ជាតិ
ប្រធានសមាគមសណ្ឋាគារ ៖ អ្នកវិនិយោគលើវិស័យទេសចរណ៍ គួរចាប់អារម្មណ៍តំបន់ក្បែរក្រុង និងសហគមន៍
20, Jul 2021 , 7:59 am        
រូបភាព
រូបភាពពី គណនីហ្វេសប៊ុក លោក ដិន សុមេធារិទ្ធ
រូបភាពពី គណនីហ្វេសប៊ុក លោក ដិន សុមេធារិទ្ធ
ដោយ:
លោក ឌិន សុមេធារិទ្ធ បានឡើងកាន់តំណែងជាប្រធានសមាគមសណ្ឋាគារ ជំនួសលោកស្រី ខៃ ចិន្តា កាលពីថ្ងៃទី ៩កក្កដា។ សម្រាប់លោក ឌិន សុមេធារិទ្ធ តំណែងជាប្រធាននេះ មានតួនាទីជាអ្នករកដំណោះស្រាយពីក្រសួងទេសចរណ៍ឱ្យវិស័យឯកជន ដែលជួបបញ្ហាធ្វើយ៉ាងណាឱ្យភាគីទាំងពីរ អាចរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ឱ្យរីកចម្រើន។

 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ខាងក្រោម៖ 
 

លោក ឌិន សុមេធារិទ្ធ មានសេចក្ដីរីករាយក្រោយសមាជិកក្នុងសមាគមសណ្ឋាគារ បានគាំទ្រឱ្យលោកធ្វើជាប្រធានជាថ្មីម្ដងទៀត។ តួនាទីថ្មីនេះ ជាអម្រែកថ្មីរបស់លោក ដែលត្រូវធ្វើជាអ្នកសម្របសម្រួល រវាងក្រសួងទេសចរណ៍ និងវិស័យឯកជន ដើម្បីរកដំណោះស្រាយរាល់បញ្ហានានារបស់សមាជិក។
 
ប្រធានសមាគមសណ្ឋាគារថ្មីរូបនេះ លើកឡើងថា លោកគ្មានយុទ្ធសាស្ត្រអ្វីសម្រាប់ជំរុញវិស័យសណ្ឋាគារនៅកម្ពុជាទេ។ ប៉ុន្តែលោកមានតួនាទី ស្វែងយល់បញ្ហារបស់វិស័យឯកជន ដែលជាអ្នកផ្ដល់សេវាទេសចរណ៍ និងនាំយកបញ្ហានេះទៅឱ្យរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយរួមមួយ ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។
 
លោក ឌិន សុមេធារិទ្ធ ក៏បានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើអាជីវកម្មទេសចរណ៍ផងដែរ។ ចំពោះបញ្ហានេះ ប្រធានសមាគមរូបនេះ នឹងព្យាយាមស្វែងរកដំណោះស្រាយល្អៗពីក្រសួងនានា ដើម្បីផ្ដល់ទៅដល់សមាជិកខ្លួន។


 រូបភាពពី គណនីហ្វេសប៊ុក លោក ដិន សុមេធារិទ្ធ

មានបទពិសោធន៍ជោគជាំក្នុងវិស័យទេសចរណ៍ លោក សុមេធារិទ្ធ ណែនាំឱ្យម្ចាស់អាជីវកម្មទេសចរណ៍ដែលកំពុងរកផលប៉ះពាល់ ដោយវិប្បត្តិកូវីដ-១៩ សិក្សាពីលទ្ធភាពរបស់ខ្លួនលើអាជីវកម្មនេះ។ ក្នុងន័យនេះ ម្ចាស់អាជីវកម្មដែលមិនមានលទ្ធភាព ឬខ្វះចំណេះដឹងផ្នែកសេវាកម្មទេសចរណ៍គួរសម្រេចបិទអាជីវកម្មតែម្ដងជៀសវាងការខាតបង់កាន់តែធ្ងន់។
 
ជាក់ស្ដែងលោក សុមេធារិទ្ធ បានបិទសណ្ឋាគាររបស់លោកនៅខេត្តសៀមរាប តាំងពីមុនជំងឺកូវីដ-១៩ រាតត្បាតទៅទៀត ព្រោះលោកមិនអាចប្រឈមនឹងការខាតច្រើនបាន ដោយសារមិនបានសិក្សាពីទីផ្សារច្បាស់លាស់។ ត្រង់ចំណុចនេះលោក សុមេធារិទ្ធ សង្កត់ធ្ងន់ណា ខេត្តសៀមរាបមានសក្ដានុពលទេសចរណ៍ច្រើនពិតមែន ប៉ុន្តែអ្នកផ្ដល់សេវាកម្មមានច្រើនជាងអ្នកទទួលសេវាកម្ម ដូច្នេះម្ចាស់អាជីវកម្មអាចប្រឈមការខាតច្រើន។
 
ជាមួយគ្នានេះដែរប្រធានសមាគមសណ្ឋាគារថ្មី ណែនាំដល់អ្នកចង់វិនិយោគលើវិស័យទេសចរណ៍គួរចាប់អារម្មណ៍តំបន់ក្បែរក្រុង និងតំបន់សហគមន៍ទេសចរណ៍ ប៉ុន្តែមិនត្រូវវិនិយោគឱ្យប៉ះពាល់ដល់ផលប្រយោជន៍សហគមន៍ទេ។ ចំពោះតំបន់អេកូទេសចរណ៍ លោក សុមេធារិទ្ធ ស្នើឱ្យក្រសួងទេសចរណ៍គួឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍ ដើម្បីឱ្យទេសចរណ៍បែបអេកូកាន់តែមានភាពប្រសើរឡើង៕


 រូបភាពពី គណនីហ្វេសប៊ុក លោក ដិន សុមេធារិទ្ធ


  រូបភាពពី គណនីហ្វេសប៊ុក លោក ដិន សុមេធារិទ្ធ

Tag:
 ThmeyThmey25
  ឌិន សុមេធារិទ្ធ
  សមាគមសណ្ឋគារកម្ពុជា
  បទសម្ភាស
© រក្សាសិទ្ធិដោយ thmeythmey.com