កីឡាជាតិ
ជាតិ
ក្រៅពី Asian Cup ក្រុមបាល់ទាត់កម្ពុជាក៏ធ្លាប់មានប្រវត្តិលេងវគ្គជម្រុះអូឡាំពិកឆ្នាំ១៩៥៦ផងដែរ
23, Jul 2021 , 7:59 am        
រូបភាព
ក្រោយទទួលបានឯករាជ្យពីបារាំង ក្រុមកីឡាបាល់ទាត់កម្ពុជា បានចាប់ផ្តើមបង្ហាញវត្តមានលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិ ដែលក្នុងនោះមានវគ្គជម្រុះប្រចាំតំបន់អាស៊ី (Asian Cup) និងវគ្គជម្រុះអូឡាំពិក នាអំឡុងឆ្នាំ១៩៥៦ ដូចគ្នា។

 
Asian Cup ឆ្នាំ១៩៥៦
 
ឈុតជម្រុះពានរង្វាន់ទ្វីបអាស៊ី (Asian Cup) ឆ្នាំ១៩៥៦ ជាក្រុមជម្រើសជាតិដំបូងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា។ មិនមានឯកសារផ្លូវការឡើយទាក់ទងនឹងរបាយការណ៍ប្រកួតនេះ ប៉ុន្តែសារព័ត៌មានថ្មីៗ ផ្អែកតាមកំណត់ត្រាដែលចុះផ្សាយក្នុងគេហទំព័រមូលនិធិទិន្នន័យ Rec Sport.Soccer (RSSF) ដែលបង្ហាញពីលទ្ធផលនៃជំនួបរវាងកម្ពុជា និងម៉ាឡាយូ (បច្ចុប្បន្នម៉ាឡេស៊ី) សម្រាប់តំបន់ Central Zone។
 
នាជំនួបជើងទីមួយ កាលពីថ្ងៃទី១៧ ខែមីនា ម៉ាឡាយូ បានយកឈ្នះកម្ពុជា ៩-២ នៅជើងទីមួយនៅក្រុងគូឡាឡាំពួរ ហើយកម្ពុជា បានយកឈ្នះ ៣-២ វិញ នាជំនួបជើងទីពីរនៅថ្ងៃទី២៩ ខែមេសា ក្នុងរាជធានីភ្នំពេញ។ ម៉ាឡាយូ បន្តទៅជុំទីពីរ ប៉ុន្តែបានចាញ់វៀតណាមខាងត្បូង។


The Straits Times សរសេរពី Abdul Ghani Minhat ដែលបានស៊ុតបាល់បញ្ចូលទី៧គ្រាប់លើកម្ពុជា
 
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ខ្សែប្រយុទ្ធឆ្នើម Abdul Ghani Minhat រក៧គ្រាប់តែម្នាក់ឯងរបស់ម៉ាឡាយូ ក្នុងជ័យជម្នះ ៩-២ លើកម្ពុជា នាកីឡដ្ឋាន T.P.C.A (Princes Road Stadium) ខណៈកីឡាករ ងួន ទុយ និង កែន ពៅ រកបានម្នាក់១គ្រាប់សម្រាប់កម្ពុជា។
 
ចំពោះជំនួបនៅ Stade Vélodrome Lambert (បច្ចុប្បន្នកីឡដ្ឋានកងយោធពលខេមរភូមិន្ទ) វិញ កីឡាករ ងួន ទុយ រកបាន១គ្រាប់ និងកីឡាករម្នាក់ទៀត សម្រេចបាន២គ្រាប់ [មិនមានការកត់ត្រាឈ្មោះច្បាស់លាស់] ក្នុងជ័យជម្នះ ៣-២ លើម៉ាឡាយូ។
 
បញ្ជីឈ្មោះជម្រើសជាតិដំបូងបំផុតរបស់កម្ពុជា


បញ្ជីឈ្មោះកីឡាករជម្រើសជាតិដំបូងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា

សារព័ត៌មានថ្មីៗ ក៏បានឃើញឯកសារជា PDF ទាក់ទងនឹងសមាសភាពកីឡាករនាពេលនោះដែរ ដោយប្រតិភូខ្មែរដឹកនាំដោយ លោក គាត ចន្ថា (Keat Chantha) ប្រធានសមាគមកីឡាបាល់ទាត់កម្ពុជា (FCFA) នាពេលនោះ រីឯមន្ត្រីផ្សេងទៀត រួមមាន លោក ផេង អ៊ីផាន់ (Pheng Y P និងលោក សោម សាម៉ីន (Som Samin)។
 
គ្រូបង្វឹកនៅពេលនោះ គឺ លោក Azerie ដោយយើងមិនមានព័ត៌មានលម្អិតណាផ្សេងទៀតទាក់ទងនឹងគ្រូបង្វឹករូបនេះឡើយ។ សមាសភាពកីឡាករមានចំនួន២០នាក់ ក្នុងនោះ៩នាក់មកពីក្លិបខេមរិទ្ធ (Khemarith) ៨នាក់ពីក្លិបការពារជាតិ (Defense Nationale), ២នាក់ពីក្លិបកីឡារាជាយស្ម័យយាន (Rails-Sport) និង១នាក់ពីក្លិបសាលាបច្ចេកទេស (College Technique)។
 
កីឡាករទាំង២០នាក់រួមមាន ទៀ កុកលីម (Tea Kok Lim), ដួង ឌុច (Duong Duch), ជា ហឿន (Chea Hoeun), ឡាំ គី (Lam Ky), អាំង គឹមអ៊ាន (Aing Kim Ean), ហែម សោម (Hem Som), សូ សេត (So Seth), ចៅ ស៊ីម (Chau Sim), កែ សួន (Ker Soun), ប្រាក់ គឹមសាន្ត (Prak Kimsann) (ប្រធានក្រុម), គង់ ថាន់ (Kong Thann), កែន ពៅ (Ken Peou), ងួន ប៊ុន (Nguon Bun), កុយ ហន (Koy Horn), ឌី តាម៉ុម (Dy Tamom), ងួន ទុយ (Nguon Tuy), ឯម រឿង (Em Roeung), ម៉េត សាក់ (Meth Sak), ម៉ៅ ឈឹម (Mao Chhim) និងកីឡាករឈ្មោះបរទេស Pramo de la Cruz។

ThmeyThmey សូមអភ័យទោសចំពោះការសរសេរឈ្មោះប្រតិភូ និងកីឡាករជាខេមរភាសា ដែលអាចខុសនឹងឈ្មោះដើម ប៉ុន្តែគ្រាន់សម្រួលឲ្យអ្នកអានងាយយល់ប៉ុណ្ណោះ ហើយក៏មិនមានឯកសារណាផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់នោះដែរ។
 
បើតាមការអះអាងរបស់ព្រឹទ្ធចារ្យ ប៉ែន ផាត ដែលជាអតីតខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្រុមជម្រើសជាតិ ប្រធានក្រុម ប្រាក់ គឹម សាន្ត ពេលក្រោយមក ក៏បានក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាផងដែរ ប៉ុន្តែលោកមិនបានចងចាំពេលវេលាពិតប្រាកដនោះទេ។
 
ជម្រុះ អូឡាំពិកឆ្នាំ១៩៥៦ 


 
 
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា មានធ្លាប់មានវត្តមាននៅក្នុងវគ្គជម្រុះកីឡាអូឡាំពិកឆ្នាំ១៩៥៦ និងជាឱកាសដែលមានតែម្តងគត់ បើគិតមកដល់បច្ចុប្បន្ននេះ។ នាពេលនោះ កម្ពុជាត្រូវប្រជែងកៅអីក្នុងតំបន់អាស៊ី ដោយត្រូវប្រកួតជម្រុះជាមួយវៀតណាមខាងត្បូង។
 
សមាសភាពកីឡាករត្រូវបានរាយការណ៍ថា មិនសូវមានការផ្លាស់ប្តូរច្រើនឡើយ ពីក្រុមដែលបានចូលរួមក្នុងវគ្គជម្រុះ Asian Cup។ ជំនួបជើងទីមួយនៅសៃហ្គន (បច្ចុប្បន្នក្រុងហូជីមិញ) កាលពីថ្ងៃទី៣ ខែមិថុនា នាកីឡដ្ឋាន Stade du Jardin de la Ville ម្ចាស់ផ្ទះវៀតណាមខាងត្បូង បានយកឈ្នះ ៥-២។ ក្នុងចំណោមគ្រាប់បញ្ចូលទី៥គ្រាប់របស់វៀតណាម មាន១គ្រាប់ជា Own Goal របស់កីឡាករ ជា ហឿន រីឯ២គ្រាប់របស់កម្ពុជា សម្រេចបានដោយកីឡាករ ងួន ទុយ និង ឌី តាម៉ុម។


កម្ពុជា (ខោស) ពេលប្រកួតជមួយក្រុម Nefci FK ដែលបច្ចុប្បន្នលេងនៅក្លិបកំពូលអាស៊ែបៃហ្សង់ទីនកាលពីឆ្នាំ​១៩៥៧។ រូបថតផ្តល់ដោយ Rasim Movsumzadeh 

វិលមកកាន់ជើងទីពីរនៅកីឡដ្ឋាន Stade Velodrome Lambert វិញ វៀតណាមខាងត្បូង បន្តយកឈ្នះកម្ពុជា ៤-៣ បន្ថែមទៀត។ គ្រាប់បាល់បញ្ចូលទី៣គ្រាប់របស់កម្ពុជា មានគ្រាប់ប៉េណាល់ទីរបស់កីឡាករ គង់ ថាន់ ១គ្រាប់ កីឡាករ ងួន ថាញ់ ១គ្រាប់ និង១គ្រាប់ទៀត មានមិនភាពច្បាស់លាស់ ដែលអាចជាគ្រាប់បាល់របស់កីឡាករ ងួន ប៊ុន តែរបាយការណ៍ខ្លះថា ជាគ្រាប់បាល់ Own Goal របស់ខ្សែការពារវៀតណាមខាងត្បូង Nguyen Di Nhon។
 
ជ័យជម្នះសរុប ៩-៥ លើកម្ពុជា នាំឲ្យវៀតណាមទទួលបានកៅអីទៅកាន់ព្រឹត្តិការណ៍អូឡាំពិកលើកទី១៦នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ដែលគម្រោងមាន១៦ក្រុម។ ប៉ុន្តែក្រោមហេតុផលនយោបាយ និងបញ្ហាផ្សេងៗទៀត វៀតណាមខាងត្បូង ស្ថិតក្នុងចំណោម៥ក្រុមដែលបានដកខ្លួនចេញពីព្រឹត្តិការណ៍ ដោយក្រុមផ្សេងទៀតមាន ហុងគ្រី អេហ្ស៊ីប ចិន និងតួកគី។
 
ក្រុមដែលបន្តប្រកួតប្រជែងមាន១១ក្រុមប៉ុណ្ណោះ។ ដោយការប្រកួតជុំទីមួយ មានតែ៣គូប៉ុណ្ណោះ ខណៈក្រុមដែលត្រូវប្រកួតជាមួយក្រុមដែលដកខ្លួនចេញ ត្រូវឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។
 
សម្រាប់ព្រឹត្តិការណ៍ពេលនោះ សហភាពសូវៀត បានក្លាយជាម្ចាស់មេដាយមាស ក្រោយយកឈ្នះ យូហ្គោស្លាវី ១-០ រីឯប៊ុលហ្គារី បានមេដាយសំរឹទ្ធ ក្រោយជ័យជម្នះ ៣-០ លើឥណ្ឌា៕
 

Tag:
 បាល់ទាត់
  ឯកសារ
  កីឡាអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com