COVID-19
អន្តរជាតិ
អង្គការOxfam៖ ភាពអត់ឃ្លានទូទាំងពិភពលោក កើនឡើងខ្លាំងក្នុងឆ្នាំ២០២០
09, Jul 2021 , 5:59 pm        
រូបភាព
ប្រជាជនយេម៉ែន ទទួលជំនួយមនុស្សធម៌។ រូបភាព៖ AFP
ប្រជាជនយេម៉ែន ទទួលជំនួយមនុស្សធម៌។ រូបភាព៖ AFP
ភាពអត់ឃ្លាននៅលើពិភពលោក កើនឡើងខ្លាំងក្នុងឆ្នាំ២០២០ ដោយប្រជាជនរស់នៅក្នុងស្ថានភាពអត់ឃ្លានកើនឡើងរហូតដល់ ៦ដង បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍មួយរបស់អង្គការ Oxfam នៅថ្ងៃទី៩ ខែកក្កដា។ ជំងឺកូវីដ-១៩ ជាកត្តាមួយក្នុងចំណោមកត្តាផ្សេងទៀត ដែលធ្វើឱ្យភាពអត់ឃ្លាន កាន់តែហក់ឡើង។

 
របាយការណ៍ «ភាពអត់ឃ្លានដែលបង្កឡើងដោយវីរុស» ដែលចេញដោយអង្គការ Oxfam បានសង្កត់ធ្ងន់ថា ជម្លោះ ជាដើមហេតុ ដែលបង្កឱ្យមានបញ្ហាអត់ឃ្លានដ៏ខ្លាំងមួយ ស្របពេលជំងឺឆ្លងសកល កំពុងតែរីករាលដាលខ្លាំង។ ដោយរួមជាមួយការបម្រែបម្រួលអាកាសធាតុ វាបានជំរុញឱ្យមនុស្សច្រើនជាងកន្លះលាននាក់ ស្ថិតក្នុងស្ថានភាពខ្វះអាហារបរិភោគគ្រប់គ្រាន់។ ចំនួននេះ បានហក់ឡើងរហូតដល់ ៦ដង បើធៀបនឹងឆ្នាំ ២០១៩។ 
 
«ចាប់តាំងពីជំងឺឆ្លងសកលផ្ទុះឡើង សហគមន៍ខ្វះស្បៀងអាហារនៅទូទាំងពិភពលោក បានបង្ហាញថា ភាពអត់ឃ្លាន អាចសម្លាប់ពួកគេ មុនកូរ៉ូណាវីរុស»។ អង្គការ Oxfam បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ដោយបន្ថែមថា អ្នកស្លាប់ដោយសារ បរិភោគមិនបានគ្រប់គ្រាន់ មានលើសពីចំនួន អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ 
 
បើតាមអង្គការ Oxfam មនុស្សប្រមាណ ១១នាក់ បានស្លាប់ ក្នុងរយៈពេល ១នាទី ដោយសារភាពអត់ឃ្លាន ខណៈរយៈពេលដូចគ្នានេះ មានមនុស្សស្លាប់ត្រឹមតែ ៧នាក់ប៉ុណ្ណោះ ដោយសារជំងឺកូវីដ-១៩។
 
ក្នុងរបាយការណ៍ដដែល នាពេលបច្ចុប្បន្ន មនុស្សប្រមាណ ១៥៥លាននាក់ រស់នៅក្នុងស្ថានភាពអសន្តិសុខស្បៀង ឬស្ថានភាពអាក្រក់។ ចំនួននេះ បានកើនឡើង ២០លាននាក់ បើធៀបនឹងឆ្នាំ២០១៩។ ប្រជាជនពីរនាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលស្ថិតក្នុងចំនួននេះ កំពុងតែអត់ឃ្លានដោយសារតែសង្រ្គាម និងជម្លោះ។ 
 
លើសពីនេះ ជំងឺកូវីដ-១៩ រួមទាំងបម្រែបម្រួលអាកាសធាតុ បានជំរុញឱ្យមនុស្ស ១០លាននាក់បន្ថែមទៀត រស់នៅក្នុងស្ថានភាពខ្វះស្បៀងបរិភោគ ខណៈភាពគ្មានការងារធ្វើ និងការបង្អាក់ដំណើរការផលិតស្បៀង ធ្វើឱ្យតម្លៃស្បៀងអាហារ កើនឡើងរហូតដល់ ៤០ភាគរយ ដែលនៃជាតម្លៃដ៏ខ្ពស់បំផុតក្នុងមួយទស្សវត្សរ៍ចុងក្រោយ។ 
 
ប្រទេសដែលរងគ្រោះដោយសារបញ្ហាអត់ឃ្លាន មានដូចជា យេម៉ែន, សាធារណរដ្ឋអាហ្រ្វ៊ិកកណ្តាល, អាហ្វហ្កានីស្ថាន, ស៊ូដង់ខាងត្បូង, វ៉េណេស៊ុយអេឡា និងស៊ីរីជាដើម។ 
 
សូមបញ្ជាក់ថា របាយការណ៍របស់អង្គការ Oxfam បានចេញមុនរបាយការណ៍របស់អង្គការកសិកម្ម និងអាហារ របស់អង្គការសហប្រជាជាតិ ដែលអាចចេញនៅថ្ងៃទី១២ ខែកក្កដា៕  
 

Tag:
 Oxfam
  ភាពអត់ឃ្លាន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com