ជាតិ
មគ្គុទេ្ទសក៍នៅអង្គរបន្តឃ្លាតឆ្ងាយពីអាជីព ខណៈកម្ពុជាមិនទាន់បើកទទួលទេសចរអន្តរជាតិ
29, Jul 2021 , 8:59 am        
រូបភាព
ដោយ:
វិបត្តិកូវីដ-១៩ បានច្រានឱ្យមគ្គុទេ្ទសក៍ទេសចរណ៍នៅតំបន់អង្គរ កាន់តែឃ្លាតឆ្ងាយពីអាជីពរបស់ខ្លួន ដោយពួកគេត្រូវបង្ខំចិត្តទៅជាធ្វើការកម្មករសំណង់ ការងារកសិកម្ម និងអ្នកបកប្រែជាដើម។ ការងារថ្មីខុសពីជំនាញនេះ មិនបានកម្រៃច្រើនដូចអាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍នោះទេ។ ស្ថិតក្នុងវិបត្តិនេះ ក៏នៅមានមគ្គុទ្ទេសក៍មួយចំនួន នៅតែទន្ទឹងចាំវត្តមានទេសចរបរទេស នៅតំបន់អង្គរអ៊ូអរដូចដើមដែរ។ ជុំវិញបញ្ហានេះ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានស្នើឱ្យក្រសួង ពិចារណាផ្ដល់ប្រាក់ឧបត្ថម្ភដល់មគ្គុទេ្ទសក៍ ដូចអ្នកផ្ដល់សេវាកម្មក្នុងវិស័យទេសចរណ៍នេះដែរ ដ្បិតមើលឃើញថាផែនការទទួលទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួចនៅត្រីមាសទី៤ឆ្នាំនេះ ហាក់មិនទាន់អាចទៅរួច។

 
ជំងឺកូវីដ-១៩ បានយាយីយ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅកម្ពុជា ពិសេសខេត្តសៀមរាប ។ ជាង១ឆ្នាំមកហើយ ដែលមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ បាត់បង់ប្រាក់ចំណូលព្រោះគ្មានទេសចរអន្តរជាតិ ដើរកម្សាន្តដូចមុន។ ប្រឈមមុខនឹងវិបត្តិនេះ មគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួន ត្រូវបង្ខំចិត្តធ្វើការងារផ្សេងដើម្បីចិញ្ចឹមជីវិត ហើយក៏រង់ចាំការត្រឡប់មកវិញរបស់ភ្ញៀវអន្តរជាតិដែរ ទោះជាការរង់ចាំដោយគ្មានកាលកំណត់ក៏ដោយ។ យ៉ាងណាក៏ដោយ ក្រុមអ្នកមគ្គុទេ្ទសក៍នៅខេត្តសៀមរាប មានសង្ឃឹមតិចតួចណាស់ ថាកម្ពុជាអាចបើកទទួលទេសចរបរទេស ដែលចាក់វ៉ាក់សាំងរួច នៅក្នុងត្រីមាសទី៤ឆ្នាំនេះ ព្រោះកូវីដ-១៩ នៅតែរាតត្បាតខ្លាំងក្លា ក្នុងខេត្តទេសចរណ៍មួយនេះ។
 
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ ដែលមានសមាជិកចំនួន១៦០នាក់ បានថ្លែងប្រាប់សារព័ត៌មាន Thmeythmey25ថា ក្រុមមគ្គុទ្ទេសក៍របស់ខ្លួន បានបែកខ្ញែកគ្នាអស់ហើយ ដើម្បីរកការងារចិញ្ចឹមជីវិតបណ្ដោះអាសន្ន ខណៈអង្គរស្ងាត់ភ្ញៀវទេសចរ។ នៅសល់មគ្គុទ្ទេសក៍ ៥នាក់ប៉ុណ្ណោះ ដែលនៅប្រកបការងារនេះរាល់ថ្ងៃ ដោយចាំភ្ញៀវមុខប្រាសាទអង្គរវត្ត។ បើតាមលោក ខៀវ ធី ក្រុមមគ្គុទេ្ទសក៍ដែលបានទៅធ្វើការងារផ្សេងៗ មាន១០ភាគរយទៅធ្វើការងារសំណង់, ៤០ភាគរយទៅធ្វើកសិកម្ម ហើយក្រៅពីនេះក៏ប្រកបការងារផ្សេងៗទៀត។


លោក ខៀវ ធី​ ប្រធានមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ 

សម្រាប់លោក ខៀវ ធី ការធ្វើការងារ និងប្រកបរបរផ្សេងខុសពីជំនាញ ពិតជាធ្វើឱ្យលោក សោកស្ដាយចំណេះដឹង ទេពកោសល្យ របស់មគ្គុទេ្ទសក៍ទេសចរណ៍នៅតំបន់អង្គរយ៉ាងពន់ពេក ប៉ុន្តែពួកគេមិនមានជម្រើសនៅក្នុងកាលៈទេសៈនេះ។
 
ជុំវិញរឿងនេះ លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅតំបន់អង្គរ ក៏អះអាងដូចគ្នាដែរ។ លោក ទៀ គីឡេង ប្រាប់សារព័ត៌មាន Thmeythmey25ថា  សមាជិកក្នុងសមាគមខ្លួនមួយចំនួន បានងាកទៅធ្វើការតាមក្រុមហ៊ុនចិន, បកប្រែភាសាចិន ធ្វើកសិកម្ម និងអ្នកមួយចំនួនទៀតមិនមានការងារធ្វើនៅឡើយ។
 
ការបើកទទួលទេសចរចាក់វ៉ាក់សាំងកូវីដ-១៩ រួច ជាក្តីសង្ឃឹមតែមួយគត់របស់មគ្គុទេសក៍

សម្រាប់លោក ទៀ គីឡេង ក្តីសង្ឃឹមរបស់ក្រុមមគ្គុទេសក៍ គឺការបើកទទួលភ្ញៀវអន្តរជាតិដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ចូលមកកម្ពុជាក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះ។ លោក ទៀ គីឡេង បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងរង់ចាំឱ្យកូវីដ-១៩ បានធូរស្រាល សង្ឃឹមថាវិស័យទេសចរណ៍នឹងអាចល្អប្រសើរឡើងវិញ។ នៅត្រីមាសទី៤នេះ មានព័ត៌មានថារដ្ឋាភិបាលបើកទទួលភ្ញៀវសាកល្បង ដែលភ្ញៀវអន្តរជាតិដែលចាក់វ៉ាក់សាំងរួច អាចមកទស្សនានៅខេត្តសៀមរាប។ យើងរង់ចាំមើលស្ថានភាពជាក់ស្ដែងថា បើកទទួលភ្ញៀវ អាចមានអ្នកមកទេ ព្រោះខេត្តសៀមរាបមានការរីករាលដាលជំងឺកូវីដ-១៩ ខ្លាំងក្នុងពេលបច្ចុប្បន្ន»។
 
លោក ខៀវ ធី ក៏យល់ស្របនឹងគំនិតនេះដែរ។ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ គូសបញ្ជាក់ថា ដ្បិតមានសង្ឃឹមតិច ជុំវិញការទទួលភ្ញៀវអន្តរជាតិក្នុងត្រីមាសទី៤នេះ តែនេះ ជាក្ដីសង្ឃឹមតែមួយគត់របស់មគ្គុទេ្ទសក៍ទេសចរណ៍ ខណៈដែលមានភ្ញៀវខ្មែរតិចតួចណាស់ ដែលជួលមគ្គុទ្ទេសក៍ទេសចរណ៍ ពេលទៅលេងប្រាសាទនានាក្នុងតំបន់អង្គរ។ «ពួកគាត់(មគ្គុទ្ទេសក៍) ស្ទើរ១០០ភាគរយ នឹងត្រឡប់មកធ្វើមគ្គុទេសក៍វិញ ព្រោះការងារផ្សេង ពួកគាត់គ្រាន់តែធ្វើ ដើម្បីចិញ្ចឹមជីវិតបណ្ដោះអាសន្នប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០២១នេះ យើងមិនសូវសង្ឃឹមថា មានភ្ញៀវអន្តរជាតិមកទេ។ បើអាចមកប្រហែលចុងឆ្នាំ២០២២អី ព្រោះកូវីដឆ្លងរាល់ថ្ងៃ។ យើងសង្ឃឹមតិចតួចប៉ុណ្ណោះថា អាចមានភ្ញៀវចុងឆ្នាំនេះ»។ នេះជាការលើកឡើងរបស់លោក ខៀវ ធី។
 
ប្រធានសមាគមរូបនេះ អះអាងទៀតថាទោះបីការសង្ឃឹមថា អាចរកចំណូលពីភ្ញៀវអន្តរជាតិមានតិច ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍នៅអង្គរ នឹងមិនបោះបង់ការងារនេះចោលដាច់ខាត បើសិនពួកគាត់នៅតែមានកម្លាំងអាចទទួលភ្ញៀវបាន។ លោករៀបរាប់បន្ថែមដូច្នេះថា៖ «អ្នកធ្វើមគ្គុទ្ទេសក៍ សុទ្ធតែជាអ្នកស្រឡាញ់វប្បធម៌ បេតិកភណ្ឌ និងមានចំណេះដឹងភាសា ដូច្នេះគាត់ចង់ផ្សព្វផ្សាយទៅកាន់ទេសចរបរទេសផង ទើបគាត់មិនបោះបង់ការងារនេះ»។ 


លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន 

ជុំវិញបើកទទួលទេសចរវិញ លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងថារាជរដា្ឋភិបាលគួរតែប្រកាសបើកទទួលភ្ញៀវអន្តរជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២១នេះ បើទោះបីអាចមានភ្ញៀវតិចតួចមកក្ដី។ សម្រាប់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ការបើកទទួលភ្ញៀវនេះ គឺជាការប្រកាសប្រាប់ពិភពលោកថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ។ ម្យ៉ាងទៀត បើគ្មានទេសចរអន្តរជាតិ ជីវភាពមគ្គុទេ្ទសក៍ទេសចរណ៍នឹងកាន់តែលំបាក។
 
ជាមួយគ្នានេះ លោកស្រី ឆាយ សៀវលីន ក៏ទទូចឱ្យក្រសួងទេសចរណ៍ ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកប្រកបអាជីពជាមគ្គុទេសក៍ទេសចរណ៍ផងដែរ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ។ «មគ្គុទេ្ទសក៍ទេសចរ គួរតែត្រូវបានលើកទឹកចិត្ត ដោយផ្ដល់ប្រាក់ឧបត្ថម្ភដូចអ្នកផ្សេងដែរ ព្រោះពួកគាត់មានតួនាទីសំខាន់ ក្នុងវិស័យទេសចរ។ បើមានភ្ញៀវហើយ អត់ពួកគាត់ ក៏វិស័យទេសចរណ៍មិនអាចដំណើរការទៅបានដែរ។ មួយវិញទៀតទោះពួកគាត់ខ្លួនឯង មិនបានបង់ពន្ធមែន តែក្រុមហ៊ុនមគ្គុទេ្ទសក៍ គឺបានបង់ពន្ធរួចហើយ»។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ សៀវលីន។ 
 

 លោកស្រី ឆាយ សៀវលីន ប្រធានមសាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ រូបភាពពីទំព័រហ្វេសប៊ុករបស់លោកស្រី។

តបនឹងសំណើនេះ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ អះអាងប្រាប់សារព័ត៌មានThmeythmey25ថា រដ្ឋាភិបាលមិនមានគម្រោងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់អ្នកប្រកបអាជីពមគ្គុទ្ទេសក៍ទេសចរណ៍ ដូចបុគ្គលិកសណ្ឋាគារ និងអាហារដ្ឋាននោះទេ។ ប៉ុន្តែក្រសួង បានជួយសម្រួលការលំបាកដល់ពួកគេ ដោយការមិនតម្រូវឱ្យមគ្គុទេ្ទសក៍ទេសចរណ៍ បង់ប្រាក់ដើម្បីបន្តអាជ្ញាបណ្ណ។ លើសពីនេះក្រសួងទេសចរណ៍ នឹងបន្តផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ពួកគាត់ ក្នុងដំណាក់កាលនេះដើម្បីថែរក្សាជំនាញនាំភ្ញៀវរបស់ពួកគាត់។ លោក តុប សុភ័ក បញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនមានប្រាក់ឧបត្ថម្ភដល់មគ្គុទ្ទេសក៍ទេ តែក្រសួងទេសចរណ៍ លើកលែងការបង់ប្រាក់សម្រាប់បន្តអាជ្ញាប័ណ្ណរបស់ពួកគាត់។ នេះជាការសម្រាលការលំបាកមួយ របស់មគ្គុទេ្ទសក៍ទេសចរ»។
 
អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ មិនបារម្ភពីការកង្វះធនធានផ្នែកមគ្គុទេ្ទសក៍ទេសចរណ៍នោះទេ នៅពេលស្ថានភាពកូវីដ-១៩ ធូរស្រាលព្រោះលោកជឿជាក់ថាពួកគេ នឹងត្រឡប់មកប្រកបការងារពួកគេវិញ នៅពេលក្រសួងទេសចរណ៍ បើកទទួលទេសចរអន្តរជាតិ បើទោះបីបច្ចុប្បន្នគាត់ធ្វើការងារផ្សេងក្ដី។ លោក តុប សុភ័ក អះអាងប្រាប់សារព័ត៌មាន Thmeythmey25ដូច្នេះ។
 
សូមជម្រាបថា ក្នុងរយៈពេល ៥ឆ្នាំដើមឆ្នាំ២០២១នេះ មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ដែលភាគច្រើនជាអ្នកជំនួញ អ្នកវិនិយោគ៕
 
 
 
 

Tag:
 ThmeyThmey25
  មគ្គុទ្ទេសក៍
 ទេសចរណ៍
  សៀមរាប
  ខៀវ ធី
  ទៀ គីឡេង
  ឆាយ សៀវលីន
  តុប សុភ័ក
© រក្សាសិទ្ធិដោយ thmeythmey.com