COVID-19
ជាតិ
បិទខ្ទប់ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ
28, Jul 2021 , 9:55 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបិទខ្ទប់ខេត្តចំនួន៨ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១១ និង៥៩នាទីយប់ ថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី១២ សីហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។ ខេត្តទាំង៨នោះ រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ នេះបើតាមសេចក្តីសម្រេចរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់ថ្ងៃទី២៨ កក្កដានេះ។



សម្ដេច ហ៊ុន សែន បានបញ្ជាក់​ក្នុង​សេចក្តី​ស​ម្រ​ច​ថា ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​ទាំងនេះ អាច​ត្រូវបាន​បែង​ចែកជា​«​តំបន់​ក្រហម​» និង​/​ឬ​«​តំបន់​លឿងទុំ​» និង​/​ឬ​«​តំបន់​លឿង​» អាស្រ័យ​តាម​កម្រិត​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់​នីមួយៗ​។​
 
«​ការកំណត់​ភូមិសាស្ត្រ​ណាមួយ​ក្នុង​តំបន់​បិទ​ខ្ទប់​ជា​តំបន់​ក្រហម​» និង​/​ឬ​«​តំបន់​លឿងទុំ​» និង​/​ឬ​«​តំបន់​លឿង​» ត្រូវធ្វើឡើង​ដោយ​សេចក្តីសម្រេច​របស់​អភិបាល​នៃ​គណៈ​អភិបាលខេត្ត នៃ​ខេត្ត​ដែល​ត្រូវបាន​បិទ​ខ្ទប់​»​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​។​

តំបន់​ក្រហម សំដៅលើ​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​ ចំណែកតំបន់​លឿងទុំ សំដៅលើ​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​កម្រិត​មធ្យម​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​ រីឯ​តំបន់​លឿង សំដៅលើ​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​រាលដាល​កម្រិត​ស្រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​
 
​ចំពោះ​ខេត្ត​ដែល​ត្រូវ​បិទ​ខ្ទប់​នេះ គឺអាច​ដាក់ចេញ​វិធានការ​ហាមឃាត់ ឬ​រឹតត្បិត​ជាអាទិ៍ ទាក់ទង​នឹង​ការធ្វើដំណើរ​ក្នុងភូមិ​សាស្ត្រ​បិទ​ខ្ទប់ ឬ​ការចេញ​-​ចូល​ឆ្លងកាត់​ព្រំប្រទល់​ភូមិសាស្ត្រ​ខេត្ត​បិទ​ខ្ទប់​។ មិនតែប៉ុណ្ណោះ​អភិបាលខេត្ត ក៏​អាច​ហាមឃាត់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម និង​ចេញ​បម្រាម​គោចរ ស្របតាម​អនុក្រឹត្យ​ស្តីពី​វិធានការ​រដ្ឋបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង ចុះ​ថ្ងៃទី​៣១ មីនា ២០២១ រួមទាំង​សេចក្តីណែនាំ​ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចុះ​ថ្ងៃទី​៤ ឧសភា ២០២១​។​ នេះបើតាមសម្ដេច ហ៊ុន សែន។

បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន ក៏​ប្រាប់​ឱ្យ​អភិបាលខេត្ត​ទាំង​៧ ដែល​ត្រូវ​បិទ​នេះ អាច​ប្រើប្រាស់​នូវ​វិធានការ​លម្អិត ដែល​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ក្នុង​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល ចុះ​ថ្ងៃទី​២៦ មេសា​កន្លងមក​ដែរ​។​
 
«​សកម្មភាព​ផ្នែក​ប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​វិស័យ​អាកាសចរណ៍​ស៊ីវិល នៅក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ជាធម្មតា ដោយ​រួមទាំង​ការធ្វើដំណើរ​ពាក់ព័ន្ធ​នឹង​វិស័យនេះ​»​។ នេះ​ជាការ​បញ្ជា​ក់រប​សា់​លោកនាយក​រដ្ឋមន្ត្រី ដែល​បាន​ប្រាប់​ឱ្យ​អភិបាលខេត្ត​បិទ​ខ្ទប់ សហការ​ជាមួយ​អភិបាលខេត្ត​ជាប់​ព្រំប្រទល់​គ្នា ដើម្បី​គ្រប់គ្រង​ការចេញ​-​ចូល​ទៅវិញទៅមក និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​
 
​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឱ្យ​ក្រសួង​កាបរទេស ទាក់ទង​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​បិទ​ព្រំដែន​ជាប​ណ្ឌោះ​អាសន្ន សម្រាប់​អ្នកធ្វើដំណើរ​ចេញ​-​ចូល លើកលែងតែ​ករណី​ដឹកជញ្ជូន​ទំនិញ និង​ករណី​ពិសេស​ដែលមាន​ការអនុញ្ញាត​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាអាទិ៍ ករណី​សង្គ្រោះបន្ទាន់​ជាដើម​។​
 
​លើសពីនេះ​ទៀត ក្រសួងការបរទេស និង​ក្រសួង​ការងារ​កម្ពុជា ត្រូវ​សហការគ្នា​ផ្សព្វផ្សាយ​ពី​វិធាន​ការបិទ​ខ្ទប់ សម្រាប់​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ព្រមទាំង​ស​ម្រ​សម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ឱ្យគេ​ជួយ​គាំពារ​ពលករ​ខ្មែរ​នៅ​ថៃ  និង​សម្រួល​ឱ្យ​ពួកគេ​ត្រឡប់មក​មាតុភូមិ​វិញ ឬ​ពន្យា​ពេល​នៃ​ការវិល​ត្រឡប់មកវិញ រហូតដល់​ការបិទ​ខ្ទប់​ត្រូវ​បានបញ្ចប់​។ នេះ​ជាការ​បន្ថែម​ប្រមុខ​រដ្ឋាភិបាល​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com