អន្តរជាតិ
អាមេរិក និងអាល្លឺម៉ង់ ប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសកល
16, Jul 2021 , 5:59 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ លោកស្រីអែនជែឡា មឺហ្គែល ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នាសេតវិមានអាមេរិក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ រូបថត AFP
អធិការបតីអាល្លឺម៉ង់ លោកស្រីអែនជែឡា មឺហ្គែល ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នាសេតវិមានអាមេរិក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ រូបថត AFP
មេដឹកនាំអាមេរិក និងអាល្លឺម៉ង់ នៅថ្ងៃទី១៥ ខែកក្កដា បានប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសកល ស្របពេលប្រទេសអឺរ៉ុប និងអាមេរិក មើលឃើញពីការបំពានសិទ្ធិមនុស្សនៅចិន និងបណ្តាប្រទេសមួយចំនួន។

 
ក្នុងដំណើរទស្សនកិច្ចលើកទី២៣ ទៅទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីក្លាយជាអធិការបតីអាល្លឺម៉ង់ លោកស្រី អែនជែឡា មឺហ្គែល បានជជែកពីបញ្ហាជាច្រើន ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន។ ប្រធានបទសិទ្ធិមនស្សនៅចិន ក៏ជារបៀបវារៈដ៏សំខាន់ដែរ ក្នុងជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីររយៈពេលជិត ១ម៉ោង។ 
 
«យើង ជាប្រទេសគាំទ្រសង្គមសេរី និងលទ្ធិប្រជាធិបតេយ្យ និងក្រោកឈរការពារសិទ្ធិទាំងនោះ»។ លោកស្រី មឺហ្គែល បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នៅទីណា ដែលសិទ្ធិមនុស្សមិនអាចធានាបាន អាល្លឺម៉ង់ និងអាមេរិក នឹងចេញមុខប្រឆាំង និងមិនគាំទ្រសកម្មភាពបំពានសិទ្ធិមនុស្សឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍សេតវិមានអាមេរិកនៅថ្ងៃទី១៥ ខែកក្កដា។ 
 
មិនខុសពីអធិការបតីអាល្លឺម៉ង់ឡើយ ប្រធានាធិបតីអាមេរិក បានបន្ទរថា អាមេរិក និងអាល្លឺម៉ង់រួមគ្នា ក្នុងការប្តេជ្ញាលើកឡើងពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ បញ្ហាអំពើពុករលួយ ប្រជានិយមនៅក្នុងបណ្តាប្រទេសអឺរ៉ុប និងប្រទេសផ្សេងទៀតជាដើម។ លោកប្រធានាធិបតី បានបន្តថា ប្រទេសទាំងពីរ នឹងក្រោកឈរតទល់ជាមួយចិន និងបណ្តាប្រទេសផ្សេង ដែលកំពុងបំផ្លាញសង្គមសេរី និងបើកចំហ។ 
 
ទន្ទឹមនេះ មេដឹកនាំអាល្លឺម៉ង់ យល់ថា ចិនមិនត្រឹមតែជាគួរប្រជែងឡើយ ប៉ុន្តែក៏ជាដៃគូសហប្រតិបត្តិការផងដែរ។ បើតាមលោកស្រី មឺហ្គែល ក្នុងវិស័យពាណិជ្ជកម្ម ចិន ត្រូវតែស្មើភាព និងគោរពច្បាប់ និងបទដ្ឋានដូចប្រទេសផ្សេងដែរ ដើម្បីមានស្តង់ដារដូចគ្នា។ ចំណែកវិស័យដែលចិន និងបណ្តាប្រទេសអឺរ៉ុប អាចសហការបាន មានដូចជា ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។
 
ចិន បានក្លាយជាប្រទេសមួយ ដែលបណ្តាប្រទេសអឺរ៉ុបមួយចំនួន ចាត់ទុកថា បានបំពានសិទ្ធិមនុស្ស និងឃុំខ្លួនដោយបង្ខំលើជនជាតិភាគតិចនៅមណ្ឌលកែប្រែឡើងវិញ នាតំបន់ស៊ីនជាំង។ 
 
ក្រៅពីបញ្ហាចិន ថ្នាក់ដឹកនាំទាំងពីរ ក៏ជជែកពីរុស្ស៊ីផងដែរ។ អាមេរិក និងអាល្លឺម៉ង់ បានប្តេជ្ញាការពារសម្ព័ន្ធមិត្ត ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី។ ក្នុងន័យនេះ លោកបៃឌិន បានអះអាងថា អាមេរិក និងអាល្លឺម៉ង់ នឹងមិនអនុញ្ញាតឱ្យរុស្ស៊ី ប្រើធនធានធម្មជាតិ គំរាមកំហែងប្រទេសជិតខាងឡើយ។ លោក បៃឌិន បាននិយាយចំៗគម្រោងបង្ហូរឧស្ម័នNord Stream 2 ពីរុស្ស៊ី ទៅអាល្លឺម៉ង់។ 
 
គម្រោង១១ពាន់លានដុល្លារនេះ អាចនឹងរួចរាល់នៅដំណាច់ខែសីហា។ នៅក្នុងខែឧសភាកន្លងទៅ អាមេរិក បានលុបចោលទណ្ឌកម្ម ដែលអាចដាក់លើគម្រោងមួយនេះ ដោយប្រធានាធិបតីអាមេរិក បានការពារថា គម្រោងនោះជិតរួចរាល់ ហើយការដាក់ទណ្ឌកម្មក៏មិនសមហេតុផលដែរ៕ 
 
 
 

Tag:
 អាមេរិក
  អាល្លឺម៉ង់
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com