អន្តរជាតិ
ហ្វីលីពីន រកឃើញករណីឆ្លងវីរុសដែលតាក្នុងស្រុកលើកដំបូង
16, Jul 2021 , 3:29 pm        
រូបភាព
ហ្វីលីពីន រកឃើញករណីឆ្លងវីរុសទម្រង់ «ដែលតា» ក្នុងស្រុកលើកដំបូង។ រូបភាព៖ AFP
ហ្វីលីពីន រកឃើញករណីឆ្លងវីរុសទម្រង់ «ដែលតា» ក្នុងស្រុកលើកដំបូង។ រូបភាព៖ AFP
ហ្វីលីពីន បានរកឃើញករណីឆ្លងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ «ដែលតា» លើកដំបូងនៅក្នុងស្រុកលើកដំបូង។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃទី១៦ ខែកក្កដា។

 
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី Maria Rosario Vergeire បានបញ្ជាក់ថា ហ្វីលីពីន មានករណីឆ្លងវីរុសទម្រង់ដែលតាចំនួន ១៦ករណី ដោយ១១ករណី គឺជាករណីឆ្លងក្នុងស្រុក និង ៥ករណីទៀត គឺជាជនជាតិហ្វីលីពីន ដែលត្រលប់មកពីអេមីរ៉ាតអារ៉ាប់រួម កាតា និងអង់គ្លេស។ ក្នុងចំណោមអ្នកទាំង ១៦នាក់នេះ មនុស្សម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យមួយ នៅទីក្រុងម៉ានីល។ 
 
នេះ ជាករណីឆ្លងវីរុសទម្រង់ដែលតា ក្នុងស្រុកលើដំបូងនៅហ្វីលីពីន។ កន្លងមក វីរុសប្រភេទនេះ ក៏ត្រូវបានរកឃើញនៅថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងបណ្តាប្រទេសផ្សេងទៀតផងដែរ។ 
 
ការរកឃើញករណីឆ្លងវីរុសទម្រង់ថ្មីនេះ ធ្វើឡើងស្របពេលហ្វីលីពីន កំពុងមានករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងយ៉ាងខ្លាំង។ នៅថ្ងៃទី១៥ ខែកក្កដា ហ្វីលីពីន មានករណីឆ្លងចំនួន ៥២២១ករណី និងអ្នកស្លាប់មានចំនួន ៨២នាក់។ ករណីឆ្លងសរុបមានជាង ១,៤លានករណី និងអ្នកស្លាប់មានចំនួនជាង ២ម៉ឺននាក់។
 
មកទល់ពេលនេះ ហ្វីលីពីន បានផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ ១៣,១លានដូសហើយ ដល់ប្រជាជនរបស់ខ្លួន ដោយមនុស្សចំនួន ៣,៤៦លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕
 

Tag:
 ហ្វីលីពីន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com