COVID-19
ជាតិ
កម្ពុជា ត្រៀមចាក់វ៉ាក់សាំង Sinovac និង Johnson & Johnson លើកុមារ និងយុវជន
22, Jul 2021 , 1:57 pm        
រូបភាព
វ៉ាក់សាំងប្រភេទ Sinovac និង Johnson & Johnson នឹងត្រូវប្រើប្រាស់ សម្រាប់ចាក់ជូនដល់កុមារ និងយុវជនកម្ពុជា ដោយក្នុងនោះវ៉ាក់សាំងប្រភេទ Sinovac មានចំនួន ៥លានដូស និង Johnson & Johnson ចំនួន១លានដូស។  អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ដូច្នេះនៅក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែត នាពេលទទួលវ៉ាក់សាំង Sinopharm ១លានដូស នៅព្រឹកថ្ងៃទី២២ខែកក្កដានេះ។

 
បើតាម អ្នកស្រី យក់ សម្បត្តិ កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងប្រភេទ Sinovac ចំនួន៥លានដូស សម្រាប់ចាក់ដល់កុមារកម្ពុជា ដោយវ៉ាក់សាំងចំនួន៣លានដូស នឹងដឹកមកកម្ពុជានៅក្នុងខែសីហា និង២លានទៀត នឹងមកដល់នាខែកញ្ញា។ ដោយឡែក វ៉ាក់សាំង Johnson & Johnson ចំនួន១លានដូស កម្ពុជា ទទួលបាតាមរយៈយន្តការ Covax ។ អ្នកស្រី យក់ សម្បត្តិ រៀបរាប់ដូច្នេះ ៖«ខែ៨ (សីហា) នេះ មានវ៉ាក់សាំង Sinovac ៣លាន ខែ៩ (កញ្ញា) មាន២លានទៀត។ ដូច្នេះ យើងត្រៀមវ៉ាក់សាង៥លានពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដើម្បីចាក់ជូនក្មេងៗ ហើយយើងនឹងមាន Johnson & Johnson ទៀត ដែលនឹងមកប្រហែលជា១លានដូសដែរ»។
 
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការក្រសួងសុខាភិបាល មិនទាន់ដឹងច្បាស់ថា វ៉ាក់សាំង Johnson & Johnson នឹងត្រូវដឹកមកដល់កម្ពុជានៅពេលណានៅឡើយ។ 
 
សូមរំឭកថា ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសពីផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវជនកម្ពុជាជាង១លាន៩សែននាក់។ ទាក់ទងនឹងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ រដ្ឋលេខាធិការក្រសួងសុខាភិបាល អះអាងថា គណៈកម្មការចំពោះកិច្ចទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ កំពុងរៀបចំផែនការនេះ។
 

អ្នកស្រី យក់ សម្បត្តិ ផ្តល់សម្ភាសន៍ដល់អ្នកកាសែត នាពេលទទួលវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស នៅព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

 
បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-៩ សរុប ១៧,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះវ៉ាក់សាំង Sinopharm មាន៦,២លានដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់មាន ១០,៥លានដូស និងវ៉ាក់សាំង CoviShield របស់ក្រុមហ៊ុន AstraZeneca មានចំនួន ៣២៤,០០០ដូស។  
 
គិតត្រឹមថ្ងៃទី២១កក្កដា កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមានដែលអាយុចាប់ពី១៨ឆ្នាំឡើង ចំនួន៦,៣៣៤,៣៧៨លាននាក់ហើយ ដែលស្មើនឹង អត្រា៦៣,៣៤ភាគរយ នៃផែនការសរុប១០លាននាក់៕
 
 
 
 
 
 
 
 
 
 
 

Tag:
 កុមារ
 យុវជន
 ចាក់វ៉ាក់សាំង
 យ៉ក់ សម្បត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com