អន្តរជាតិ
ជប៉ុន ដាក់គោលដៅបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញនៅឆ្នាំ២០៣០
21, Jul 2021 , 9:29 pm        
រូបភាព
ទីតាំងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅជប៉ុន។ រូបថត Energy Tracker Asia
ទីតាំងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅជប៉ុន។ រូបថត Energy Tracker Asia
ដោយ៖ ឈួ ស៊ាវយីងជាវ 

ជប៉ុន នៅថ្ងៃទី២១ ខែកក្កដា បានចេញផ្សាយសេចក្តីព្រាងគោលនយោបាយថាមពលរបស់ខ្លួន។ ក្នុងសេចក្ដីព្រាងនេះ ជប៉ុននឹងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងឱ្យបានជិត៤០ភាគរយនៃប្រភពផ្គត់ផ្គង់អគ្គិសនីចម្រុះក្នុងប្រទេសនៅឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកខ្វក់ ក៏ដូចជាសម្រេចគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។


 
ក្នុងសេចក្ដីព្រាងគោលនយោបាយថាមពលរបស់ក្រសួងឧស្សាហកម្មជប៉ុន ថាមពលកកើតឡើងវិញគួរតែមានចំនួនចន្លោះពី៣៦ភាគរយទៅ៣៨ភាគរយនៃការផ្គត់ផ្គង់ថាមពលនៅឆ្នាំ២០៣០។ គោលដៅថ្មី កើនឡើងជិតទ្វេដងធៀបនឹងគោលដៅចាស់ដែលមានពី២២ភាគរយទៅ២៤ភាគរយ។ 
 
ការកែសម្រួលយុទ្ធសាស្រ្តថាមពលមូលដ្ឋាន នឹងមិនប៉ះពាល់គោលដៅប្រើប្រាស់ថាមពលនុយក្លេអ៊ែរឡើយ។ ថាមពលនុយក្លេអ៊ែរ នឹងមានចំណែកពី២០ភាគរយទៅ២២ភាគរយក្នុងការផ្គត់ផ្គង់ថាមពលរបស់ជប៉ុន។ 
 
ក្រោមផែនការថ្មីនេះដដែល ការប្រើប្រាស់ថាមពលកង្វក់មានធ្យូងថ្ម ឥន្ទនៈផូស៊ីល នឹងត្រូវកាត់បន្ថយពី២៦ភាគរយមកត្រឹម១៩ភាគរយនៅត្រឹមឆ្នាំ២០៣០ដូចគ្នា។ ចំណែកឯហ្គាស ដែលនាំចូលក្នុងទម្រង់ជាហ្គាសធម្មជាតិមានលក្ខណៈរាវ នឹងមានចំណែក៤១ភាគរយនៃថាមពលមិនកើតឡើងវិញទាំងនេះ។ ឥន្ទនៈថ្មីដូចជាអ៊ីដ្រូសែន និងអាម៉ូញាក់ មានចំណែកប្រហែល១ភាគរយនៃប្រភពថាមចម្រុះរបស់ជប៉ុន។ 
 
យ៉ាងណាមិញ ជប៉ុន ក៏មានគោលបំណងកាត់បន្ថយការពឹងផ្អែកប្រើប្រាស់លើថាមពលនុយក្លេអ៊ែរតាមបរិមាណដែលខ្លួនអាចធ្វើបាន។ ប៉ុន្តែថាមពលនុយក្លេអ៊ែរនៅតែជាថាមពលសំខាន់សម្រាប់ទ្រទ្រង់វិស័យឧស្សាហកម្មរបស់អាស៊ីខាងកើតមួយនេះ។
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com