ជាតិ
សេដ្ឋកិច្ច
ការនាំចេញ ម្រេច គ្រាប់ស្វាយចន្ទី ចេក ពោត ដំឡូងមី សុទ្ធតែកើនឡើង ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩
10, Jul 2021 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ដ្បិតស្ថិតក្នុងបរិបទកូវីដ-១៩ ផលិតផលកសិកម្ម ក្នុងស្រុកមួយចំនួន ជួបបញ្ហាទីផ្សារ ប៉ុន្តែការនាំចេញផលិតផលកសិកម្មសំខាន់ៗ ដូចជា ម្រេច គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក ពោត និងដំឡូងមី កើនឡើង។ អ្នកជំនាញ យល់ថា ការនាំចេញកសិផលកើនឡើង ព្រោះតម្រូវការទីផ្សារពិភពលោកខ្ពស់។

 
របាយការណ៍នាំចេញកសិផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឆមាសទី១ ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជា បាននាំចេញកសិផលសរុបជាង ៤លានតោន ទៅកាន់ទៅកាន់ទីផ្សារអន្តរជាតិ ដែលកើនឡើងជាង ៨៤ភាគរយ ប្រៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។
 
របាយការណ៍ដដែល បង្ហាញពីតួលេខនៃនាំចេញកសិផលសំខាន់ៗ ទាំងនោះសុទ្ធតែកើនឡើង ប្រៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។ ក្នុងនោះ កម្ពុជា បាននាំចេញចំណិតដំឡូងមីក្រៀម ១លានតោន,គ្រាប់ស្វាយចន្ទី ជាង៨៤ម៉ឺនតោន,ផ្លែចេកស្រស់ ជាង២៣ម៉ឺនតោន,ផ្លែស្វាយស្រស់ ជិត១៦ម៉ឺនតោន,គ្រាប់ពោត ១៤ម៉ឺនតោន និងម្រេច ប្រមាណ១,៤ម៉ឺនតោន។
 
ការនាំចេញកសិផលកើនឡើង ជាសញ្ញាវិជ្ជមានមួយសម្រាប់កសិករខ្មែរ អំឡុងវិបត្តិកូវីដ-១៩។ អ្នកជំនាញក្នុងវិស័យកសិកម្ម យល់ថា ទីផ្សារពិភពលោក មានតម្រូវការខ្ពស់។ លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានបញ្ជាប់យ៉ាងខ្លីដូច្នេះ៖«ការនាំចេញកសិផលកើន ព្រោះតម្រូវការកើនឡើង»។
 
ជាមួយគ្នានេះ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បង្ហាញការសាទរ ចំពោះកម្ពុជា ដែលអាចនាំចេញកសិផលជាច្រើនមុខ ទៅកាន់ទីផ្សារអន្តរជាតិ ទោះស្ថិតក្នុងស្ថានភាពលំបាក នៃការរាលដាលនៃជំងឺកូវីដ-១៩។


 លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

លោក គង់ ភាជ បានលើកឡើងបែបនេះ៖«យើងទទួលស្គាល់ថា វិបត្តិកូវីដ-១៩ ធ្វើឱ្យផលិតកម្មកសិកម្ម មួយចំនួនពិបាកក្នុងការរកទីផ្សារ។ តែសម្រាប់ដំណាំសក្កដានុពលមួយចំមួយ ដូចជា ដំឡូងមី ស្វាយ ម្រេច នៅតែអាចនាំចេញ»។ 
 
អ្នកជំនាញក្នុងវិស័យកសិកម្ម សុទ្ធតែយល់ថា អំឡុងវិបត្តិកូវីដ-១៩ ធ្វើឱ្យទីផ្សារពិភពលោកមានតម្រូវខ្ពស់ ទើបកម្ពុជា មានឱកាសនាំចេញកសិផលកើនឡើង ក្នុងបរិបទនេះ។ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត យល់ថា ទីផ្សារកសិកម្មឆ្នាំនេះ ហាក់មានភាពប្រសើរជាងរាល់ឆ្នាំ បើទោះស្ថិត ក្នុងបរិបទកូវីដ-១៩។ លោក ងួន ឡាយ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា សន្ទុះនៃការនាំចេញកើនឡើង ព្រោះទីផ្សារពិភពលោកឆ្នាំនេះ ល្អប្រសើរ។
 
លោកបានរៀបរាប់បែបនេះ៖«វាមិនមែនមកពីការកើនឡើងផ្ទៃដីដាំដុះ ឬការប្រែប្រួលផលិតភាពដាំដុះនោះទេ។ វាអាស្រ័យលើស្ថានភាពពិភពលោកជាក់ស្ដែង។ សូម្បីម្រេចកំពត ឆ្នាំនេះក៏មានទីផ្សារប្រសើរជាងរាល់ឆ្នាំដែរ»។
 
ដោយឡែក ការប្រមូលផលម្រេចកំពត ឆ្នាំនេះ មិនទាន់បញ្ចប់ទាំងស្រុងនោះទេ។ ប្រធានសមាគ មិនកំណត់បានទេថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ម្រេចកំពតមានបរិមាណប៉ុន្មាន ដែលបាននាំចេញ។ ជាមធ្យម ម្រេចកំពត អាចប្រមូលផលបាន ក្នុងរង្វង់៩០តោនក្នុង១ឆ្នាំ ហើយការនាំចេញអាចបាន៧០តោន ក្នុងមួយឆ្នាំ។ ដោយឡែក ម្រេចស មានតម្លៃ ចន្លោះ ២៦-២៨ដុល្លារ ក្នុងមួយគីឡូក្រាម។ កម្រេចក្រហម មានតម្លៃ ចាប់ពី ២៥-២៦ដុល្លារ ក្នុងមួយគីឡូក្រាម។ រីឯ ម្រេចខ្មៅវិញ មានតម្លៃ ពី១៥-១៦ដុល្លារ ក្នុងមួយគីឡូក្រាម។
 
ថ្វីបើការប្រមូលផលម្រេចមិនទាន់ចប់ តែប្រធានសមាគមម្រេចកំពត អះអាងថា ទីផ្សារម្រេចកំពតឆ្នាំនេះ មានសន្ទុះប្រសើរជាងឆ្នាំមុនៗ។ លោកបានអះអាងដូច្នេះ៖«ឆ្នាំនេះការប្រមូលផលយឺតជាងឆ្នាំមុនមែន តែសន្ទុះនៃទីផ្សារម្រេចឆ្នាំនេះ ល្អជាងរាល់ឆ្នាំ។ ព្រោះយើងមានកុងត្រាជាមួយក្រុមហ៊ុនច្រើន»។
 
បើតាមរបាយការណ៍នាំចេញកសិផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆមាសទី១ ឆ្នាំ២០២១ កម្ពុជា បាននាំចេញកសិផលសរុប ប្រមាណ ៤លានតោន គិតជាទឹកប្រាក់ ជាង ២ពាន់លានដុល្លារ៕
 
 
 

Tag:
 កសិកម្ម
  កសិផល
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com