កីឡាអន្តរជាតិ
អន្តរជាតិ
Robben ចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ជាលើកទី២ ដោយសាររបួស និងកូវីដ-១៩
16, Jul 2021 , 10:29 am        
រូបភាព
Arjen Robben អតីតខ្សែប្រយុទ្ធឆ្នើម Bayern Munich ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ជាលើកទី២ ដោយសារបញ្ហារបួស និងការរាតត្បាតដោយសារជំងឺកូវីដ-១៩។ វីរបុរសហូឡង់រូបនេះ ធ្លាប់ព្យូរស្បែកជើងម្តងរួចមកហើយកាលពី៣ឆ្នាំមុន មុនពេលត្រឡប់ចូលលេងឱ្យ FC Groningen នៅរដូវកាលមុន។


Robben សម្រេចចូលនិវត្តិន៍ពីកីឡាករបាល់ទាត់ម្តងមកហើយនៅឆ្នាំ ២០១៩ ពោលគឺបន្ទាប់ពីកិច្ចសន្យារបស់គេជាមួយ Bayern Munich ត្រូវបញ្ចប់។ ប៉ុន្តែ៣ឆ្នាំក្រោយ Robben ប្រកាសចូលនិវត្តន៍ជាថ្មីនៅវ័យ៣៧ឆ្នាំ។
 
«ខ្ញុំបានសម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់ដ៏សកម្មរបស់ខ្ញុំ។ នេះជាជម្រើសដ៏លំបាកបំផុត។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រដ៏ស្មោះស្ម័គ្រ»។ Robben សរសេរសារបែបនេះនៅលើបណ្តាញសង្គម Twitter របស់ខ្លួន។
 

 
អតីតខ្សែប្រយុទ្ធឆ្នើម Chelsea និង Real Madrid រូបគេបានវិលត្រឡប់ពីការព្យូរស្បែកជើងរបស់ខ្លួននៅឆ្នាំ២០២០ ដោយទៅចូលរួមជាមួយ FC Groningen នៃលីគកំពូលហូឡង់រដូវកាលមុន។ យ៉ាងណាក៏ដោយ ការរងរបួស និងរោគរាតត្បាតកូវីដ-១៩ បានធ្វើឱ្យ Robben ប្រកាសបញ្ចប់អាជីពលើទីលានជាលើកទីពីរនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
 
Robben ប្រកបអាជីពនេះរយៈពេលពីរទសវត្សរ៍ ដោយក្នុងនោះ FC Groningen ជាក្រុមដំបួងដែលគេលេងឲ្យ ហើយក៏ជាក្រុមចុងក្រោយផងដែរ។ ក្រុមបន្តបន្ទាប់រួមមាន PSV Eindhoven, Chelsea, Real Madrid និង Bayern Munich។
 
អតីតសមាជិកក្រុមជម្រើសជាតិហូឡង់រូបនេះ ធ្លាប់ឈ្នះពានរង្វាន់ Premier League ២ ដង, League Cup ២ ដងនិង FA Cup ជាមួយ Chelsea។ Robben ជួយ Bayern Munich ឈ្នះជើងឯក Bundesliga រហូតដល់ទៅ៨លើក រួមទាំង Champions League ១លើកផង និងធ្លាប់ឈ្នះ Li Liga ជាមួយ Real Madrid ម្តងដែរ។
 
សម្រាប់ជម្រើសជាតិហូឡង់ Robben បង្ហាញខ្លួនបាន៩៦លើក ដោយស៊ុតបញ្ចូលទីបាន៣៧គ្រាប់ ក្នុងនោះជួយក្រុមរហស្សនាមទឹកក្រូចទទួលបានចំណាត់ថ្នាក់ទី២នៃពានរង្វាន់ World Cup ឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូងក្រោយចាញ់អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ៕
 

Tag:
 Arjen Robben
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com