COVID-19
អន្តរជាតិ
បង់ក្លាដែស មានអ្នកឆ្លងកូវីដ-១៩ លើស១លាននាក់
10, Jul 2021 , 1:59 pm        
រូបភាព
ដោយ: រួបរួម
គិតត្រឹមថ្ងៃទី១០ ខែកក្កដា នេះ បង់ក្លាដែស បានក្លាយជាប្រទេសទី២៩លើពិភពលោក ដែលមានករណីឆ្លងលើស១លាន ស្របពេលអ្នកស្លាប់មានជាង១៦០០០នាក់ និងសះស្បើយជាង៨៦ម៉ឺននាក់។

 
បង់ក្លាដែស កាលពីថ្ងៃទី៩ ខែកក្កដា មានករណីឆ្លងថ្មីជាង១ម៉ឺន និងស្លាប់ជាង២០០នាក់។ ការកើនឡើងយ៉ាងគំហុក នាំឲ្យប្រទេសអាស៊ីខាងត្បូងមួយនេះ ក្លាយជាប្រទេសទី២៩ និងជាប្រទេសទី៦នៅអាស៊ី ដែលមានករណីឆ្លងលើស១លាន។
 
ក្នុងចំណោមករណីឆ្លងជាង១៨៦,៨លាន សហរដ្ឋអាមេរិក បន្តនាំមុខគេ ដោយមានជាង៣៤,៧លាន ប្រដេញពីក្រោយដោយ ឥណ្ឌា (ជាង៣០,៧លាន), ប្រេស៊ីល (ជាង១៩លាន), បារាំង (ជាង៥,៨លាន), រុស្ស៊ី (ជាង៥,៧លាន), តួកគី (ជាង៥,៤លាន) និងចក្រភពអង់គ្លេស (ជាង៥លាន)។
 
បណ្តាប្រទេសដែលមានពីជាង២លានដល់ជាង៤លានករណី រួមមាន អាហ្សង់ទីន កូឡុំប៊ី អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីរ៉ង់ ប៉ូឡូញ ម៉ិកស៊ិក ឥណ្ឌូណេស៊ី អ៊ុយក្រែន អាហ្វ្រិកខាងត្បូង និងប៉េរូ។
 
បង់ក្លាដែស ស្ថិតក្នុងចំណោមប្រទេសផ្សេងទៀតដែលមានជាង១លានករណី ដោយក្រៅពីនេះ មានហូឡង់ សាធារណរដ្ឋឆែក ស៊ីលី ហ្វីលីពីន កាណាដា បែលហ្ស៊ិក អ៊ីរ៉ាក់ ស៊ុយអែត និងរូម៉ានី។ ប៉ាគីស្ថាន ព័រទុយហ្គាល់ អ៊ីស្រាអែល ម៉ាឡេស៊ី និងជប៉ុន ស្ថិតនៅក្រោម១លានករណីនៅឡើយ។
 
ចំពោះតួលេខអ្នកស្លាប់ជាង៤លាននាក់វិញ សហរដ្ឋអាមេរិក មានជាង៦២ម៉ឺននាក់ ប្រេស៊ីលជាង៥៣ម៉ឺននាក់ ឥណ្ឌាជាង៤០ម៉ឺននាក់ ម៉ិកស៊ិកជាង២៣ម៉ឺននាក់ ប៉េរូ ជាង១៩ម៉ឺននាក់ រុស្ស៊ីជាង១៤ម៉ឺននាក់ ចក្រភពអង់គ្លេស និងអ៊ីតាលី ជាង១២ម៉ឺននាក់ដូចគ្នា រីឯកូឡុំប៊ី និងបារាំង ក៏មានជាង១១ម៉ឺននាក់ដូចគ្នាផងដែរ៕
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com