ជាតិ
ក្រសួងកសិកម្ម ៖ អ្នកចិញ្ចឹមសត្វ មិនត្រូវប្រើប្រាស់សារធាតុអង់ទីប៊ីយូទិកក្នុងចំណីសត្វឡើយ
15, Jul 2021 , 9:59 pm        
រូបភាព
រូបភាពពីក្រុមអ្នកចិញ្ចឹមសត្វ
រូបភាពពីក្រុមអ្នកចិញ្ចឹមសត្វ
ដោយ:
ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមមិនឱ្យអ្នកប្រកបរបរក្នុងវិស័យចិញ្ចឹមសត្វទាំងអស់ ប្រើប្រាស់សារធាតុអង់ទីប៊ីយូទិក ក្នុងចំណីសត្វ ដែលអាចបង្កហានិភ័យ ដល់សុខភាពអ្នកបរិភោគ។

 
លោក តាន់ ផាន់ណារ៉ា ប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានលើកឡើងថា ការហាមឃាត់ការប្រើប្រាស់សារធាតុអង់ទីប៊ីយូទិក ដើម្បីទប់ស្កាត់ និងបញ្ជៀសនូវហានិភ័យដែលអាចកើតឡើងដោយសារការបំពានច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។
 
ប្រធាននាយកដ្ឋានសុខភាពសត្វ  យល់ដូច្នេះថា៖ «ការធ្វើពាណិជ្ជកម្ម ការផលិតនិងលាយចំណី ការប្រើប្រាស់ចំណីសត្វ សារធាតុបន្ថែមផ្សំចំណីសត្វ នៅមានចន្លោះប្រហោង និងបំពានច្បាប់ និងខុសគោលការណ៍ណែនាំ របស់សមត្ថកិច្ចជំនាញ»។ 
 
ប្រភេទអង់ទីប៊ីយូទិក ដែលក្រសួងហាមប្រើប្រាស់ក្នុងចំណីសត្វនោះរួមមាន Chloramphenicol, Clenbuterol, Fluoroquinolones, Glycopeptides, Vancomycin, Nitroimidazoles, Dimetridazole, Ipronidazole, Metronidazole និងថ្នាក់របស់វា Sulfonamide និងអង់ទីប៊ីយូទិកដទៃ ដែលមានចែងក្នុង Codex Alimentarius សម្រាប់ចំណីសត្វ។


រូបភាពពីក្រុមអ្នកចិញ្ចឹមសត្វ 
ក្រសួងហាមឃាត់ ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ សារធាតុជំរុញការលូតលាស់របស់សត្វខុសប្រក្រតី ផលិតផលសារពាង្គកាយរស់កែច្នៃសេនេទិកហាមឃាត់ ឬបសុឱសថហាមឃាត់សម្រាប់ចំណីសត្វ ដែលបង្កគ្រោះថ្នាក់ ដល់សុខភាពសត្វ និងមនុស្ស។ កសិដ្ឋានចិញ្ចឹមសត្វ អាចប្រើប្រាស់តែសារធាតុគីមី និងថ្នាំសម្លាប់មេរោគ ដែលច្បាប់អនុញ្ញាត តែប៉ុណ្ណោះ។
 
ក្រសួងកសិកម្ម បានណែនាំបន្ថែមថា គ្រប់កន្លែងចិញ្ចឹមសត្វ ត្រូវកត់ត្រាលម្អិត ពីការផ្ដល់ចំណី ទឹក ការប្រើប្រាស់ថ្នាំ និងដំណើរការចិញ្ចឹមលើសត្វរបស់ខ្លួន។ ដោយឡែក ចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមផ្សំចំណីសត្វ ឬបសុឱសថ ត្រូវចុះបញ្ជីមុនធ្វើពាណិជ្ជកម្ម។ ចំពោះ អ្នកដែលកាន់កាប់វិញ្ញាបនបត្រ ឬលិខិតធ្វើអាជីវកម្មសត្វ គ្រប់រូបភាព ត្រូវកត់ត្រាព័ត៌មានស្ដីពីការនាំចូល ការនាំចេញ ការនាំឆ្លងកាត់ ការផលិតលាយផ្សំ។
 
កន្លងមក ក្រសួងកសិកម្ម បានចេញសេចក្ដីប្រកាសមួយចំនួនរួចមកហើយ នូវច្បាប់ស្ដីពី សុខភាពសត្វ និងផលិតកម្មសត្វ ដែលទាក់ទងនឹងការគ្រប់គ្រងការចិញ្ចឹមសត្វ នៅតាមកន្លែង ឬកសិដ្ឋានចិញ្ចឹមសត្វ ក្នុងគោលបំណងជំរុញផលិតកម្មនិងផលិតភាពសត្វ បង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសត្វ ការពារសុខុមាលភាពសាធារណៈ និងបរិស្ថាន ព្រមទាំងធានានូវផលិតផលសត្វមានអនាម័យ មានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕
 
 

Tag:
 អង់ទីប៊ីយូទិក
 ចំណីសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com