COVID-19
ជាតិ
​កូវីដ​នៅ១២ខេត្ត៖ ឧត្តរមានជ័យ កោះកុង ​បាត់ដំបង និងសៀមរាប មានករណីថ្មីច្រើនជាងគេ
09, Jul 2021 , 5:29 pm        
រូបភាព
​ខេត្តឧត្តរមានជ័យ មានអ្នកវិជ្ជមានបន្ថែម ១២៧នាក់ទៀត ខណៈអ្នកជំងឺ១នាក់បានស្លាប់ នៅថ្ងៃទី៨ ខែកក្កដា។ ខេត្តកោះកុង បន្តរកឃើញ ៨៩នាក់ទៀត ខណៈអ្នកសះស្បើយមាន​១៣៤​នាក់ដែរ។ ៨៧ករណីថ្មី នៅបាត់ដំបង ខណៈសៀមរាបមាន៧២នាក់បន្ថែម និងស្លាប់២នាក់។ ខេត្តកំពង់ចាម មានករណីស្លាប់ដល់ទៅ៣នាក់ ខណៈអ្នកឆ្លងថ្មីមាន ៦៤នាក់។ ចំណែកខេត្តត្បូងឃ្មុំ មាន៥៣នាក់បន្ថែម ខណៈខេត្តកំពង់ធំ ក៏មានអ្នកស្លាប់២នាក់ដែរ និងរកឃើញថ្មី៣១នាក់។ ចំពោះខេត្តព្រះវិហារ រតនគិរី ប៉ៃលិន ក្រចេះ និងខេត្តស្ទឹងត្រែង មានករណីឆ្លង តិចតួចប៉ុណ្ណោះ។

 
ឧត្តរមានជ័យ៖ ឆ្លងថ្មី១២៧នាក់ទៀត  និងស្លាប់១នាក់
 
មនុស្សចំនួន ១២៧ នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ១២៣នាក់ជាករណីនាំចូលពីប្រទេសថៃ។ អ្នកជាសះស្បើយមានចំនួន ៥៣នាក់បន្ថែមដែរ ខណៈអ្នកស្លាប់មាន១នាក់ទៀត។ ក្នុងចំណោមករណីឆ្លងថ្មី ដែលភាពច្រើនាំចូលពីថៃនោះ គឺអ្នកជំងឺជាពលរដ្ឋខេត្តឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង សា្វយរៀង កណ្តាល កំពត តាកែវ ក្រចេះ និងខេត្តមណ្ឌលគិរី។ 
 
ចំណែកអ្នកដែលស្លាប់ ជាស្ត្រីវ័យ៤៥ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ​។ បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១ ៣១៨ករណី ក្នុងនោះ១១៨៥នាក់ ជាករណីនាំចូល។ មកទល់ពេលនេះ មានអ្នកជំងឺចំនួន ២៩០នាក់ហើយ បាន​ជាសះស្បើយ ស្លាប់៤នាក់ និង ១០២៣នាក់ទៀត កំពុងសម្រាកព្យាបាល។
 
កោះកុង៖ ករណីថ្មី៨៩នាក់​ទៀត និងជាសះស្បើយ១៣៤​នាក់
 
អ្នកជំងឺចំនួន ១៣៤នាក់ទៀត បានជាសះស្បើយ ខណៈករណីឆ្លងថ្មី មានចំនួន ៨៩នាក់ទៀត។ តាមរបាយការណ៍របស់រដ្ឋបាលខេត្ត ករណីថ្មីទាំង ៨៩នាក់នោះ ភាគច្រើនជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ និងនៅស្រុកមណ្ឌលសីមា។ ក្រៅពីនេះ មានពលរដ្ឋរស់នៅស្រុកស្រែអំបិល ស្រុកគិរីសាគរ និងស្រុកបូទុមសាគរ។ 
 
បាត់ដំបង៖ ឆ្លងថ្មី ៨៧នាក់ទៀត និងជាសះស្បើយ២២នាក់
 
ខេត្តបាត់ដំបង បានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៧នាក់បន្ថែម ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន២២នាក់ បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកនៅផ្ទះ។ អ្នកជំងឺ គឺជាពលរដ្ឋរស់នៅក្រុងបាត់ដំបង ស្រុកបវេល ថ្មគោល កំរៀង ឯកភ្នំ រតនមណ្ឌល ភ្នំព្រឹក មោងឫស្សី សំពៅលូន សង្កែ និងស្រុកបាណន់។ អ្នកជំងឺម្នាក់ជាអ្នកភ្នំពេញ។ គិតត្រឹមថ្ងៃទី៨កក្កដា ខេត្តបាត់ដំបង មានអ្នកកើតកូវីដ-១៩ ចំនួន១,៤២៧នាក់ ក្នុងនោះ ៦៦៤នាក់បាន​ជាសះស្បើយ ៩នាក់ស្លាប់​ និង៧៥៣នាក់កំពុងសម្រាកព្យាបាល។
 
សៀមរាប៖ មាន៧២នាក់ សះស្បើយ២០នាក់ និងស្លាប់២នាក់​ទៀត
 
​មនុស្សចំនួន ៧២នាក់ទៀតវិជ្ជមានកូវីដ-១៩ ក្នុងនោះ៧នាក់ជាករណីនាំចូល។ អ្នកជំងឺ ២០នាក់ទៀតបានជាសសះស្បើយ និង២នាក់ទៀតបានស្លាប់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧២នាក់ មាន ប្រមាណ ៥០នាក់ មានអាសយដ្ឋាននៅក្រុងសៀមរាប ហើយក្រៅពីនេះអ្នកជំងឺមានអាសយដ្ឋាននៅស្រុកជីក្រែង សូទ្រនិគម ប្រាសាទបាគង ពួក ក្រឡាញ់ និងស្រុកស្រីស្នំ​។  ចំពោះករណីស្លាប់ គឺជាបុរសវ័យ ៧៧ឆ្នាំ មាន​អាសយដ្ឋានភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកម្នាក់ទៀត ជាស្ត្រី វ័យ៦២ឆ្នាំ មានអាសយដ្ឋានភូមិត្នោតកំបុត ឃុំកំ​ពង់ភ្លុក ស្រុកប្រាសាទបាគង។ គិតត្រឹមថ្ងៃទី ៨កក្កដា ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន២,០៤៤នាក់ ក្នុងនោះចំនួន ៧០៧នាក់បាន​ជាសះស្បើយ ២១នាក់ស្លាប់ និង១,៣​១៦​នាក់ កំពុងសម្រាកព្យាបាល។
គិតត្រឹមថ្ងៃទី ៨កក្កដា ខេត្តសៀមរាប រកឃើញអ្នកកើតកូវីដ-១៩ ចំនួន ២០៤៤នាក់ ក្នុងនោះ៧០៦នាក់បានជាសះស្បើយ ២១នាក់ស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១៣១៦នាក់។ 
 
កំពង់ចាម៖ រកឃើញ៦៤នាក់ និងស្លាប់៣នាក់
 
អ្នកជំងឺ៣នាក់បន្ថែមទៀតបានស្លាប់ និងករណីឆ្លងថ្មី មាន៦៤នាក់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីនេះ មានពលរដ្ឋរស់នៅក្រុងកំពង់ចាម ស្រុកកំពង់សៀម ​បាធាយ ​ស្ទឹងត្រង់ ​ព្រៃឈរ ​កោះសូទិន ​ជើងព្រៃ​ ស្រីសន្ធរ ​កងមាស និងស្រុកចំការលើ។ អ្នកជំងឺម្នាក់ជាអ្នកខេត្តត្បូងឃ្មុំ និងម្នាក់ទៀតជាអ្នកខេត្តតាកែវ។  ​ចំពោះករណីស្លាប់ គឺមានស្ត្រីវ័យ ៦០ឆ្នាំ រស់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ។ ម្នាក់ទៀត ជាបុរសវ័យ ៤១ឆ្នាំ រស់នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម។ ចំណែកម្នាក់ទៀតជាបុរសវ័យ ៧៨ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។ 
 
ត្បូងឃ្មុំ៖ ឆ្លងថ្មី ៣៥នាក់ និងជាសះស្បើយ ៤០នាក់
អ្នកជំងឺចំនួន ៤០នាក់បានជាសះស្បើយ ខណៈករណីថ្មីមានចំនួន ៣៥នាក់។ ក្នុងចំណោមអ្នកវិជ្ជមានទាំង ៣៥នាក់នោះ មានពលរដ្ឋដែលរស់នៅក្រុងសួង ស្រុកអូររាំងឪ ត្បូងឃ្មុំ ក្រូចឆ្មា ពញាក្រែក មេមត់ និងស្រុកតំបែរ។ អ្នកជំងឺម្នាក់ជាអ្នករាជធានីភ្នំពេញ។ 
 
កំពង់ធំ៖ មាន៣១នាក់ទៀត ស្លាប់២នាក់ និង៦៣នាក់សះស្បើយ
 
អ្នកជំងឺចំនួន ៦៣នាក់ទៀតបានជាសះស្បើយ ខណៈ២នាក់បានស្លាប់ និងករណីឆ្លងថ្មីមាន ៣១នាក់។ ក្នុងចំណោមអ្នកវិជ្ជមាននោះ គឺជាពលរដ្ឋរស់នៅក្រុងស្ទឹងសែន ស្រុកតាំងគោក កំពង់ស្វាយ បារាយណ៍ ប្រាសាទបាល្ល័ង្គ ស្ទោង និងស្រុកសន្ទុក។  គិតត្រឹមថ្ងៃទី ៨ ខែកក្កដា ខេត្តកំពង់ធំមានអ្នកឆ្លងកូវីដ-១៩ សរុប ១១៥៥នាក់ ក្នុងនោះ៦៣១នាក់ ស្លាប់ ១៥នាក់ និង៥០៩នាក់កំពុងសម្រាកព្យាបាល។ 
 
ព្រះវិហារ៖ មាន៨ករណីបន្ថែមទៀត 
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៨នាក់នោះ មាន២នាក់ត្រូវបានរកឃើញនៅថ្ងៃទី៧ខែកក្កដា និង៦នាក់ទៀត នៅថ្ងៃទី ៨ កក្កដា។ អ្នកវិជ្ជមាន៥នាក់រស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត, ២នាក់ទៀតនៅឃុំស្រយ៉ង់ ស្រុកគូលែន និងម្នាក់ទៀត នៅឃុំចំរើន ស្រុកសង្គមថ្មី។ គិតត្រឹមថ្ងៃទី​៨ ​កក្កដា ខេត្តព្រះវិហារ មានអ្នកឆ្លងកូវីដ-១៩ ចំនួន២០២នាក់ ក្នុងនោះ៦៤នាក់ បាន​ជាសះស្បើយ និង១៣៨នាក់ទៀតកំពុងសម្រាកព្យាបាល​។
 
រតនគិរី៖ឆ្លងថ្មី ៣នាក់ ជា៥៩នាក់
អ្នកជំងឺចំនួន ៥៩នាក់ និងបានរកឃើញអ្នកឆ្លងថ្មី ចំនួន៣ករណីទៀត  ដែលសុទ្ធតែជាស្ត្រី។ អ្នកទាង ៣នាក់ មានអាសយដ្ឋានៅសង្កាត់កាចាញ និងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ គិតត្រឹមថ្ងៃទី៨ ​កក្កដា ​ខេត្តរតនគិរីមានអ្នកវិជ្ជមានកូវីដ-១៩ សរុប៦០០នាក់ ក្នុងនោះ ១៩០នាក់បានជាសះស្បើយ និងស្លាប់​ចំនួន៤នាក់។
 
ប៉ៃលិន៖ ករណីថ្មី ៣នាក់ និងសះស្បើយ ៧នាក់ 
អ្នកវិជ្ជមានកូវីដ-១៩ មានចំនួន ៣នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៧នាក់។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ មាន២នាក់មានអាសយដ្ឋាននៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងម្នាក់ទៀត មានអាសយដ្ឋាននៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលចូលខេត្តប៉ៃលិន។ 
 
ក្រចេះ៖ មាន៣នាក់ទៀត 
 
ក្នុងចំណោមអ្នកវិជ្ជមានទាង ៣នាក់នេះ មាន១នាក់ជាពលរដ្ឋរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។ ចំណែក២នាក់ទៀត ជាអ្នកភូមិជ័យសុខសាន្ត ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។​
 
ស្ទឹងត្រែង៖ ករណី ២នាក់បន្ថែម
 
ក្នុងចំណោមអ្នកវិជ្ជមានទាំង ២នាក់នេះ មានម្នាក់ជារស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ចំណែកម្នាក់ទៀត ជាអ្នករស់នៅភូមិតាកែវ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។  ​គិតត្រឹមថ្ងៃទី៨កក្កដា អ្នកវិជ្ជមានកូវីដ-១៩នៅខេត្តស្ទឹងត្រែង មានចំនួន៣៧១នាក់ ក្នុងនោះ២៣នាក់ជាសះស្បើយ និង៣៥២នាក់ទៀត កំពុងសម្រាកព្យាបាល។
 
ករណីទូទាំងប្រទេស៖ ឆ្លងថ្មី៩៨៨ នាក់ ជាសះស្បើយ៨៩៧នាក់ និងស្លាប់៣០នាក់ទៀត
 
មនុស្សចំនួន ៩៨៨នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ១៩៩នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន ៨៩៧នាក់បន្ថែម និងអ្នកស្លាប់មាន៣០នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី៩ ខែកក្កដានេះ។ មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥៩ ០៤៥នាក់ ក្នុងនោះ ៤ ០៩៥នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៥០ ៩១៧ នាក់ និងស្លាប់សរុប​ ៨៥៥នាក់៕ 
 
 
 
 
 
 
 
 

Tag:
 ឧត្តរមានជ័យ
  កោះកុង ​
 បាត់ដំបង
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com