កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាលធ្លាប់ជេរ Verratti នឹងកាត់សេចក្តីផ្តាច់ព្រ័ត្រ Euro 2020 រវាងអង់គ្លេស និងអ៊ីតាលី
10, Jul 2021 , 9:29 am        
រូបភាព
លោក Bjorn Kuipers ដែលធ្លាប់ប្រើពាក្យសម្ដីមិនសមរម្យដាក់ខ្សែបម្រើអ៊ីតាលី Marco Verratti នឹងក្លាយជាអាជ្ញាកណ្តាលកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ Euro 2020 រវាងអង់គ្លេស និងអ៊ីតាលី។ លោក Kuipers ក៏ជាអាជ្ញាកណ្តាលសញ្ជាតិហូឡង់ដំបូងបំផុត ដែលកាត់ក្តីវគ្គផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុប ដែលធ្វើឡើនៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃទី១២ ខែកក្កដា។


អាជ្ញាកណ្តាលហូឡង់លោក Kuipers ធ្លាប់ត្រូវបានចោទប្រកាន់ពីសំណាក់កីឡាករ Paris Saint-Germain ពីររូប Marco Verratti និង Ander Herrera ថាបានជេរពួកគេ នាប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹង Manchester City រដូវកាលមុន។
 
កាលនោះ Verratti ប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ Kuipers ដែលឱ្យកាតក្រហម Di Maria ស្របពេល PSG ចាញ់ Man City ២-០ នៅជំនួបជើងទី២។ ក្រោយចប់ការប្រកួតខ្សែបម្រើអន្តរជាតិអ៊ីតាលីរូបនេះ បានចោទអាជ្ញាកណ្តាល Kuipers ថាបាននិយាយ f*** you ពីរដងទៅកាន់ខ្លួន។ Ander Herrera ក៏អះអាងដូចមិត្តរួមក្រុម PSG ដូច្នេះដែរ។
 
Verratti ដែលបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ក្រុមលោក Roberto Mancini នឹងត្រូវជួបគ្នាជាមួយលោក Kuipers ជាថ្មីនៅ Wembley សម្រាប់វគ្គផ្តាច់ព្រ័ត្រ Euro 2020 រវាងអង់គ្លេសជាមួយអ៊ីតាលី។
 
លោក Kuipers វ័យ៤៨ឆ្នាំ ក៏ធ្លាប់កាត់ក្តីការប្រកួតរវាងអង់គ្លេស និងអ៊ីតាលីនៅវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ ផងដែរ ដែលកាលនោះអ៊ីតាលីឈ្នះ ២-១៕
 

Tag:
 Euro 2020
  Bjorn Kuipers
© រក្សាសិទ្ធិដោយ thmeythmey.com