ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អន្តរជាតិ
អ្នករលូតកូនដោយឯងៗច្រើនដង អាចទាក់ទងនឹងបញ្ហាហ្សែន
15, Jul 2021 , 8:19 am        
រូបភាព
ការរលូតកូនដោយឯងៗ គឺជាករណីទូទៅ ដែលស្ត្រីមានផ្ទៃពោះអាចជួបប្រទះ។ កន្លងមកករណីនេះ មិនទាន់មានការអះអាងណាមួយ អាចបញ្ជាក់ថាវាបណ្តាលមកពីអ្វីនៅឡើយ។ ដូច្នេះ ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យវេជ្ជសាស្ត្រ Yale ក៏បានសិក្សាអំពី (Genetic) សេនេទិច ដោយផ្តោតលើ ហ្សែន ដែលទំនងជាជាប់ទាក់ទងនឹងការរលូតកូនច្រើនដង។

 
តាមការសិក្សាមួយ ស្រ្តីមានផ្ទៃពោះប្រមាណ១៥ភាគរយ អាចប្រឈមនឹងការរលូតកូនមុនពេលកូនក្នុងផ្ទៃចាប់ផ្តើមមានចង្វាក់បេះដូង ឬក្នុងអំឡុង ២០សប្តាហ៍ដំបូង។ លើសពីនេះ ស្ត្រីមានផ្ទៃពោះប្រមាណ៥ភាគរយ ធ្លាប់មានបទពិសោធន៍រលូតកូនពីរដង និងប្រហែល ១ភាគរយ ធ្លាប់រលូតដល់ទៅ ៣ដងឯណោះ។
 
«ស្ត្រីជាច្រើនរូប ត្រូវមានផ្ទៃពោះជាច្រើនដងក្នុងមួយជីវិត ហើយក៏មានស្ត្រីជាច្រើននាក់ផ្សេងទៀតដែរ ដែលមានបទពិសោធន៍រលូតកូនមួយដងក្នុងមួយជីវិត»។ ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យ Yale-New Heaven លោក Hugh Taylor បានលើកឡើងបែបនេះ ដោយបន្ថែមថា អ្នកជំនាញមិនដឹងទេថាការរលូតនោះបណ្តាលមកពីអ្វី។
 
ការរលូតកូនដោយឯងៗ ម្តងហើយម្តងទៀត បានក្លាយជាបញ្ហាដែលមិនទាន់ដឹងពីមូលហេតុ ច្បាស់នៅឡើយទេ។ ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវសកលវិទ្យាល័យវេជ្ជសាស្ត្រ Yale បានសិក្សាអំពី ព័ត៌មានសេនេទិច ដែលគេគិតថាប្រហែលជាមានទំនាក់ទំនងជាមួយការរលូតកូនច្រើនដង។ នេះបើតាមទំព័រសុខភាពនៃសាលាវេជ្ជសាស្ត្រ Yale។ 
 
ក្នុងការសិក្សានោះ ក្រុមអ្នកជំនាញ បានប្រមូលយក លក្ខណៈហ្សែនរបស់ស្ត្រីដែលធ្លាប់រលូតកូនច្រើនដង និងគំរូឈាមពីឳពុកម្តាយ រួមទាំងទារក ហើយវិភាគប្រៀបធៀបរវាងអ្នកទាំងបី។ ទាក់ទងនឹងការសិក្សាលើព័ត៌មានសេនេទិច គេនឹងសិក្សាស៊ីជម្រៅលើតំណលំដាប់នៃព័ត៌មានសេនេទិចរបស់ទារក ដែលរលូតជាមួយឳពុកម្តាយ និងស្វែងរកបញ្ហានៃការប្រែប្រួលផ្សេងៗទៀត។ 
 
ការសិក្សាថ្មីនេះ មានសារៈសំខាន់ណាស់ ដោយអាចជួយព្យាបាល និងគាំទ្រស្ត្រីដែលជួបបញ្ហារលូតកូនម្តងហើយម្តងទៀត។ លើសពីនេះ វាក៏ជួយដល់អ្នកជំនាញឱ្យបានយល់ដឹង ពីហេតុផលដែលស្ត្រីអាចរលូតកូនដោយឯងៗ និងដើម្បីដោះស្រាយបញ្ហាដែលមិនទាន់អាចបកស្រាយបានជាយូរមកហើយ។
 
គួររំលឹកថា កាលពី១៥ឆ្នាំមុន ការសិក្សាអំពីហ្សែន ដែលទាក់ទងនឹងការរលូតកូននេះ នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើនៅឡើយ។ បច្ចុប្បន្ននេះ ដោយសារបច្ចេកវិទ្យាកាន់តែទំនើប អ្នកវិទ្យាសាស្ត្រអាចសិក្សាលើតំណលំដាប់ហ្សែនរបស់មនុស្សក្នុងទំហំទ្រង់ទ្រាយធំ និងបានឆាប់រហ័សជាងមុន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com