PSG នឹងលក់កីឡាករ៩នាក់ ដើម្បីយកប្រាក់ដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងក្លិប
កីឡាអន្តរជាតិ
អន្តរជាតិ
PSG នឹងលក់កីឡាករ៩នាក់ ដើម្បីយកប្រាក់ដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងក្លិប
21, Jul 2021 , 10:29 pm        
រូបភាព
ដោយ៖ជា យូគៀង

ក្លិបអ្នកមានបារាំង Paris Saint Germain គ្រោងលក់កីឡាករចំនួន៩នាក់ដើម្បីយកប្រាក់ដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ក្លិប បន្ទាប់ចំណាយលុយច្រើនដើម្បីទិញកីឡាករបន្ថែម និងសម្រាប់បើកប្រាក់ខែកីឡាករមួយដែលក្លិបសម្រេចចិត្តរក្សាទុក។

 
 
បើគិតចាប់តាំងពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០ ក្លិបដែលមានទីតាំងនៅទីក្រុងប៉ារីស PSG បានចំណាយប្រាក់រហូតដល់ទៅ១,២៥ ពាន់លានអឺរ៉ូសម្រាប់ការនាំចូលកីឡាករ។ ក្នុងឆ្នាំកន្លងទៅ ពួកគេបានចំណាយប្រាក់អស់ ៦២,៥លានអឺរ៉ូ ហើយក្នុងការដោះដូរកីឡាករនារដូវក្តៅនេះ បានចំណាយដល់ទៅ ៧៦លានអឺរ៉ូដោយយកបានកីឡាករ៥ រូបរួមមាន Achraf Hakimi តម្លៃ៦០លានអឺរ៉ូ Danilo Periera តម្លៃ ១៦លានអឺរ៉ូ ចំណែក Sergio Ramos, Georginio Wijnaldum និង Gianluigi Donnarumma ផ្ទេរមកដោយគ្មានតម្លៃខ្លួន។
 
លើសពីនោះ ដើម្បីតែទាក់ទាញចិត្តរបស់ Mbappe ឲ្យបន្តជាមួយក្លិបបន្តនោះ ក្លិបក៏បានបន្តផ្តល់កុងត្រាដល់កីឡាករដែលជិតស្និទ្ធជាមួយរូបគេដូចជា Neymar, Di Maria, Draxler, Navas ។ ក្លិបអ្នកមាននេះក៏សង្ឃឹមថា Mbappe ដែលនឹងផុតកុងត្រានៅឆ្នាំ២០២២ នឹងធ្វើតាមកីឡាករផ្សេងៗដូចគ្នា។ PSG ក៏គ្រោងផ្តល់ប្រាក់ថ្លៃពលកម្មដល់ Mbappe ឲ្យស្មើនឹង Neymar ផងដែរ ប៉ុន្តែដើម្បីមានប្រាក់គ្រប់គ្រាន់ក្លិបក៏បានគ្រោងលក់កីឡាករជាច្រើនរហូតដល់ទៅ៩ រូប។
 
បើតាមសារព័ត៌មាន L'Equipe ក្លិប PSG បានគ្រោងបញ្ចេញកីឡាករដល់ទៅ៩រូបដើម្បីយកប្រាក់មកសម្រាប់ដោះស្រាយដល់វិបត្តិហិរញ្ញវត្ថុដែលក្លិបបានជួបប្រទះក្នុងអំឡុងកូវីដ-១៩ និងដើម្បីឡើងប្រាក់ឈ្នួលដល់កីឡាករមួយចំនួននិងកីឡាករដែលទើបនឹងមកដល់ថ្មីផងដែរ។
 
កីឡាករ៩រូបដែលក្លិប PSG គ្រោងលក់ចេញរួមមាន អ្នកចាំទី Alphonse Areola ក្នុងតម្លៃ១៥លានអឺរ៉ូ,  ខ្សែបម្រើ Idrissa Gueye, Rafinha Alcantara តម្លៃ ១៥លានអឺរ៉ូក្នុងម្នាក់ៗ, ខ្សែបម្រើ Leandro Paredes តម្លៃ២០លានអឺរ៉ូ, ខ្សែប្រយុទ្ធ Mauro Icardi តម្លៃ៤០លានអឺរ៉ូ, ខ្សែការពារស្លាបឆ្វេង Pablo Sarabia តម្លៃ២២លានអឺរ៉ូ និងកីឡាករយុវជន Arnaud Kalimuendo តម្លៃ១០លានអឺរ៉ូ ព្រមទាំងកីឡាករយុវជន២រូបផ្សេងទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com