អន្តរជាតិ
WHO៖ កូរ៉េខាងជើង នៅតែមិនមានករណីឆ្លងជំងឺកូវីដ-១៩ ឡើយ
13, Jul 2021 , 9:29 pm        
រូបភាព
មន្រ្តីសន្តិសុខកូរ៉េខាងជើងម្នាក់ នៅក្នុងខេត្តKangwon កូរ៉េខាងជើង។ រូបភាព៖ AFP
មន្រ្តីសន្តិសុខកូរ៉េខាងជើងម្នាក់ នៅក្នុងខេត្តKangwon កូរ៉េខាងជើង។ រូបភាព៖ AFP
កូរ៉េខាងជើង បានធ្វើតេស្តរកជំងឺកូវីដ-១៩ លើមនុស្សប្រមាណ ៣៥០០០នាក់ ប៉ុន្តែមិនបានរកឃើញករណីឆ្លងឡើយ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៣ ខែកក្កដា ស្របពេលពិភពលោក កំពុងរងគ្រោះដោយសារជំងឺឆ្លងសកល។


ក្នុងរបាយការណ៍ប្រចាំសប្តាហ៍របស់អង្គការសុខភាពពិភពលោក ប្រជាជនកូរ៉េខាងជើងចំនួន ៧១៨នាក់ បានធ្វើតេស្តរកជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា។ ប៉ុន្តែគ្មាននរណាម្នាក់ មានលទ្ធផលវិជ្ជមានឡើយ។ ការធ្វើតេស្តជំងឺកូវីដ-១៩ នៅកូរ៉េខាងជើង បានកើនដល់ ៣២៥១២នាក់ហើយ។ ក្នុងចំណោមមនុស្ស ៧១៨នាក់នោះ ១២៧នាក់ បានចេញរោគសញ្ញាគ្រុនក្តៅ និងជំងឺផ្លូវដង្ហើមផងដែរ។ 
 
បើទោះគ្មានករណីឆ្លងជំងឺកូវីដ-១៩ ក្តី រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានរឹតបន្តឹងវិធានទប់ស្កាត់ជំងឺកូវីដ-១៩ យ៉ាងខ្លាំង។ នៅចុងខែមិថុនាកន្លងទៅ លោកគីម ជុងអ៊ុង បានប្រកាសដកតំណែងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប បន្ទាប់ពីលោក បានអះអាងថា អ្នកទាំងនោះ បានបង្កឧបទ្ទវហេតុធ្ងន់ធ្ងរ ដែលបំផ្លាញដល់ការខិតខំទប់ស្កាត់ជំងឺកូវីដ-១៩។ លើសពីនេះ កូរ៉េខាងជើង បានប្រកាសបិទព្រំដែនទាំងអស់ ចាប់តាំងពីផ្ទុះកូវីដ-១៩ មក។ 
 
សូមបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបានរំពឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ ២លានដូស តាមរយៈយន្តការ COVAX ផងដែរ។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ឃើញមានវ៉ាក់សាំងមួយដូសទៅដល់ប្រទេសនេះនៅឡើយ៕
 

Tag:
 កូរ៉េខាងជើង
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com