អន្តរជាតិ
លោក ម៉ាក្រុង សួរអ្នកធ្វើបាតុកម្ម៖ តើសេរីភាពមានតម្លៃបែបណា បើអ្នកចម្លងកូវីដ-១៩ ទៅគ្រួសារ?
26, Jul 2021 , 10:10 am        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាទស្សនកិច្ចនៅតំបន់ប៉ូលីនេស៊ីបារាំង។ រូបថត AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាទស្សនកិច្ចនៅតំបន់ប៉ូលីនេស៊ីបារាំង។ រូបថត AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឲ្យប្រជាជនមានការបង្រួបបង្រួមគ្នា និងប្រាប់ឱ្យប្រជាជនទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ លោក អំពាវនាវបែបនេះ បន្ទាប់ពីប្រជាជនបារាំងជាច្រើនម៉ឺននាក់ បានបាតុកម្មប្រឆាំងនឹងសេចក្តីស្នើច្បាប់ទាក់ទិនកម្មវិធីផ្តល់វ៉ាក់សាំង។ លោកប្រធានាធិបតីក៏ចោទសួរថា តើសេរីភាពនឹងមានតម្លៃបែបណា ប្រសិនបើប្រជាជន ចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ?

 
ប្រជាជនបារាំងរាប់ម៉ឺននាក់ បានធ្វើបាតុកម្មនៅទូទាំងប្រទេស ប្រឆាំងនឹងសេចក្តីស្នើច្បាប់មួយ ដែលអនុញ្ញាតឱ្យប្រជាជនទទួលវ៉ាក់សាំងរួចអាចបរិភោគអាហារនៅតាមភោជនីយដ្ឋាន ហើយក្រុមគ្រូពេទ្យទាំងអស់ ចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ការប៉ះទង្គិចរវាងក្រុមបាតុករ និងប៉ូលិស ក៏បានកើតឡើងផងដែរនៅក្នុងទីក្រុងបារីស ដែលធ្វើឱ្យប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹកដាក់ក្រុមបាតុករ។ 
 
ទាក់ទិននឹងបាតុកម្មនេះ ក្នុងអំឡុងទស្សនកិច្ចនៅមន្ទីរពេទ្យមួយ ក្នុងតំបន់កោះប៉ូលីនេស៊ីបារាំងនៅយប់ថ្ងៃទី២៤ ខែកក្កដា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានចោទជាសំណួរទៅកាន់ក្រុមបាតុករនៅទឹកដីបារាំងថា តើសេរីភាពរបស់គេមានតម្លៃបែបនេះ ប្រសិនបើអ្នកទាំងនោះ មិនព្រមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយថែមទាំងចម្លងជំងឺឆ្លងទៅឪពុក និងម្តាយ? ក្នុងន័យនេះ មេដឹកនាំបារាំងរូបនេះ បានសង្កត់ធ្ងន់ថា បាតុកម្មមិនអាចធ្វើឱ្យជំងឺកូវីដ-១៩ បាត់ទៅណាឡើយ ហើយក្រុមបាតុករ មានសេរីភាព ក្នុងការបញ្ចេញមតិដោយស្ងៀមស្ងាត់ និងដោយគោរព។ 
 
«ខ្ញុំអំពាវនាវឱ្យប្រជាជនមានការបង្រួបបង្រួមគ្នា»។ លោក ម៉ាក្រុង បានបន្ថែមបែបនេះ ហើយក៏ឆ្លៀតរិះគន់អ្នកប្រឆាំងកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសដោយគ្មានហេតុផលផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
សេចក្តីស្នើច្បាប់ទាក់ទិននឹងជំងឺកូវីដ-១៩ មួយនេះ ត្រូវបានព្រឹទ្ធសភាអនុម័តរួចហើយ ប៉ុន្តែត្រូវបានកែប្រែចំណុចជាច្រើនពីសេចក្តីស្នើច្បាប់ដែលអនុម័តដោយសភាជាន់ទាប។ ដូចនេះ សេចក្តីស្នើច្បាប់ខាងលើ ត្រូវបានដាក់ទៅគណៈកម្មាធិការរួមមួយរបស់សភាទាំងពីរដើម្បីស្វែងរកលក្ខណៈរួម។ 
 
មកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ របស់បារាំងសរុប បានហក់ឡើងដល់ជិត ៦លានករណី និងអ្នកស្លាប់មានចំនួនជាង ១១ម៉ឺននាក់។ ទន្ទឹមនេះ បារាំងបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនខ្លួនបានចំនួន ៦៩លានដូសហើយ ដោយប្រជាជនចំនួន ២៩,៨លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ៕ 
 

Tag:
 បារាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com