ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
25, Mar 2024 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
មុនជ្រាបឲ្យច្បាស់ថាពាក្យ«បេតិកភណ្ឌវប្បធម៌រូបី»និង«បេតិកភណ្ឌវប្បធម៌អរូបី» មានន័យខុសគ្នាបែបណា សារព័ត៌មានឌីជីថល​ថ្មីៗ សូមដកស្រង់និយមន័យខុសគ្នារវាងពាក្យ «បេតិកភណ្ឌ» និង«វប្បធម៌» មក​ចុះផ្សាយ​ដូចខាងក្រោម៖

 
«បេតិកភណ្ឌ»មានន័យថា ទ្រព្យសម្បត្តិ ដែលមានជាប់ត មកពីខាងឪពុកម្តាយ ជីដូន ជីតា ឬទ្រព្យសម្បតិ្តជាកេរដំណែល ដែលបុព្វបុរសបន្សល់ទុកឲ្យ។ ចំណែក«វប្បធម៌» គឺជាជំនឿ ប្រពៃណី ទំនៀមទម្លាប់ ដែលសង្គមខ្មែរអនុវត្ត និងប្រកាន់យកជាអ្វីដែលត្រូវប្រព្រឹត្តជារៀងរាល់ថ្ងៃ ដូចជា ភាសា សម្លៀកបំពាក់ សិល្បៈ វិទ្យាសាស្ត្រ អក្សរសាស្ត្រ... ឱ្យបានលូតលាស់រីកចម្រើន។
 
ក្រុមប្រឹក្សាជាតិភាសាខ្មែរបានពន្យល់និយមនៃពាក្យ«បេតិកភណ្ឌវប្បធម៌»មានន័យថា ទ្រព្យសម្បត្តិរូបី និងអរូបីដែលជាកេរដំណែលមរតកវប្បធម៌របស់មនុស្សជាតិ បង្ហាញនូវសក្ខីភាពនៃស្នាដៃរបស់មនុស្សមានសារប្រយោជន៍ និងតម្លៃខាងបុរាណវត្ថុវិទ្យា ប្រវត្តិវិទ្យា សិល្បៈ វិទ្យាសាស្ត្រ សាសនា សោភណភាព ជាតិពន្ធុវិទ្យា នរវិទ្យា ឬក៏បចេ្ចកទេស ជាដើម។ 
 
«បេតិកភណ្ឌវប្បធម៌រូបី»មានន័យថា ស្នាដៃបង្កើតដោយមនុស្ស ជាទ្រព្យសម្បត្តិដែលអាចឃើញ ប៉ះពាល់បាន ងាយយល់ និងមានតម្លៃប្រវត្តិសាស្ត្រ សោភណភាព សិល្បៈ សាសនា វិទ្យាសាស្ត្រ បុរាណវត្ថុវិទ្យា ជាតិពន្ធុវិទ្យា នរវិទ្យា រួមមានប្រាសាទ វិមាន វិហារ អគារ ផ្ទះសម្បែង វត្តអារាម រមណីយដ្ឋានវប្បធម៌ជាដើម។ ឧទាហរណ៍៖ ប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ 
 
ចំណែក«បេតិកភណ្ឌវប្បធម៌អរូបី»មានន័យថា មរតកបង្កើតដោយមនុស្សបានផ្ទេរបន្តពីជំនាន់មួយ ទៅជំនាន់មួយ តាមរយៈការប្រតិបត្តិ ការបង្ហាញ ការសម្តែង ការនិយាយ ឬការត្រាប់តៗគ្នា ដែល មិនអាចមើលឃើញ មិនអាចប៉ះពាល់បាន និងពិបាកយល់ ដូចជាចំណេះដឹង បំណិន ភាសា សិល្បៈ សាសនា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី ឧបករណ៍សម្ភារ វត្ថុសិល្បៈជាដើម។ ឧទាហរណ៍៖ របាំអប្សរា ចម្លាក់ គំនូរ សិលាចារឹក ជាមរតកបេតិកភណ្ឌវប្បធម៌អរូបី៕ 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com