អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
18, Jul 2021 , 9:29 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ ជំងឺឆ្លងសកលកូវីដ-១៩ នៅតែជាប្រធានបទក្តៅ សម្រាប់ពិភពលោក។ បណ្តាប្រទេសជាច្រើន បានគិតគូការផ្តល់វ៉ាក់សាំងដូសទីបី ឬចាក់វ៉ាក់សាំងលាយគ្នា ដើម្បីទប់ស្កាត់កូវីដ-១៩ ក៏ដូចជាវីរុសទម្រង់ដែលតា។ ក្រៅពីបញ្ហាកូវីដ-១៩ បញ្ហាបម្រែបម្រួលអាកាសធាតុ និងការបើកប្រទេសទទួលភ្ញៀវទេសចរឡើងវិញក៏សំខាន់ផងដែរ។

 
 
ថ្ងៃទី១២ ខែកក្កដា
 
នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ (CDC) បានប្រកាសថា ក្រុមគ្រូពេទ្យជួរមុខ ដែលត្រូវប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នឹងត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដើម្បីទប់ស្កាត់ហានិភ័យនៃការស្លាប់ដោយសារជំងឺកូវីដ-១៩ និងជំងឺឆ្លង។
 
យោធាចិន បានបណ្តេញនាវាអាមេរិកចេញពីដែនទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ ការបណ្តេណនាវាអាមេរិកនេះ ធ្វើឡើងចំពេលខួប ៥ឆ្នាំ នៃសាលក្រមរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ។
 
ថ្ងៃទី១៣ ខែកក្កដា
 
ជប៉ុន នឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ-១៩ ចំនួន ១លានដូសបន្ថែមដល់តៃវ៉ាន់ ដើម្បីជួយទប់ស្កាត់ការរីកសាយជំងឺឆ្លង។ ស្របគ្នានេះ ជប៉ុនក៏បានបរិច្ឆាគវ៉ាក់សាំងចំនួន ១១លានដូស ទៅបណ្តាប្រទេសផ្សេងនៅក្នុងតំបន់អាស៊ីផងដែរ។
 
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើតេស្តរកជំងឺកូវីដ-១៩ លើមនុស្សប្រមាណ ៣៥០០០នាក់ ប៉ុន្តែមិនបានរកឃើញករណីឆ្លងឡើយ។
 
ថ្ងៃទី១៤ ខែកក្កដា
 
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងទទូចឱ្យអាស៊ាន  ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់អំពើហិង្សា និងស្ដារលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឡើងវិញ។
 
អតីតអនុប្រធានាធិបតីអាមេរិក លោក មៃ ផេន បានព្រមានថា ចិនកំពុងអភិវឌ្ឍខ្លួនទៅជា «អាណាចក្របិសាច» និងបង្កការគំរាមខ្លាំងដល់អាមេរិក ជាសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់ថែមទៀត។ 
 
ថ្ងៃទី១៥ ខែកក្កដា
 
ថៃ សម្រេចបើកកោះទេសចរណ៍ចំនួនបីទៀតដើម្បីទទួលភ្ញៀវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់នៅថ្ងៃទី១៥ ខែកក្កដា បើទោះជាករណីឆ្លងក្នុងប្រទេសនៅតែធ្ងន់ធ្ងរក្ដី។ ការបើកតំបន់ទេសចរណ៍ស្វាគមន៍អ្នកដំណើរឡើងវិញ ជាការស្ដារឡើងវិញវិស័យទេសចរណ៍ដែលជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋអាស៊ីអាគ្នេយន៍នេះ។
 
បណ្តាប្រទេសក្រក្រីដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការឡើងកម្តៅផែនដី បានអំពាវនាវឱ្យប្រទេសអ្នកមានគោរពតាមការសន្យាក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងផ្តល់លុយឱ្យពួកគេដើម្បីដោះស្រាយវិបត្តិសាកលមួយនេះ។
 
ថ្ងៃទី១៦ ខែកក្កដា
 
ហ្វីលីពីន បានរកឃើញករណីឆ្លងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ «ដែលតា» លើកដំបូងនៅក្នុងស្រុកលើកដំបូង។ 
 
ចិន ដែលប្រទេសបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាសធំបំផុតលើពិភពលោក បានប្រកាសប្រើប្រាស់ប្រព័ន្ធជួញដូរកាបូននៅថ្ងៃទី១៦ ខែកក្កដា។ ប្រព័ន្ធជួញដូរកាបូននេះ នឹងក្លាយជាឧបករណ៍សំខាន់មួយក្នុងយុទ្ធសាស្ដ្ររបស់ចិនលើការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការសម្រេចផែនការអព្យាក្រឹត្យកាបូននៅឆ្នាំ២០៦០។
 
ថ្ងៃទី១៧ ខែកក្កដា 
 
រដ្ឋាភិបាលវៀតណាម បានសម្រេចចេញវិធានការរឹតត្បិតការធ្វើដំណើរក្នុងខេត្តចំនួន១៦នៅភាគខាងត្បូងប្រទេសដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំង។ ក្រុងហូជីមិញ ក្លាយជាចំណុចកណ្ដាលនៃរលកវាយប្រហារវាយដ៏អាក្រក់របស់ជំងឺផ្លូវដង្ហើមមួយនេះ បន្ទាប់វៀតណាមអាចគ្រប់ស្ថានការណ៍បានមួយរយៈមក៕
 

Tag:
 កូវីដ-១៩
  ថៃ
  ជប៉ុន
  អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com