៣៦នាក់ទៀត និងជាសះស្បើយ ២៤នាក់

មនុស្ស ៣៦នាក់ទៀតបានឆ្លងកូវីដ-១៩ ខណៈ២៤នាក់បន្ថែមបានជាសះស្បើយ។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ ភាគច្រើនជាពលរដ្ឋរស់នៅស្រុកសន្ទុក និងស្រុកស្ទោង។​ក្រៅពីនេះ មានករណីនៅក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ ស្រុកតាំងគោក និងស្រុកប្រាសាទបាល្ល័ង។ បច្ចុប្បន្ន ខេត្តកំពង់ធំ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១២៤នាក់ ក្នុងនោះ៥៦៨នាក់ បានជាសះស្បើយ ១៣នាក់ស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥៤៣នាក់។
 
ត្បូងឃ្មុំ៖ រកឃើញ ៣២នាក់ទៀត និងសះស្បើយ ៨៤នាក់
 
អ្នកជំងឺចំនួន ៨៤នាក់ទៀត បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មី ចំនួន ៣២នាក់បន្ថែម។ ក្នុងចំណោមករណីថ្មីទាំងនោះ គឺជាពលរដ្ឋរស់នៅក្រុងសួង ស្រុកអូររាំងឪ, តំបែរ, ពញាក្រែក, ត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។
 
ករណីទូទាំងប្រទេស៖ ឆ្លងថ្មី ៩៥៤នាក់ ជាសះស្បើយ១០៤៦នាក់ និងស្លាប់២៧នាក់ទៀត 

មនុស្សចំនួន ៩៥៤ នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩​ ក្នុងនោះ ១៣៦ នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន ១ ០៤៦នាក់បន្ថែម ខណៈ២៧នាក់ទៀត បានស្លាប់ដោយសារកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដានេះ។ មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥៨ ០៥៧នាក់ ក្នុងនោះ ៣ ៨៩៦នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ​៥០ ០២០ នាក់ និងស្លាប់សរុប ៨២៥នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com