ជាតិ
គ្រោះរាំងស្ងួត និងសត្វល្អិត ធ្វើឲ្យទិន្នផលដំឡូងមីនៅប៉ៃលិនជាង១២០០ហិកតាធ្លាក់ចុះ
15, Jul 2021 , 7:59 am        
រូបភាព
ចម្ការដំឡូងមីរបស់កសិករ ក្នុងខេត្តប៉ៃលិន (រូបភាពពីហ្វេសប៊ុកមន្ទីរកសិកម្មខេត្តប៉ៃលិន)
ចម្ការដំឡូងមីរបស់កសិករ ក្នុងខេត្តប៉ៃលិន (រូបភាពពីហ្វេសប៊ុកមន្ទីរកសិកម្មខេត្តប៉ៃលិន)
ដោយ:
គ្រោះរាំងស្ងួតក្នុងខេត្តប៉ៃលិន បានអូសបន្លាយចាប់តាំងពីចុងខែឧសភា រហូតដល់ដើម ខែកក្កដា។ គ្រោះរាំង ស្ងួតនេះ បានប៉ះពាល់ដំណាំដំឡូងមីសរុប ១ ២៩០ហិកតារបស់កសិករ ក្នុងខេត្តប៉ៃលិន។

 
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឱ្យដឹងថា គ្រោះរាំងស្ងួត ធ្វើឱ្យដំណាំដំឡូងមី ជ្រុះស្លឹក ងាប់ដើម និងប៉ះពាល់ដល់ដំណើរការលូតលាស់របស់ដំឡូងមី។ ជាមួយគ្នានេះ ដំណាំពោតជាច្រើនហិកតា ក៏បានប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រប់នេះដែរ។
 
«ខេត្តប៉ៃលិន ជួបគ្រោះរាំងស្ងួតមែន តែមិនបានប៉ះពាល់ដំណាំអ្វីផ្សេងច្រើនទេ។ ប៉ះពាល់ដំណាំពោតតិចតួចដែរ តែពោតប្រមូលផលរួចហើយ។ ដោយឡែក ដំណាំដំឡូងមី ខាងមន្ទីរកសិកម្ម បានផ្ដល់ថ្នាំកម្ចាត់សត្វល្អិតដែលបំផ្លាញដំណាំទាន់ពេល បូករួមប៉ុន្មានថ្ងៃនេះ មានភ្លៀងផង ទើបមិនប៉ះពាល់ខ្លាំង»។ នេះជាការបញ្ជាក់របស់លោក សាយ សុផាត។
 
ជាទូទៅ កសិករក្នុងខេត្តប៉ៃលិន ប្រមូលផល ដំឡូងមី ចាប់ពីខែធ្នូ ដល់ខែមករា។  កសិករ ប្រមូលផលដំឡូងមី ធ្លាក់ចុះតិចតួច។ លោកប្រធានមន្ទីរកសិកម្ម បញ្ជាក់បន្ថែមបែបនេះ៖«ថ្វីបើ បញ្ហានេះ អាចមិនធ្វើឱ្យទិន្នផលធ្លាក់ចុះ តែក៏ប៉ះពាល់ដល់ដំណើរការលូតលាស់របស់ដំណាំដំឡូងមីដែរ»។
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជា មានផ្ទៃដីដាំដុះដំណាំដំឡូងមី សរុប ជាង ៦៦ម៉ឺនហិកតា ដែលទទួលបានបរិមាណផល ជាង ១២លានតោន ក្នុងមួយឆ្នាំ។ តាមរបាយការណ៍ដដែល នៅឆមាសទី១ ឆ្នាំ២០២១ កម្ពុជា បាននាំចេញដំឡូងមីស្រស់ ចំនួន ៣៥៨ ៨០០តោន ដែលមានការធ្លាក់ចុះ ១១,៧៥ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងនោះនាំចេញទៅប្រទេសថៃ ចំនួន ៦៥ ០០០តោន និងប្រទេសវៀតណាម ចំនួន ២៩៣ ៨០០តោន៕
 

Tag:
 ប៉ៃលិន
 ដំឡូងមី
© រក្សាសិទ្ធិដោយ thmeythmey.com