អន្តរជាតិ
ប្រជាជនឥណ្ឌូណេស៊ី នាំគ្នាផឹកទឹកដូង, ទឹកដោះគោឆៅ ដោយជឿថា អាចការពារខ្លួនពីកូវីដ-១៩
20, Jul 2021 , 8:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ខណៈជំងឺកូវីដ-១៩ បន្តវាយលុកឥណ្ឌូណេស៊ីយ៉ាងខ្លាំង ប្រជាជនប្រទេសនេះ នាំគ្នាសម្រុកទិញផ្លែដូង និងទឹកដោះគោឆៅទុកផឹក ព្រមនឹងភេសជ្ជៈ និងអាហារសុខភាពមួយចំនួន ដោយជឿថា អាចការពារខ្លួនពីជំងឺកូវីដ-១៩ ។ ប៉ុន្តែអ្នកជំនាញបានព្រមានពីហានិភ័យដែលអាចកើតឡើងដោយសារជំនឿបែបនេះ។

 
បើតាមទូរទស្សន៍សិង្ហបុរី CNA តម្លៃដូងខ្ចី ទឹកគោឆៅ និងភេសជ្ជៈមួយចំនួនទៀតនៅឥណ្ឌូណេស៊ី បានឡើងថ្លៃយ៉ាងគំហុក ខណៈប្រជាជននាំគ្នាទិញភេសជ្ជៈទាំងនេះដើម្បីការពារខ្លួន។ នៅលើបណ្ដាញសង្គម សារជាច្រើនដែលអះអាងពីប្រសិទ្ធភាពការពារ ឬព្យាបាលជំងឺកូវីដ-១៩ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដែលនាំឱ្យតម្រូវការ និងតម្លៃរបស់អាហារទាំងនេះហក់ឡើងយ៉ាងខ្លាំង។
 
បច្ចុប្បន្ន តម្លៃលក់រាយទឹកដោះគោមួយកំប៉ុង គឺ០,៨៣ដុល្លារ ដែលពីមុនលក់ត្រឹម០,៦២ដុល្លារ។ ចំណែកដូងមួយផ្លែដែលកន្លងទៅ លក់០,៨៣ដុល្លារ ឡើងដល់២,០៦ដុល្លារឯណោះ។ អ្នកលក់ដូងម្នាក់ឈ្មោះ Jarot ប្រាប់ទូរទស្សន៍ CNA ថា ប្រជាជនសម្រុកទិញដូងតាំងពីសប្ដាហ៍មុន ដោយអ្នកខ្លះទិញម្ដង៤ទៅ៥ផ្លែ។ ដោយសារតម្រូវការកើនឡើង អ្នកលក់ដូងនៅឥណ្ឌូណេស៊ី ប្រឈមមុខការរកដូងលក់ឱ្យទាន់សភាពការណ៍។
 
ទាក់ទងដើមហេតុវិញ អ្នកជំនាញឥណ្ឌូណេស៊ីជឿថា ប្រជាជនចង់ការពារខ្លួនឯងពីជំងឺកូវីដ-១៩ ។ លោក Hermawan Saputra និយាយថា ការរាលដាលជំងឺកូវីដ-១៩ ជាង១ឆ្នាំកន្លះមកនេះ និងស្ថានភាពដ៏អាក្រក់នៅពេលបច្ចុប្បន្ន ធ្វើឱ្យប្រជាជនកើតមានអារម្មណ៍ថា ពួកគេត្រូវរកការការពារសម្រាប់ខ្លួន និងគ្រួសារ។ ការណ៍ក៏នាំឱ្យពួកគេជឿរឿងរ៉ាវដែលត្រូវបានចែករំលែកលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា។
 
ទោះជាភេសជ្ជៈដែលផ្ដល់ប្រយោជន៍ដល់សុខភាពក្ដី ការប្រើប្រាស់ច្រើនពេក ក៏នាំទៅរកហានិភ័យដែរ។ អគ្គនាយកទទួលបន្ទុកជំងឺឆ្លងនៃក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោកស្រី Siti Nadia Tarmizi ប្រាប់ទូរទស្សន៍សិង្ហបុរីថា អាហារខ្លះមានគុណតម្លៃផ្នែកជីវជាតិដែលអាចជំរុញប្រព័ន្ធភាពស៊ាំ ប៉ុន្តែការប្រើប្រាស់លើស នឹងបង្កផលប៉ះពាល់ទៅវិញ។
 
ក្នុងការសិក្សាកន្លងមក ការបរិភោគទឹកដោះគោច្រើន អាចបង្កបញ្ហានៅប្រព័ន្ធរំលាយអាហារ។ ចំណែការផឹកទឹកដូងច្រើន នាំបង្កើនកម្រិតប៉ូតាស្យូមក្នុងឈាមដែលអាចនាំឱ្យបញ្ហាក្រលៀនផងដែរ។ លោកស្រី Tarmizi ណែនាំថា អាហារ និងភេសជ្ជៈទាំងអស់ទោះមានប្រយោជន៍យ៉ាងណា គួរត្រូវបានបរិភោគក្នុងកម្រិតសមល្មមប៉ុណ្ណោះ។ ម្យ៉ាងទៀតលោកស្រីព្រមានថា ការជឿដោយគ្មានការពិចារណា អាចបង្កជាការធ្វេសប្រហែសក្នុងការអនុវត្តវិធានសុខាភិបាលជាមូលដ្ឋានដូចជាការលាងដៃ ឬការរក្សាគម្លាតជាដើម៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com