COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីសុខាភិបាល ក្រើនរំលឹកឧស្សហកម្មចំណីអាហារឲ្យពង្រឹងអនាម័យ និងសុវត្ថិភាព
25, Jul 2021 , 11:05 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ឧស្សាហកម្ម និងអាជីវកម្មផ្គត់ផ្គង់ចំណីអាហារផ្សេងៗ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងអនាម័យ និងសុវត្ថិភាពចំពោះប្រភេទអាហារកក ឬអាហារវេចខ្ចប់។ ការក្រើនរំលឹកបែបនេះ គឺដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ដែលមាននៅលើចំណីអាហារទៅមនុស្ស។



លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពន្យល់ដោយយោងតាមការសិក្សា និងការស្រាវជ្រាវថ្មីរបស់អ្នកជំនាញផ្នែកសុខភាពថា វីរុសកូវីដ-១៩ អាចរស់រាន និងទំនៅលើវត្ថុ ឬផ្ទៃផ្សេងៗ រហូតដល់៧២ម៉ោង ក្នុងនោះប៉ាស្ទិក និងដែកអ៊ីណុកស្ពាន់ គឺវីរុសអាចទុំបាន៤ម៉ោង និងលើក្រដាសកាតុងធ្វើកេស ២៤ម៉ោង។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា តំណក់ទឹកតូចៗដែលចេញពីការក្អក ​និងកណ្តាស់របស់អ្នកជំងឺកូវីដ-១៩ ដែលមិនមានអនាម័យត្រឹមត្រូវ វានឹងធ្លាក់ទៅលើវត្ថុ និងផ្ទៃដែលប្រលាក់ផ្សេងៗ ហើយនៅពេលមនុស្សទៅប៉ះវត្ថុនោះ ដោយយកដៃទៅប៉ះច្រមុះ មាត់ ឬភ្នែកនោះ វីរុសនឹងចម្លងទៅមនុស្សភ្លាម។


ដោយមើលឃើញ និងបារម្ភពីបញ្ហានេះ​ លោក ម៉ម ប៊ុនហេង បានណែនាំដល់ម្ចាស់ទីតាំងផលិតផ្គត់ផ្គង់ និងលក់បន្លែ ផ្លែឈើ ចំណីអាហារកក និងម្ហូបអាហារជាដើម គឺត្រូវតែរក្សាអនាម័យ និងធានាសុវត្ថិភាពលើការវេចខ្ចប់ និងការដឹកជញ្ជូនចំណីអាហារផ្សេងៗ។

«ឧស្សាហកម្មចំណីអាហារត្រូវមានលក្ខខណ្ឌមូលដ្ឋាន និងសកម្មភាពចំបាច់ ដើម្បីរក្សាអនាម័យបរិស្ថានកែច្នៃអាហារ ដោយធានាបាននូវការអនុវត្តអនាម័យល្អ ការសម្អាត ការដាក់តំបន់កែច្នៃ ការត្រួតពិនិត្យអ្នកផ្គត់ផ្គង់ ការស្តុកទុក ការចែកចាយ និងការដឹកជញ្ជូនប្រកបដោយអនាម័យត្រឹមត្រូវ ព្រមទាំងអនាម័យបុគ្គលិក និងកាយសម្បទា ដើម្បីធ្វើការងារប្រកបដោយសុវត្ថិភាព»។ នេះជាការរៀបរាប់របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល។  

ជាមួយគ្នានេះ លោក​ ម៉ម ប៊ុនហេង បានណែនាំដល់ពលរដ្ឋនៅពេលទៅទិញចំណីអាហារ និងអាហារកកផ្សេងៗទៅតាមទីផ្សារ គឺត្រូវតែបាញ់ថ្នាំសម្លាប់មេរោគលើវត្ថុ និងសម្អាតដៃឲ្យបានត្រឹមត្រូវ ដើម្បីចៀសពីការឆ្លងជំងឺកូវីដ-១៩។ លើសពីនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យពលរដ្ឋទុកដាក់ចំណីអាហារឆៅ និងឆ្អិនឲ្យនៅដាច់ដោយឡែកពីគ្នា និងកុំរក្សាទុកចំណីអាហារច្រើនថ្ងៃពេក៕​

 

Tag:
 ចំណីអាហារ
  ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com