COVID-19
អន្តរជាតិ
ក្រុមហ៊ុន Pfizer​ គ្រោងស្នើទៅនិយ័តករអាមេរិក ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣
09, Jul 2021 , 3:19 pm        
រូបភាព
ដបថ្នាំ ជាមួយស្នាកសញ្ញាក្រុមហ៊ុន Pfizer។ រូបភាព៖ Reuters
ដបថ្នាំ ជាមួយស្នាកសញ្ញាក្រុមហ៊ុន Pfizer។ រូបភាព៖ Reuters
ដោយ៖ឈួ ស៊ាវយីងជាវ

ក្រុមហ៊ុន Pfizer គ្រោងស្នើទៅនិយ័តករឱសថអាមេរិក ដើម្បីទទួលបានការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី៣ ​នៅខែក្រោយ។ អ្នកវិទ្យាសាស្រ្តក្រុមហ៊ុនផលិតឱសថ Pfizer បានអះអាងបែបនេះ នៅថ្ងៃទី៨ ខែកក្កដា ដោយបន្ថែមថា ហានិភ័យនៃការឆ្លងកូវីដ-១៩ កាន់តែខ្ពស់នៅក្នុងរយៈពេល ៦ខែបន្ទាប់ពីការចាក់វ៉ា់ក់សាំង ដោយសារវីរុសបំប្លែងខ្លួនថ្មីទម្រង់ដែលតា។

 
វីរុស បង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា និងការធ្លាក់ចុះនៃប្រសិទ្ធភាពវ៉ាក់សាំង បានធ្វើឱ្យអ្នកជំនាញបារម្ភយ៉ាងខ្លាំង ដោយសារអ្នកចាក់វ៉ាក់សាំងPfizer ពីរដូសរួចហើយក្តី ក៏នៅតែប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ។ ការធ្លាក់ចុះនៃប្រសិទ្ធភាពវ៉ាក់សាំងនេះ ត្រូវបានអ្នកជំនាញ ចង្អុលបង្ហាញពីករណីនៅអ៊ីស្រាអែល និងអង់គ្លេស។ ការចាក់វ៉ាក់សាំងដូសទី៣ បន្ថែម ជាជំហានបន្ទាប់ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងវីរុសបំប្លែងខ្លួន។  
 
ប្រធានផ្នែកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន  Pfizer ​លោក​ Mikael Dolsten អះអាងថា ​ការធ្លាក់ចុះប្រសិទ្ធភាពវ៉ាក់សាំងនៅអ៊ីស្រាអែលភាគច្រើន កើតលើក្រុមមនុស្សដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាលពីខែមករា និងកុម្ភៈ និងបានឆ្លងជំងឺកូវីដ-១៩ ។ កន្លងមក ក្រសួងសុខាភិបាលអ៊ីស្រាអែល បានប្រកាសថាប្រសិទ្ធភាពវ៉ាក់សាំងបង្ការកូវីដ-១៩ បានធ្លាក់មកត្រឹម៦៤ភាគរយប៉ុណ្ណោះ ក្នុងខែមិថុនា។
 
«វ៉ាក់សាំងក្រុមហ៊ុន Pfizer​ មានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងវីរុសបំប្លែងខ្លួនទម្រង់ដែនតា»។ លោក Dolsten​ បានថ្លែងនៅក្នុងកិច្ចសម្ភាសមួយបែបនេះ ដោយបន្ថែមថា ប៉ុន្តែរយៈពេល៦ខែបន្ទាប់ ហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ អាចនឹងកើតមាន ស្របពេលប្រព័ន្ធភាពស៊ាំធ្លាក់ចុះ។ យ៉ាងណាមិញ ក្រុមហ៊ុន Pfizer មិនបានបញ្ចេញទិន្នន័យរបស់អ៊ីស្រាអែលទាក់ទិននឹងករណីជំងឺកូវីដ-១៩ ឡើយ ប៉ុន្តែក្រុមហ៊ុន បានប្រកាសនឹងបញ្ចេញក្នុងពេលឆាប់ៗ។ 
 
បើទោះមិនបានបញ្ចេញរបាយការណ៍ក្តី ប៉ុន្តែប្រធានផ្នែកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន  Pfizerរូបនេះ បានការពារថា វាជាទិន្នន័យដ៏តិចមួយ និងជាតួលេខដ៏ត្រឹមត្រូវ ដែលវីរុសទម្រង់ដែលតា អាចចម្លង និងបង្កឱ្យមានជំងឺកូវីដ-១៩ ក្នុងកម្រិតស្រាល សម្រាប់អ្នកបានទទួលវ៉ាក់សាំងរួច។ 
 
យ៉ាងណាមិញ ​រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក​​ (FDA) និង​មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) បានចេញសេចក្តីថ្លែងការណ៍រួមមួយថា​ ប្រជាជនអាមេរិក ដែលទទួលវ៉ាក់សាំងពេញលេញ មិនទាន់តម្រូវឱ្យចាក់វ៉ាក់សាំងមួយដូសបន្ថែមឡើយ។ ប៉ុន្តែស្ថាប័នរបស់អាមេរិកទាំងពីរ ក៏បានត្រៀមរួចហើយដែរ សម្រាប់ផ្តល់វ៉ាក់សាំងដូសទី៣ ប្រសិនបើករណីចាំបាច់។ 
 
បើតាមលោក Dolsten​ ក្នុងករណីនៅអ៊ីស្រាអែល និងអង់គ្លេស វ៉ាក់សាំង អាចថយចុះប្រសិទ្ធភាពបង្ការករណីឆ្លងកូវីដ-១៩ តែវ៉ាក់សាំងក្រុមហ៊ុន Pfizer នៅតែមានប្រសិទ្ធភាព៩៥ភាគរយ ក្នុងការជួយអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។​ 
 
លើសពីនេះ ទិន្នន័យដំបូងពីការស្រាវជ្រាវរបស់ក្រុមហ៊ុនលើកម្រិតដូសទី៣ បានបង្ហាញថា កម្រិតប្រព័ន្ធភាពស៊ាំនឹងកើនឡើងពី៥​ ទៅ១០ដង ច្រើនជាងដូសទី២ ។ ក្នុងន័យនេះ មន្រ្តីក្រុមហ៊ុន Pfizer រូបនេះ បានចាត់ទុកដូសទី៣ គឺជាក្តីសង្ឃឹម ក្នុងការការពារជំងឺកូវីដ-១៩ ៕ 
 
នាពេលកន្លងទៅ បណ្តាប្រទេសអឺរ៉ុបជាច្រើន និងកន្លែងផ្សេងទៀត បានទាក់ទងក្រុមហ៊ុន  Pfizer ដើម្បីពិភាក្សាលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ហើយប្រទេសមួយចំនួន អាចចាប់ផ្តើមចាក់មុនអាមេរិកទៅទៀត៕
 

Tag:
 Pfizer
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com