អន្តរជាតិ
អាហ្វហ្គានីស្ថាន! ចិនជម្លៀសប្រជាជនខ្លួនចេញ ស្របពេលអាមេរិកដកទ័ព
10, Jul 2021 , 5:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ចិន បានជម្លៀសប្រជាជនខ្លួនចំនួន ២១០នាក់ចេញពីអាហ្វហ្កានីស្ថាន ស្របពេលអាមេរិក នឹងបញ្ចប់ការដកទ័ពចេញពីប្រទេសមួយនេះ នៅត្រឹមខែសីហា។ នេះបើតាមបញ្ជាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Xiamen នៅថ្ងៃទី៨ ខែកក្កដា។


នាពេលថ្មីៗនេះ ក្រសួងការបរទេសចិន បានប្រកាសពីការត្រលប់មកវិញរបស់ជនជាតិចិន រួមទាំងអ្នកជំងឺកូវីដ-១៩ ផង ពីអាហ្វហ្កានីស្ថាន មកចិនវិញ។ ប៉ុន្តែការត្រលប់មកមាតុប្រទេសវិញនេះ មិនត្រូវបានក្រសួងការបរទេសចិន បញ្ជាក់ពីមូលហេតុឡើយ។ 
ជនជាតិចិន ដែលត្រូវបានជម្លៀសជាចេញពីអាហ្វហ្កានីស្ថានមានចំនួន ២១០នាក់ ដោយមនុស្ស ២២នាក់ ក្រោយមក ត្រូវបានប្រកាសថាឆ្លងជំងឺកូវីដ-១៩។ 
 
នៅថ្ងៃទី៧ ខែកក្កដា នាយកដ្ឋានកិច្ចការកុងស៊ុលចិន បានជូនដំណឹងនៅក្នុងបណ្តាញសង្គមថា ដើម្បីធានាសុវត្ថិភាពជនជាតិចិន រដ្ឋាភិបាលអំពាវនាវឱ្យជនជាតិចិនចាកចេញពីអាហ្វហ្កានីស្ថានឱ្យបានឆាប់ និងផ្តល់ជំនួយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ការជម្លៀសប្រជាជនចិនចេញពីអាហ្វហ្កានីស្ថាន ធ្វើឡើងស្របពេលប្រធានាធិបតីអាមេរិក បានប្រកាសដកទ័ពឱ្យអស់ត្រឹមខែសីហា ពោលគឺប្រមាណ ១១ថ្ងៃ មុនខួបក្រុមអាល់កៃដា វាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) និងមន្ទីរបញ្ចកោណអាមេរិក។ 
 
គួររំលឹកថា ជិតរយៈពេល ២០ឆ្នាំហើយ ដែលអាមេរិក បានបញ្ជូនទ័ពទៅអាហ្វហ្កានីស្ថាន បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ដើម្បីវាយប្រហារលើក្រុមភេរវករ៕ 
 

Tag:
 អាមេរិក
  ចិន
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com