ជាតិ
ក្រសួងបរិស្ថាន បង្កើនធុងប្រមូលសំណល់ថ្មពិលក្នុងរាជធានី និងខេត្ត៣ទៀត
18, Jul 2021 , 10:18 am        
រូបភាព
រូបភាពដោយ ក្រសួងបរិស្ថាន
រូបភាពដោយ ក្រសួងបរិស្ថាន
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដាក់ធុងប្រមូលកាក់សំណល់ថ្មពិលចំនួន ១២ធុង នៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ និងប្រមូលថ្មពិលចាស់យកទៅគ្រប់គ្រងតាមលក្ខណៈបច្ចេកទេស។ ក្រសួងបរិស្ថាន មានគម្រោងបន្ថែមធុងចំនួន១០ទៀត ក្នុងរាជធានីភ្នំពេញ និងពង្រីកទៅដាក់តាមខេត្ត សៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ។




គម្រោងប្រមូលកាក់សំណង់ថ្មពិល ត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្នុងទិសដៅផ្សព្វផ្សាយពីផលប៉ះពាល់ដល់សុខភាព និងចូលរួមជួយដល់បរិស្ថាន។ លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ Thmey Thmey25 ថា ការរៀបចំដាក់ធុងប្រមូលកាក់សំណល់ថ្មពិល  គឺដើម្បីគ្រប់គ្រងសំណល់ដែលសម្បូរដោយសារធាតុគិមី និងកាត់បន្ថយការបោះចាលដោយពាសវាលពាសកាល ឬការចោលដោយលាយលំជាមួយសំណល់ផ្ទះ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានធ្ងន់ធ្ងរ។


 រូបភាពដោយ ក្រសួងបរិស្ថាន 

អ្នកនាំពាក្យរូបនេះ លើកឡើងបែបនេះ៖ «ការមូលនូវសំណល់ថ្មពិលទាំងនោះ ក្រុមអ្នកជំនាញនៃក្រសួងបរិស្ថាន នឹងយកទៅរក្សាទុកនៅទីចាក់សំរាមតាមតំបន់ដែលបានរៀបចំ ដើម្បីសិក្សាពីបច្ចេកទេសក្នុងការគ្រប់គ្រងដោយសុវត្តិភាព និងទាញយកផលប្រយោជន៍ពីសំណល់ទាំងនោះមកប្រើវិញ»។
 
នាពេលថ្មីៗនេះ ក្រសួងបរិស្ថាន បានដាក់ធុងសំណល់ថ្មពិលចំនួន១២ នៅតាមនៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយប្រេងឥន្ធនៈ រួមមាន ជីបម៉ុង នរោម៉ល, មណ្ឌល ជីប ម៉ុងបាក់ទូក, បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន, បូកគោ, ផ្សារតូច, និងបឹងស្នោរ។ ជាមួយគ្នានេះ ក្រសួង នឹងបន្តដាក់បន្ថែមចំនួន១០ធុងទៀតនៅតាមផ្សារ និងទីសាធារណៈនៅក្នុងរាជធានីភ្នំពេញ។
 
ទីក្រុងភ្នំពេញ គឺជាចំណុចផ្ដើមនៃការផ្សព្វផ្សាយ និងគ្រប់គ្រងសំណល់ថ្មពិលដំបូងរបស់ក្រសួងបរិស្ថាន ។ «បន្ទាប់ពីអនុវត្តក្នុងរាជធានីភ្នំពេញ ក្រសួងពង្រីកទៅតាមខេត្តបីទៀត រួមមានសៀមរាប បាត់ដំបង  និងក្រុងព្រះសីហនុ»។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ដ្រា។
 
បើតាមក្រសួងបរិស្ថាន ការទុកដាក់ ឬបោះចោលសំណល់ថ្មពិល មិនបានត្រឹមត្រូវនឹងបង្កឱ្យមានការសាយភាយសារគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។ លើសពីនេះ បង្កឱ្យខូចតម្រងនោម, ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង, បង្កឱ្យខូចប្រព័ន្ធប្រសាទ ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ, បង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា, បង្កការរលូតគភ៌ ធ្វើឱ្យទារកកើតមិនមានភាពប្រក្រតី,បង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬទារកក្នុងផ្ទៃជាដើម។
 
ក្រសួងសួង អំពាវនាវឱ្យពលរដ្ឋគ្រប់ជួយចូលរួមគ្រប់គ្រងសំណល់ថ្មពិល ដែលបានប្រើប្រាស់ទុកតាមទីតាំងក្រសួងបានរៀបចំ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាព និងផលប៉ះពាល់ដល់បរិស្ថាននៅកម្ពុជា៕
 
 
 
 
 

Tag:
 បរិស្ថាន
 ថ្មពិល
© រក្សាសិទ្ធិដោយ thmeythmey.com