អន្តរជាតិ
លោកពូទីន ៖ ទ័ពជើងទឹករុស្ស៊ីអាចវាយប្រហារសត្រូវភ្លាមៗ មិនថាគោលដៅនៅឯណាឡើយ
26, Jul 2021 , 9:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ត្រួតពលកងនាវាទ័ពជើងទឹកនៅទីក្រុង St Petersburg។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ត្រួតពលកងនាវាទ័ពជើងទឹកនៅទីក្រុង St Petersburg។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
ដោយ៖ ជា ពេជ្រដាឡែន
 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៥ ខែកក្កដា អះអាងថា នាវាចម្បាំងរុស្ស៊ីអាចរកឃើញសត្រូវ និងបើកការវាយប្រហារភ្លាមៗនៅពេលចាំបាច់។ លោក ពូទីន អះអាងបែបនេះក្នុងទិវាទ័ពជើងទឹករុស្ស៊ីដែលប្រារព្ធនៅទីក្រុង St Petersburg ។ លោក ពូទីន ថែមទាំងនិយាយថា គ្មានអ្វីទប់ស្កាត់ការវាយវាយប្រហាររបស់រុស្ស៊ីបានឡើយ។

 
«យើងមានសមត្ថភាពចាប់ដានសត្រូវនៅក្រោមទឹក លើទឹក លើអាកាស ហើយបើស្ថានភាពតម្រូវ អាចវាយប្រហារដែលមិនអាចទប់ទល់បានទៀតផង។» លោក វ៉ា្លឌីមៀ ពូទីន និយាយបែបនេះក្នុងពិធីព្យុហយាត្រានាវាចម្បាំងនាឱកាសទិវាទ័ពជើងទឹកនៅថ្ងៃទី២៥ ខែកក្កដា។ 
 
ទោះមិននិយាយចំឈ្មោះប្រទេសណា មេដឹកនាំរុស្ស៊ី ទំនងជាចង់ផ្ញើសារទៅក្រុមលោកខាងលិចដែលបញ្ជូននាវាចម្បាំងរបស់ខ្លួនចូលសមុទ្រខ្មៅជាញឹកញយដើម្បីគាំទ្រអ៊ុយក្រែន។ ការអធិប្បាយរបស់លោក ពូទីន កើតឡើងប៉ុន្មានសប្ដាហ៍ក្រោយភាពតានតឹងនៅដែនសមុទ្រក្បែរតំបន់គ្រីមេកាលពីមិថុនាកន្លងទៅជាមួយនាវាចម្បាំងអង់គ្លេស។ 
 
កាលណោះ នាវាចម្បាំងអង់គ្លេស HMS Defender ត្រូវបានយោធាជើងទឹករុស្ស៊ីបាញ់ព្រមាន ក្រោយចូលទឹកដីដែលរុស្ស៊ីអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ យន្តហោះរុស្ស៊ី ក៏ទម្លាក់គ្រាប់បែកលើផ្លូវធ្វើដំណើររបស់នាវាអង់គ្លេសក្នុងន័យបង្ខំឱ្យចាកចេញផងដែរ។ ឯអង់គ្លេសអះអាងថា នាវាខ្លួនធ្វើដំណើរក្នុងដែនទឹកអ៊ុយក្រែនស្របតាមច្បាប់អន្តរជាតិ ហើយក៏គ្មានរឿងរុស្ស៊ីបាញ់គំរាមអ្វីដែរ។
 
ជាមួយគ្នានោះ លោក ពូទីន លើកឡើងដែរថា រុស្ស៊ីអាចបាញ់ពន្លិចនាវាពិឃាត HMS Defender របស់អង់គ្លេសបានទៀតផង។ លោកក៏ចោទអាមេរិកថា ក្នុងរឿងនេះ អាមេរិកជាអ្នកបង្កហេតុ។
 
គួររំលឹកថា រុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀជាផ្នែកមួយរបស់ខ្លួនកាលពីឆ្នាំ២០១៤ ។ ប៉ុន្តែ អង់គ្លេស និងប្រទេសផ្សេងៗនៅតែទទួលស្គាល់ឧបទ្វីបជាប់សមុទ្រខ្មៅនេះជាផ្នែកមួយរបស់អ៊ុយក្រែនដដែល៕
 
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com