ជាតិ
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នឹងធ្វើឡើងនៅខេត្តព្រះសីហនុ
19, Jul 2021 , 2:00 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្រេចយកទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ធ្វើជាទីតាំងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅឆ្នាំ២០២២ (ASEAN Tourism Frorum 2022) ក្រោយអាកខាននៅឆ្នាំ២០២១នេះ ដោយសារវិបត្តិកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍។

 
លោក ថោង ខុន បានបញ្ជាក់ថា  បានជាក្រសួងទេសចរណ៍ សម្រេចយកក្រុងព្រះសីហនុ ធ្វើជាកន្លែងប្រារព្ធវេទិកាASEAN Tourism Forum 2022 នាពេលមុខនេះ គឺដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសម្បទាទេសចរណ៍ល្អ ដែលសម្រួលការដល់ធ្វើដំណើររបស់គណៈប្រតិភូ និងភ្ញៀវទេសចរនានា។  សម្រាប់វេទិកានេះ គឺមានការចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់(NTOs) ថ្នាក់រដ្ឋមន្ត្រីកិច្ចប្រជុំអាស៊ានបូក(បូកបី ឥណ្ឌា រុស្ស៊ី) ជាមួយដៃគូអាស៊ានដទៃទៀត។ បើតាមប្រសាសន៍របស់លោក ថោង ខុន។ 
 
ជុំវិញការរៀបចំព្រឹត្តិការណ៍ខាងលើនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញពីសេក្ដីរីករាយ និងការគាំទ្រផដែរ។ ក្រសួងទេសចរណ៍បានស្រង់សម្តីរបស់លោក គួច ចំរើន យកមកចុះផ្សាយ  កាលពីថ្ងៃទី១៧កក្កដា ឆ្នាំ២០២១ ដូច្នេះ៖ «រដ្ឋបាលខេត្តរីករាយក្នុងការគាំទ្រយ៉ាងពេញទំហឹង និងសហការរៀបចំព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ ដោយធានាថា គ្មានការនាំជំងឺកូវីដ-១៩ចូល ហើយគ្មានការឆ្លងពីអ្នកក្នុងស្រុកដល់គណៈប្រតិភូ»។ 
 
 
ដើម្បីធានាមិនឱ្យមានការចម្លងជំងឺកូវីដ-១៩នៅក្នុងវេទិកា ASEAN Tourism Forum 2022 លោក ថោង ខុន នឹងបង្កើតគណៈកម្មាការរៀបចំស្តង់ដាប្រតិបត្តិសម្រាប់វេទិកានេះ នាពេលឆាប់ៗ ខណៈក្រុមការងារអន្តរស្ថាប័ន កំពុងសិក្សាវាយតម្លៃរៀបចំវេទិកានេះ ដើម្បីផ្ដល់បដិសណ្ឋារកិច្ចដល់ភ្ញៀវ។ ជាពិសេសគឺដើម្បី គ្រប់គ្រងហានិភ័យនៃការឆ្លងកូវីដ-១៩, គ្រប់គ្រងព័ត៌មានពីការធ្វើដំណើរ និងការស្នាក់នៅរបស់ប្រតិភូ, ការត្រៀមរៀបចំបុគ្គលិកបម្រើការ និងមន្ត្រី ក្នុងការធានាបានថាមានសុវត្ថិភាព គុណភាព អនាម័យ និងការទុកចិត្តពីគណៈប្រតិភូ ពីបុគ្គលិកបម្រើការងារ រួមទាំងពលរដ្ឋ។ 
 
តាមរយៈរៀបចំវេទិកាទេសចរណ៍អាស៊ាននេះ លោក ថោង ខុន រំពឹងថា នឹងទាក់ទាញទេសចរបរទេសមកកាន់ខេត្តព្រះសីហនុ ក្រោយជំងឺកូវីដ-១៩ធូរស្រាល ខណៈមានក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក កំពុង ពង្រីកដៃគូធុរកិច្ចរបស់ខ្លួន។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ថាព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន ឆ្នា២០២២ គឺត្រូវបានរាជរដ្ឋាភិបាលសម្រេចរៀបចំចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្នុងក្រុងព្រះសីហនុ៕
 

Tag:
 ThmeyThmey25
  ASEAN Tourism Frorum 2022
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com