កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ីគ្រោងដេញថ្លៃរៀបអូឡាំពិកម្តងទៀត ក្រោយចាញ់អូស្ត្រាលីឆ្នាំ២០៣២
23, Jul 2021 , 8:29 pm        
រូបភាព
គណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី (INOC) គ្រោងដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិកជាថ្មីម្តងទៀតនៅឆ្នាំ២០៣៦ បន្ទាប់ពីប្រជែងចាញ់អូស្ត្រាលីដែលទទួលបានសិទ្ធរៀបព្រឹត្តិការណ៍កីឡារដូវក្តៅនៅឆ្នាំ២០៣២។


 
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានដាក់ដេញថ្លៃរៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ២០៣២ រួមជាមួយហុងគ្រី ចិន កាតា អេស្ប៉ាញ និងអាល្លឺម៉ង់ជាដើម។ ប៉ុន្តែពួកគេសុទ្ធតែត្រូវខកចិត្តទាំងអស់ក្រោយគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ (IOC) សម្រេចប្រគល់សិទ្ធិរៀបចំទៅឱ្យក្រុងប្រេសប៊េន ប្រទេសអូស្ត្រាលី។
 
បើទោះជាបរាជ័យលើកនេះក្តី លោក Raja Sapta Oktohari ប្រធាន INOC អះអាងថា ឥណ្ឌូណេស៊ីមិនរាថយ ហើយនឹងបន្តដាក់ដេញថ្លៃដើម្បីប្រជែងធ្វើម្ចាស់ផ្ទះកីឡាលំដាប់ពិភពលោកនេះម្តងទៀត។
 
«យើងនឹងមិនដកថយឡើយ ហើយនឹងបន្តប្រយុទ្ធសម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០៣៦។ យើងនឹងខិតខំបន្ថែមទៀត និងធ្វើអ្វីគ្រប់យ៉ាងដោយអត់ធ្មត់បំផុត ដើម្បីសម្រេចក្តីសុបិនរបស់ឥណ្ឌូណេសក្នុងការធ្វើជាម្ចាស់ផ្ទះអូឡាំពិក។ នេះជាការបញ្ជាក់របស់ប្រធានគណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ីលោក Oktohari នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters យកមកចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា។
 
ឥណ្ឌូណេស៊ីដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ លើពិភពលោកចំនួនជាង២៧០លាននាក់ បានព្យាយាមក្លាយជាប្រទេសទី៤នៅអាស៊ីដែលដឹកនាំធ្វើជាម្ចាស់ផ្ទះកីឡារដូវក្តៅ បន្ទាប់ពីជប៉ុន ចិន និងកូរ៉េខាងត្បូង។
 
ប្រទេសធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមការដេញថ្លៃអូឡាំពិកឆ្នាំ ២០៣២ ក្រោយទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០១៨ ដែលមានអត្តពលិកចូលរួមប្រមាណ១៣,០០០នាក់ មកពី៤៥ប្រទេសចូលរួម៕
 

Tag:
 INOC
 ឥណ្ឌូណេស៊ី
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com