ជាតិ
គ្រឿងញៀនជិត៨តោន ត្រូវបានដុតបំផ្លាញចោល
19, Jul 2021 , 2:59 pm        
រូបភាព
ភ្នំពេញ៖ សមត្ថកិច្ចដុតគ្រឿងញៀនជាង៧,៦តោន ក្នុងពិធីរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩កក្កដានេះ នៅលើដីឡូដិ៍មួយកន្លែងនៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ ការដុតនេះ រៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការប្រើអណ្តាតភ្លើងនិងវិធីបន្សាបតាមបច្ចេកទេសគីមី។



គ្រឿងញៀនដែលដុតនោះមាន មេតាហ្វេតាមីន៦២៦គីឡូក្រាម, ហេរ៉ូអ៊ីន២៩១គីឡូក្រាម, កេតាមីន៤១គីឡូក្រាម រួមទាំងគ្រឿងញៀននិងសារធាតុគីមីផ្សេងទៀតសរុប៧៦០០គីឡូក្រាម។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
 
ក្នុងពិធីដុតបំផ្លាញគ្រឿងញៀននេះ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា វត្ថុតាងគ្រឿងញៀនខាងលើ គឺអាជ្ញាធរបានប្រមូលពីខាងសាលាដំបូងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង, ខេត្តព្រៃវែង និងខេត្តតាកែវ។ 
 
សូមជម្រាបថា រយៈពេលពេញមួយឆ្នាំ២០២០កន្លងទៅ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង១ម៉ឺនករណី និងឃាត់ខ្លួនជនសង្ស័យជាង២ម៉ឺននាក់ រួមទាំងរឹបអូសគ្រឿងញៀនបានជាង៣តោន៕៕ 


អាជ្ញាធរដុតបំផ្លាញ់គ្រឿងញៀនជាង៧តោន ថ្ងៃទី១៩កក្កដា ២០២១។ (រូប៖ ThmeyThmey)




 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com