អន្តរជាតិ
ប៉ូលិសហៃទី ចាប់បានជនសង្ស័យពាក់ព័ន្ធឃាតកម្មប្រធានាធិបតីក្នុងស្ថានទូតតៃវ៉ាន់
09, Jul 2021 , 4:29 pm        
រូបភាព
ជនសង្ស័យ សម្លាប់លោកប្រធានាធិបតីហៃទី Jovenel Moise។ រូបភាព៖ AP
ជនសង្ស័យ សម្លាប់លោកប្រធានាធិបតីហៃទី Jovenel Moise។ រូបភាព៖ AP
ប៉ូលិសហៃទី នៅថ្ងៃទី៨ ខែកក្កដា បានចាប់ខ្លួនបុរសមួយក្រុម ដែលសង្ស័យថាមានពាក់ព័ន្ធនឹងឃាតកម្មប្រធានាធិបតីហៃទី នៅក្នុងស្ថានទូតតៃវ៉ាន់។ ជនសង្ស័យទាំងនោះ បានលួចចូលលាក់ខ្លួនក្នុងស្ថានទូត បន្ទាប់ពីប៉ូលិសហៃទីតាមចាប់ខ្លួន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតតៃវ៉ាន់ នៅថ្ងៃទី៩ ខែកក្កដា។​




 
 
បុរសមួយក្រុម ដែលមានចំនួន ១១នាក់ ត្រូវបានប៉ូលិសហៃទីចាប់ខ្លួន នៅក្នុងស្ថានទូតតៃវ៉ាន់ បន្ទាប់ពីអាជ្ញាធរការទូតតៃវ៉ាន់ បានផ្តល់ភ្លើងបៃតង។ មនុស្សមួយក្រុមនេះ ត្រូវបានសង្ស័យថា មានពាក់ព័ន្ធជាមួយឃាតកម្ម លើលោកប្រធានាធិបតី Jovenel Moise។ 
 
«តៃវ៉ាន់...បានឯកភាពភ្លាមៗ និងអនុញ្ញាតឱ្យប៉ូលិសហៃទីចូលក្នុងស្ថានទូត ដើម្បីស្វែងរកយុត្តិធម៌»។ ស្ថានទូតតៃវ៉ាន់ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់វិញ បានថ្លែងប្រាប់សារព័ត៌មានថា ក្រុមប្រដាប់អាវុធទាំងនោះ បានលួចក្នុងស្ថានទូត មុននឹងត្រូវបានរកឃើញដោយក្រុមសន្តិសុខរបស់ស្ថានទូត ដែលបន្ទាប់មក បានជូនដំណឹងទៅប៉ូលិសហៃទី។
 
តាមការបញ្ជាក់របស់ក្រុមបូលិសហៃទី ក្រុងប្រដាប់អាវុធសម្លាប់លោកប្រធានាធិបតី មានចំនួន ២៦ ជាជនជាតិកូឡុំប៊ី និងពីររូបទៀត ជាជនជាតិអាមេរិក ដែលមានដើមកំណើតហៃទី។ ចំណែកស្ថានទូតតៃវ៉ាន់ មិនបានបញ្ជាក់ពីអត្តសញ្ញាណ ក្រុមអ្នកលួចចូលក្នុងស្ថានទូតរបស់ខ្លួនឡើយ។
 
ហៃទី ស្ថិតក្នុងចំណោមប្រទេស និងដែនដីចំនួន១៥ ដែលបានទទួលស្គាល់តៃវ៉ាន់។ តាមច្បាប់អន្តរជាតិ អាជ្ញាធរនៃប្រទេសមួយ អាចចូលក្នុងស្ថានទូតរបស់ប្រទេសមួយទៀតបាន ទាល់តែមានការអនុញ្ញាតពីប្រទេស ឬស្ថានទូតនោះ។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុ នៅពីក្រោយឃាតកម្មនេះឡើយ ខណៈពេលជនសង្ស័យចំនួន ៣រូប ត្រូវបានបាញ់សម្លាប់, ១៧នាក់ត្រូវជាប់ឃុំ និង៨រូបផ្សេងទៀត កំពុងតែរត់គេច៕ 
 

Tag:
 ហៃទី
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com