ជាតិ
រដ្ឋាភិបាលនៅតែបន្តឧបត្ថម្ភដល់គ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងវិបត្តិកូវីដ-១៩
11, Jul 2021 , 10:59 pm        
រូបភាព
រូបភាពពី នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
រូបភាពពី នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ភ្នំពេញ៖ រដ្ឋាភិបាលនៅតែបន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គម និងវិធានការអន្តរាគមន៍ជំនួយសង្គមបន្ថែមទៀត ដើម្បីជួយជីវភាពរបស់ពលរដ្ឋក្រីក្រ ជាពិសេសស្រ្តី និងក្មេងស្រី ដែលងាយរងគ្រោះក្នុងវិបត្តិកូវីដ-១៩។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ក្នុងទិវាប្រជាជនពិភពលោកលើកទី៣២ នៅថ្ងៃទី ១១ កក្កដានេះ។

 
សម្ដេច ហ៊ុន សែន បានលើកឡើងថា នៅក្នុងវិបត្តិកូវីដ-១៩នេះ ស្រ្តី និងក្មេង ជាក្រុមដែលងាយរងគ្រោះ ហើយកំពុងមានហានិភ័យខ្ពស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលងាយធ្លាក់ចូលក្នុងភាពក្រីក្រ។ ជាមួយគ្នានេះ រដ្ឋាភិបាលនៅតែបន្តឧបត្ថម្ភ មូលធនថវិកា «សាច់ប្រាក់ពលកម្ម»ចំពោះកម្មការិនីមានផ្ទៃពោះ និងគ្រួសារដែលមានជីវភាពក្រីក្រ ដើម្បីជួយដល់កម្មករនិយោជិតដែលព្យួរការងារអំឡុងពេលរោងចក្រ បានផ្អាកដំណើរការ។
 
លើសពីនេះ រដ្ឋាភិបាលក៏បានបង្កើតកម្មវិធីជំនួយសង្គមមួយទៀត គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ ដែលដំណើរការកាលពីថ្ងៃទី១២ មិថុនា។ 
 
«រដ្ឋាភិបាល និងពិនិត្យលទ្ធភាពគ្របដណ្ដប់១០០ភាគរយ ចំពោះអ្នកមានប័ណ្ណក្រីក្រ តាមរយៈមូលនិធិសមធម៌សុខភាព និងគ្របដណ្ដប់លើកម្មករផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ តាមគម្រោងរ៉ាប់រងធានាសុខភាពមន្រ្តីរាជការស៊ីវិលនៃ ប.ស.ស»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។ 
គួរជម្រាបថា កន្លងមក រដ្ឋាភិបាល បានចំណាយថវិកា៣៥០ លានដុល្លារហើយ សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងវិបត្តិកូវីដ-១៩៕ 
 

Tag:
 សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com