អន្តរជាតិ
យោធា​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្កើន​ការ​ព្រមាន​អំពី​ប្រទេស​ចិន​
09, Jul 2021 , 11:29 pm        
រូបភាព
រូប​ឯកសារ៖ មន្ទីរ​បច្ចកោណ​​​ដែល​ជា​ក្រសួង​ការពារ​ជាតិ​អាមេរិក​នៅ​រដ្ឋធានីវ៉ាស៊ីនតោន។
រូប​ឯកសារ៖ មន្ទីរ​បច្ចកោណ​​​ដែល​ជា​ក្រសួង​ការពារ​ជាតិ​អាមេរិក​នៅ​រដ្ឋធានីវ៉ាស៊ីនតោន។
ដោយ: VOA
មន្ត្រី​កំពូល​ម្នាក់​ខាង​ស៊ើប​ការណ៍​សម្ងាត់​យោធា​សហរដ្ឋ​អាមេរិក​កំពុង​សម្តែង​ការ​ព្រួយ​កង្វល់​ថា ក្រុមអ្នក​តាក់តែង​គោល​នយោបាយ​និង​សមាជិក​សភា​សំខាន់ៗ​មិន​បាន​គិត​គូរ​ឲ្យ​បាន​ល្មម​គ្រប់គ្រាន់​អំពី​ការ​គំរាម​កំហែង​របស់​ប្រទេស​ចិន​ទេ។​

 
ក្រុម​មន្ត្រី​នៅ​ទីបញ្ជាការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​ មន្ទីរ​បច្ចកោណ​និង​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​គំរាម​កំហែង​ពី​ប្រទេស​ចិន​ដែល​កំពុង​កើន​ឡើង​ពី​កំណើន​កម្លាំង​យោធា​រហូត​ដល់​អ្វី​ដែល​មន្ត្រី​ទាំង​នោះ​ពណ៌នា​ថា​ជា​ការ​លុកលុយ​ឥតកោត​ញញើត​កាន់តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​និង​យុទ្ធនាការ​ចារកម្ម។​
 
លោក​ឧត្តម​នាវី​ Michael Studeman​ នាយក​ស៊ើប​ការណ៍​សម្ងាត់​របស់​ទីបញ្ជាការ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មាន​ការ​ព្រួយ​កង្វល់​អំពី​ចំណាត់​ការ​មិន​បាន​គ្រប់​គ្រាន់​នេះ។​
 
លោក ​Studeman​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា៖​«ខ្ញុំ​កំពុង​ឆ្ងល់​ថា​តើ​ក្រុម​អ្នក​តាក់តែង​គោល​នយោបាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ប៉ុន្មាន​នាក់​ត្រូវ​បាន​គេ​បញ្ចុះ​បញ្ចូល។​ និយាយ​តាម​ពិត​ទៅ​វា​ជា​ការ​ពិបាក​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ច្រើន​ដល់​រឿងរ៉ាវ​មួយ​ចំនួន»។​
 
លោក​ Studeman​ បាន​និយាយ​ទៀត​ថា​ការ​លំបាក​មួយ​ផ្នែក​គឺ​ថា​ខណៈ​មនុស្ស​ជាច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មើល​ឃើញ​ថា​សង្គ្រាម​ទំនង​ជា​មិន​កើត​មាន​នោះ​ប្រទេស​នានា​ដូចជា​ចិន​មើល​ឃើញ​ថា​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ខិតខំ​របស់​ពួកគេ។​ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ Xi Jinping​ បាន​ប្រុង​ប្រៀប​រៀប​ចំ​ធ្វើ​ឲ្យ​ខ្លាំង​ជាង​សហរដ្ឋ​អាមេរិក​ដើម្បី​ក្លាយ​ជា​មហា​អំណាច​សាកលលោក។​
 
លោក ​Studeman ​បាន​បញ្ជាក់​ទៀត​ថា ​«លោក ​Xi Jinping ​មាន​ឧបាយកល​ខ្លាំង​ណាស់។​គាត់​ព្យាយាម​ធ្វើ​ឲ្យ​សម្រេច​សុបិន​នោះ​ទោះ​បី​ត្រូវ​ចំណាយ​ប៉ុន្មាន​ក៏​ដោយ»។​
 
នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​លោក​ Studeman បាន​ព្រមាន​អំពី​ការ​ងើប​ឡើង​របស់​ចិន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com