ជាតិ
ម្ចាស់មេដាយមាសកីឡាអាស៊ី សាលី អ៊ូមើត ខនខានប្រកួតម៉ូតូទឹកពិភពលោក ជុំទី១ នៅប៉ូឡូញ
20, Jul 2021 , 3:59 pm        
រូបភាព
សកម្មភាពកីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី ២០១៨ ហ្វឹកហាត់ជិះម៉ូតូទឹក កន្លងមក (រូបពីហ្វេសប៊ុកកីឡាកររូបនេះ)
សកម្មភាពកីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី ២០១៨ ហ្វឹកហាត់ជិះម៉ូតូទឹក កន្លងមក (រូបពីហ្វេសប៊ុកកីឡាកររូបនេះ)
ភ្នំពេញ៖ កីឡាករ សាលី អ៊ូមើត ខកខានចូលរួមប្រកួតកីឡាម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 ជុំទី១ នៅប្រទេសប៉ូឡូញ ដោយសារបញ្ហាស្នើសុំទិដ្ឋាការ(Visa) ចូលទៅកាន់ទឹកដីអឺរ៉ុប។ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨រូបនេះ កំពុងរង់ចាំការឆ្លើយតបពីស្ថាតទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសថៃ ជុំវិញទិដ្ឋាការនេះ។

 
សាលី អ៊ូមើត បានបញ្ជាក់ថា រូបគេត្រូវចេញទៅអាល្លឺម៉ង់ នៅដើមខែកក្កដា ដើម្បីបន្តដំណើរទៅយកម៉ូតូថ្មីនៅប្រទេសអូទ្រីស ទៅចូលរួមប្រកួតនៅប្រទេសប៉ូឡូញ ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩នេះ ទើបធ្វើឲ្យការស្នើសុំទិដ្ឋាការចូលតំបន់អឺរ៉ុបនេះ ត្រូវបានពន្យាពេលជាបន្តបន្ទាប់។ បើតាមកីឡាករម៉ូតូទឹកកម្ពុជារូបនេះ ស្ថាតទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសថៃ នៅមិនទាន់ឆ្លើយតបជុំវិញការស្នើសុំទិដ្ឋាការនៅឡើយ ខណៈការប្រកួតជុំទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ កក្កដា។
 
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានស្រង់សម្តីម្ចាស់មេដាយមាសកីឡាអាស៊ី ២០១៨ ដូច្នេះថា«ឥលូវខ្ញុំបានខកខានចូលរួមការប្រកួតនៅប៉ូឡូញហើយបង ដោយសារខ្ញុំចូលទៅទ្វីបអឺរ៉ុប គេតម្រូវឲ្យធ្វើចត្ដាឡីស័ក ១០ថ្ងៃនៅក្នុងផ្ទះ ដល់អ៊ីចឹងខ្ញុំអត់អាចចូលទៅប្រកួតទាន់គេ ព្រោះអីគេត្រូវប្រកួតនៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា តែឥលូវខ្ញុំនៅថៃនៅឡើយ ដោយសារយឺតយ៉ាវ Visa ទៅអាល្លឺម៉ង់ ដែលខ្ញុំបានស្នើសុំគេ គេអត់ទាន់ឆ្លើយតប...» ។
 
ទោះបីខកខានការប្រកួតម៉ូតូទឹកពិភពលោក ជុំទី១ នៅប៉ូឡូញក្តី ប៉ុន្តែ សាលី អ៊ូមើត ក៏អាចចូលរួមប្រកួតជុំទី២ និងជុំទី៣ បានដែរ ។ ចំពោះការប្រកួតពីជុំចុងក្រោយនេះ បើទោះ សាលី អ៊ូមើត អាចដណ្ដើមបានលេខ១ក៏ដោយ ក៏រូបគេមិនអាចទទួលបានចំណាត់ថ្នាក់ដែរ ដោយសារខកខានប្រកួត ១ជុំទៅហើយ ។ នេះបើតាមម្ចាស់មេដាយមាសកីឡាអាស៊ី បកស្រាយ។
 
សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 បានបែងចែកការប្រកួតជា ៣ជុំ នៅតំបន់៣ផ្សេងគ្នា។ ក្នុងនោះ ជុំទី១ ប្រកួតនៅប្រទេសប៉ូឡូញ ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ ចំណែកជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។ ដោយឡែកជុំទី៣ សម្រាប់កាត់សេចក្តីចុងក្រោយ នឹងប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅប្រទេសថៃ ៕
 

Tag:
 សាលី អ៊ូមើត
  ម៉ូតូទឹក
© រក្សាសិទ្ធិដោយ thmeythmey.com