អន្តរជាតិ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៦នាក់ស្លាប់ ក្រោយការបាក់ដីនិងទឹកជំនន់ក្នុងជំរំភៀសខ្លួននៅបង់ក្លាដែស
28, Jul 2021 , 11:51 am        
រូបភាព
ជនជាតិរ៉ូហ៊ីងយ៉ាកំពុងភៀសខ្លួននាពេលកន្លងមក។ រូបថត Xinhua
ជនជាតិរ៉ូហ៊ីងយ៉ាកំពុងភៀសខ្លួននាពេលកន្លងមក។ រូបថត Xinhua
ដោយ៖ ជា ពេជ្រដាឡែន
 

ជនភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាយ៉ាងហោចណាស់៦នាក់ បានស្លាប់និងមនុស្សមួយចំនួនទៀតបានរង របួស ក្រោយហេតុការណ៍បាក់ដី និងទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងថ្ងៃទី២៧ ខែ កក្កដានៅឯជំរំជនភៀសខ្លួននៅភាគខាងត្បូងបង់ក្លាដែស។ មន្ត្រីបង់ក្លាដែសនិយាយបែបនេះនៅថ្ងៃទី ២៧ ខែកក្កដា។

 
ជនភាគតិចរ៉ូហ៊ីងយ៉ាបានរត់គេចពីការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៧ ហើយទៅរស់នៅ ប្រទេសជិតខាងដូចជាថៃ និងបង់ក្លាដែសជាដើម។ បច្ចុប្បន្ន ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួនជិតមួយ លាននាក់ កំពុងរស់នៅក្នុងជំរំតាមព្រំដែននៃតំបន់ Cox's Bazar របស់បង់ក្លាដែស ដែលជាកន្លែងតាំង ទីលំនៅជនភៀសខ្លួនធំជាងគេបំផុតលើសកលលោក។ ទីតាំងនេះ តែងរងគ្រោះខ្លាំងដោយសារគ្រោះធម្មជាតិ។ 
 
លោក Mohammad Shamsud Douza មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលបង់ក្លាដែស ទទួលបន្ទុក ជនភៀសខ្លួនបាននិយាយនៅថ្ងៃទី២៧ ខែកក្កថា ថា មនុស្ស៥នាក់បានស្លាប់ដោយសារការបាក់ដី និង កុមារម្នាក់ត្រូវបានស្លាប់ដោយសារទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ ជាមួយគ្នានេះ ការិយាល័យ អាកាសធាតុបង់ក្លាដែសបានរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀតសម្រាប់ប៉ុន្មានថ្ងៃខាងមុខនេះ។
 
«ខ្ញុំបានឃើញស្ថានភាពដ៏គួរឱ្យភ័យខ្លាចជាច្រើននៅក្នុងជំរំ»។ លោក Kasim ដែលជាជនភៀសខ្លួន ម្នាក់រស់នៅតំបន់ដែលរងគ្រោះថ្នាក់បាននិយាយបែបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ។ លោក បានបន្ថែមថា ជម្រកស្នាក់នៅរបស់ពួកគេត្រូវបានជន់លិចក្រោមទឹក ហើយស្រ្តីជាម្ដាយនាំកូនៗរបស់ពួកគេដែលកំពុងយំរត់ចេញពីតំបន់គ្រោះថ្នាក់។
 
ចំណែកលោក Onno van Manen នាយកនៃអង្គការ Save the Children ប្រចាំបង់ក្លាដែស បាន លើកឡើងថាកុមារ២នាក់បានស្លាប់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានធ្វើឱ្យដីបាក់ធ្លាក់ទៅលើទី ជម្រករបស់ពួកគេហើយបានកប់ពួកគេនៅពីក្រោម។ លើសពីនោះ ភ្លៀងធ្លាក់ខ្លាំងនេះបានធ្វើឱ្យ ខូចខាតជម្រកស្នាក់នៅបណ្ដោះអាសន្នចំនួនរាប់រយ និងបានបង្ខំឱ្យគ្រួសារជនភៀសខ្លួនទាំងនោះ ស្វែងរកទីកន្លែងស្នាក់នៅនៅតាមវិហារឥស្លាម និងសាលារៀនជាដើម។
 
នៅ Cox’s Bazar ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភាគច្រើនរស់នៅក្នុងជម្រកដែលធ្វើពីឫស្សី និងផ្ទាំងប្លាស្ទិក ដែលដាំជាប់នឹងទីទួលខ្ពស់ៗ។ ទឹកជំនន់នេះរឹតតែធ្វើឱ្យស្ថានភាពរស់នៅរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន ថែមទៀត។ 
 
ជុំវិញរឿងនេះ លោក van Manen អះអាងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅតែជាជនដែលងាយរងគ្រោះ និងជាពិសេសគឺក្រុមកុមារដែលងាយរងគ្រោះថ្នាក់ពីការប្រែប្រួលធម្មជាតិនេះ ហើយជំរំទាំងនេះ មិនមែនជាកន្លែងសម្រាប់កុមាររស់នៅ និងធំធាត់ឡើងនោះទេ។ លោកក៏ស្នើឱ្យសហគមន៍អន្តរជាតិ ចេញមុខរកដំណោះស្រាយបញ្ហាមួយនេះផងដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com