អន្តរជាតិ
មនុស្ស​ដំបូង​ត្រូវ​បាន​រកឃើញ​ថា​មាន​ទោស​ក្រោម​ច្បាប់​សន្ដិសុខ​ជាតិ​ហុងកុង
28, Jul 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ លោក Tong Ying-kit ត្រូវ​បាន​ចោទប្រកាន់​អំពី​បទ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​អំពើ​ភេរវកម្ម​ចំពោះ​ការ​បើក​ម៉ូតូ​របស់​លោក​ចូល​ទៅ​ក្នុង​ហ្វូង​ប៉ូលិស​មួយ​ក្រុម​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​កាន់​ទង់​មួយ​សរសេរ​ពាក្យស្លោក​តវ៉ា​ថា «រំដោះ​ទីក្រុង​ហុងកុង ពេលវេលា​នៃ​បដិវត្តន៍​របស់​យើង»។
រូបឯកសារ៖ លោក Tong Ying-kit ត្រូវ​បាន​ចោទប្រកាន់​អំពី​បទ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​អំពើ​ភេរវកម្ម​ចំពោះ​ការ​បើក​ម៉ូតូ​របស់​លោក​ចូល​ទៅ​ក្នុង​ហ្វូង​ប៉ូលិស​មួយ​ក្រុម​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​កាន់​ទង់​មួយ​សរសេរ​ពាក្យស្លោក​តវ៉ា​ថា «រំដោះ​ទីក្រុង​ហុងកុង ពេលវេលា​នៃ​បដិវត្តន៍​របស់​យើង»។
ដោយ: VOA
ទីក្រុង​ហុងកុង — មនុស្ស​ទី១ដែល​ត្រូវ​ចោទប្រកាន់​ក្រោម​ច្បាប់​សន្ដិសុខ​ជាតិ​ហុងកុង​ត្រូវ​បាន​រកឃើញ​ថា​មាន​ទោស​ពី​បទ​ផ្ដួល​រំលំ​រដ្ឋាភិបាល​និង​អំពើ​ភេរវកម្ម​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សាលក្រម​មួយ​ដែល​ត្រូវ​បាន​គេ​តាមដាន​យ៉ាង​ដិតដល់​អំពី​សូចនាករ​ថា​តើ​ច្បាប់​នេះ​នឹង​ត្រូវ​គេ​អនុវត្ត​យ៉ាង​ដូចម្ដេច ខណៈ​ដែល​ចិន​ក្ដោបក្ដាប់​អំណាច​របស់​ខ្លួន​យ៉ាង​តឹងរ៉ឹង​លើ​ទីក្រុង​ហុងកុង​ដែល​ល្បី​ថា​មាន​សេរីភាព​មួយ​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

 
លោក Tong Ying-kit ត្រូវ​បាន​ចោទប្រកាន់​អំពី​បទ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​អំពើ​ភេរវកម្ម​ចំពោះ​ការ​បើក​ម៉ូតូ​របស់​លោក​ចូល​ទៅ​ក្នុង​ហ្វូង​ប៉ូលិស​មួយ​ក្រុម​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​កាន់​ទង់​មួយ​សរសេរ​ពាក្យស្លោក​តវ៉ា​ថា «រំដោះ​ទីក្រុង​ហុងកុង ពេលវេលា​នៃ​បដិវត្តន៍​របស់​យើង»។
 
អង្គការ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​ចំពោះ​ការ​កាត់ទោស​លើ​រូប​លោក ហើយ​មនុស្ស​ជា​ច្រើន​ទៀត​ប្រឈម​នឹង​ការកាត់ទោស​ស្រដៀង​គ្នា​នេះ ចាប់​តាំង​ពី​មនុស្ស​ជាង១០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ច្បាប់​សន្ដិសុខ​ជាតិ​ហុងកុង​នេះ​មក។ ច្បាប់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​កាន់​តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​អ្នកប្រឆាំង​ក្នុង​ទីក្រុង​ហុងកុង ក្រោយ​ពី​មាន​ការ​តវ៉ា​អស់​រយៈពេល​រាប់​ខែ​ក្នុង​ទីក្រុង​ហុងកុង​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ២០១៩។
 
លោក Tong អាយុ ២៤ ឆ្នាំ​ជាបុគ្គលិក​ភោជនីយដ្ឋាន​ម្នាក់។ លោក​មិន​បាន​សារភាព​ទទួល​ទោស​នោះ​ទេ ដោយ​លោក​អះអាង​ថា ពាក្យ​ស្លោក​នោះ​គឺ​មិនមែន​អំពាវនាវ​ឲ្យ​មាន​ការផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។
 
ឥឡូវ​នេះ​លោក Tong ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​អស់​មួយ​ជីវិត ប៉ុន្តែ​គេ​រំពឹង​ថា ក្រុម​មេធាវី​របស់​លោក​នឹង​ជួយ​តវ៉ា​ឲ្យ​លោក​ទទួល​ទោស​តិច​ជាង​នេះ នៅ​ក្នុង​សវនាការ​កាត់ក្ដី​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។
 
ច្បាប់​សន្ដិសុខ​ជាតិ​ថ្មី​នេះ​មិន​ត្រឹមតែ​នាំ​ឲ្យ​មាន​ការ​ចោទប្រកាន់​លោក Tong ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ច្បាប់​នេះ​ថែមទាំង​មាន​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​សវនាការ​នេះ​ត្រូវ​នេះ​ដំណើរការ​ផង​ដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com