ជាតិ
សង្គមជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Westline Education Group ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រង និងកម្មវិធីចំនួន៣ ដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថល
16, Jul 2021 , 5:35 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុមហ៊ុន Westline Education Group ដែលមានសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធ និងកម្មវិធីចំនួន៣ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំតាមបែបឌីជីថល។ កម្មវិធីទាំងនោះ រួមមាន ប្រព័ន្ធគ្រប់គ្រងសាលារៀន(School Management System)  ប្រព័ន្ធគ្រប់គ្រងការសិក្សា(Learning Management system) និងកម្មវិធីអេបរបស់សាលារៀនតាមទូរសព្ទដៃ(Mobile School App)។
 
ពិធីប្រកាសជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប(Westline Education Group), លោក តែ ឡាយ ប្រធាននាយកអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ,ថ្នាក់ដឹកនាំសាលា និងអ្នកពាក់ព័ន្ធផ្សេងទៀត។ 
 
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group បានមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីនេះ គឺក្នុងគោលបំណងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យអប់រំ នាំយកថ្នាក់រៀនទៅដល់ផ្ទះ និងគ្រប់ទីកន្លែងក្នុងសតវត្សទី២១ ។ សម្រាប់លោក លោក ប៉ិច បូឡែន កម្មវិធីទាំង៣ ដែលសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានប្រកាសដាក់ឱ្យដំណើរការនេះ ក៏នឹងជួយពន្លឿនការបង្រៀន និងរៀន ប្រកបដោយភាពជឿនលឿន មានការច្នៃប្រឌិត ប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ ពិសេសនៅក្នុងបរិបទកូវីដ-១៩នេះ។
 

 
លោក តែ ឡាយ ប្រធាននាយកអប់រំ ប្រធាននាយកអប់រំ និងធនធានមនុស្ស នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបញ្ជាក់ថា កម្មវិធី Mobile school app វិញ
គឺជាប្រព័ន្ធ សម្រាប់សម្រួលដល់មាតាបិតា និងសិស្សានុសិស្ស អាចទទួលបានព័ត៌មានបច្ចុប្បន្នភាព និងគោលនយោបាយរបស់សាលា បានទាន់ពេលវេលា។  Mobile school app ក៏មានមុខងារជំរុញការសិក្សារបស់សិស្ស និងការចូលរួមពីមាតាបិតា ប្រកបមានប្រសិទ្ធភាពផងដែរ។ លើសពីនេះ មាតាបិតាសិស្ស អាចមានមតិចូលរួមដល់សាលា ដើម្បីអភិវឌ្ឍការសិក្សាដល់កូនៗផងដែរ។  
 


 
«យើងក៏មានសកម្មភាពផ្សេងៗដែលបង្ហាញពីសមិទ្ធផលសិក្សា ស្ថានភាពសិក្សារបស់កុមារ។ យើងចំនុចទៀតនោះ គឺជំរុញការទំនាក់ទំនងជាមួយនឹងមាតាបិតា ដើម្បីតាមដានការរីកចម្រើនរបស់បុត្រធីតា ដោយមាតាបិតាអាចទំនាក់ទំនងជាមួយគ្រូបាន។ ហើយក៏ជាធនធានល្អៗសម្រាប់មាតាបិតា។ យើងបានរៀបចំជាបណ្ណាល័យសម្រាប់គ្រូ និងមាតាបិតា»។ នេះជាការរៀបរាប់របស់លោក តែ ឡាយ។ 
 
ប្រធាននាយកអប់រំ បានពន្យល់ពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀន គឺដើម្បីផ្តល់ភាពងាយស្រួលដល់មាតាបិតាក្នុងការសាកសួរព័ត៌មានអំពីសាលារៀន និងកម្មវិធីសិក្សារបស់សាលាមុននឹងចុះចូលរៀន។ ក្នុងប្រព័ន្ធគ្រប់គ្រងសាលារៀននេះ មាតាបិតាសិស្សអាចផ្ញើសារ សុំច្បាប់ ការដាក់កិច្ចការផ្ទះ ឬសកម្មភាពសិក្សា និងទទួលបានព័ត៌មាន ឬដំណឹងផ្សេងៗរបស់សាលា រួមទាំងអាចគ្រប់គ្រងសុវត្ថិភាពសិស្ស។ 
 
សម្រាប់ប្រព័ន្ធគ្រប់គ្រងការសិក្សាវិញ លោក តែ ឡាយបានបញ្ជាក់ថា សិស្សានុសិស្ស និងមាតាបិតា អាចទាញយកមេរៀន ឯកសារ និងមើលវីដេអូបង្រៀនដែលសាលាបានរៀបចំទុកជាស្រេច និងជាកន្លែងសម្រាប់បញ្ជូនកិច្ចការផ្ទះផ្សេងទៅសិស្ស និងគ្រូ។ ជាមួយគ្នានេះ សិស្សានុសិស្សអាចតេស្តសមត្ថភាពនៅក្នុងកម្មវិធីនេះផងដែរ។ 
 
នាឱកាសចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីដ៏មានសារៈសំខាន់នវ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រើប្រាស់កម្មវិធីសិក្សាទាំងនេះ គឺជាទម្រង់នៃការលើកកម្ពស់ការអប់រំបែបឌីជីថល ឲ្យកាន់តែល្អប្រសើរ និងផ្តល់ឱកាសឲ្យសិស្សានុសិស្ស អាចសិក្សាតាមបែបបច្ចេកវិទ្យា និងមានទម្លាប់សិក្សាស្រាវជ្រាវខ្លួនឯង ក្នុងសតវត្សទី២១។ 


លោករដ្ឋមន្ត្រីក្រសួងអប់រំ មានប្រសាសន៍បញ្ជាក់ដូច្នេះ៖«បើយើងផ្លាស់ប្តូរការបង្រៀន សិស្សនឹងមានភាពក្លាហ៊ាន ចេះស្រាវជ្រាវ និងស្វែករកចំណេះដឹងខ្លួនឯង។ ការផ្លាស់ប្តូរសិក្សាបង្រៀននេះគឺធ្វើឲ្យសិស្សាមានការផ្លាស់ប្តូរឥរិយាបថពីអ្នកដែលមិនសូវចេះនិយាយ មានភាពក្លាហ៊ានហ៊ានឡើងនិយាយក្នុងថ្នាក់រៀន ហ៊ានសួរ ឆ្ងល់ និងឆ្លើយសំណួរ និងចេះស្វ័យសិក្សា និងក្លាយជាសិស្សឯករាជ្យ នៅពេលដែលគាត់ទៅឡើងដល់ថ្នាក់ឧត្តមសិក្សា នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀនសូត្រ»។ 
 
លោក ហង់ជួន ណារ៉ុន បានបន្តថា កម្មវិធីនេះ ក៏ជួយដល់មាតាបិតា អាចត្រួតពិនិត្យមើលការរៀនសូត្ររបស់កូន អាចទំនាក់ទំនងជាមួយសាលា ត្រួតពិនិត្យលើពិន្ទុរបស់សិស្ស ហើយក៏អាចជួយដល់ការប្រើប្រាស់អ៊ីនធឺណិតរបស់សិស្សផងដែរ៕ 
 
 អត្ថបទពាណិជ្ជកម្ម








 
 
 
 
 
 
 
 

Tag:
 កម្មវិធីសិក្សា
 អប់រំ
 ប៉ិច បូឡែន
  ហង់ជួន ណារ៉ុន
  Westline Education Group
© រក្សាសិទ្ធិដោយ thmeythmey.com